ចេនីហ្វ៊ (Jennifer) អាយុ ២៨ ឆ្នាំ ជាជនជាតិកាណា សញ្ជាតិដើមវៀតណាម ត្រូវបានតុលាការខែត្រ អនតារីអូ (Ontario)នៃប្រទេសកាណាដា កាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទ បានរៀបចំគម្រោងនិងធ្វើសកម្មភាពសម្លាប់ឪពុកម្តាយរបស់ខ្លួន ដោយមានការចូលរួមពីជនជាប់ចោទចំនួន៤ អ្នកទៀត។
កាលពីចុង ឆ្នាំ ២០១០ ចេនីហ្វ៊ បានរៀបគម្រោងធ្វើជាចោរប្លន់ចូលក្នុងផ្ទះរបស់ខ្លួន ជាមួយបក្សពួកចំនួន៤នាក់ទៀត ដើម្បីសម្លាប់ឪពុកម្តាយរបស់ខ្លួន ហើយបានបាញ់សម្លាប់ លោកស្រី ហ្វូហាន ផេន ជាម្តាយ ចំនួន បីគ្រាប់ និង បាញ់ ឳពុក ឈ្មោះ លោក បីច ហា( Bich Ha) ឲ្យរបួសធ្ងន់នៅនឹងកន្លែង។ យុវតីវ័យ ២៨ឆ្នាំនេះបាននិយាយថា៖ «ខ្ញុំព្យាយាមស្រមើរស្រមៃថាខ្លួនឯងជាមនុស្សថ្មីម្នាក់ ទៀត ខ្ញុំមិនចូលចិត្តខ្លួនឯងទេ។ ខួរក្បាលរបស់ខ្ញុំប្រាប់ខ្ញុំថា ប្រសិនបើខ្ញុំមិនធ្វើដូច្នោះទេ ខ្ញុំនឹងបាត់បង់អ្វីៗទាំងអស់»។
ចេនីហ្វ៊ ផេន គឺជាកូនស្រីច្បងក្នុងគ្រួសារ។ នាងមានប្អូនប្រុសម្នាក់ឈ្មោះ ហ្វីលីច ផេន( Felix Pan)។ គ្រួសាររបស់នាងបានភៀសខ្លួនពីប្រទេសវៀតណាមមករស់នៅក្នុងខ័ណ្ឌ ស្គារប៊ូរុហ្វ៊ (Scarborough) ក្រុង តូរ៉ុនតូ Toronto ប្រទេសកាណាដាតំាងពីឆ្នាំ ១៩៧៩ ក្នុងនាមជាអ្នកភៀសខ្លួនផ្នែកនយោបាយ។ កាលពីកុមារភាព ចេនីហ្វ៊ គឺជាសិស្សពូកែនៅបឋមសិក្សាដែលធ្លាប់តែធ្វើឲ្យគ្រួសាររបស់នាង មានមោទនភាពទៅលើរូបនាង ដោយគិតថាមានកូនល្អនិងជាសិស្សពូកែ។ ប៉ុន្តែ ក្រោយមកបែរជាបង្កើតនូវកំហុសឆ្គងជាច្រើនរហូតដល់ថ្នាក់រួមគំនិត ជាមួយមិត្តប្រុស ហើយជួលឃាតករសម្លាប់ឪពុកម្តាយរបស់ខ្លួន។
នាង ចេនីហ្វ៊ បានចាប់ផ្តើមចេះកុហកបន្ទាប់ពីនាងបរាជ័យក្នុងការប្រកួតស្គី ក្នុងឆ្នាំ ២០១០ និង ការទទួលលទ្ឋផលសិក្សាមិនល្អពេលរៀនថា្នក់ទី៩។ នាងបានលាក់បាំងនូវទុក្ខសោក និងសម្ពាធនៃសិក្សារបស់នាងពីឪពុកម្តាយ។ ចេនីហ្វ៊ បានប្រើនូវរបាយការណ៏ចាស់ៗ ហើយជួលឲ្យគេក្លែងបន្លំនូវលិខិតស្នាមជាច្រើនក្នុងរូបភាព ជាការប្រលងជាប់វិទ្យាល័យ ការទទួលបានអាហាររូបករណ៏នៅមហាវិទ្យាល័យ តូរ៉ុនតូ ផ្នែកឪសថវិទ្យា ក្នុងគោលបំណង ចង់ឲ្យឪពុកមា្តយនៅតែបន្តជឿថា នាងនៅតែជាកូនស្រីដ៏ល្អម្នាក់។
នៅថ្ងៃទទួលសញ្ញាប័ត្រ ចេនីហ្វ៊ បានប្រាប់ម្តាយឪពុកខ្លួនឯងថា សំបុត្រចូលរួមត្រូវបានលក់អស់។ ចាប់ពីពេលនោះមក ម្តាយឪពុករបស់នាងក៏ចាប់ផ្តើមសង្ស័យ ហើយដឹងនូវការពិតទាំងអស់។ គ្រួសាររបស់ចេនីហ្វ៊ បានឃុំនាងនៅក្នុងផ្ទះដោយដកហូតនូវទូរស័ព្ទដៃ កំព្យូទ័រ និងហាមមិនឲ្យនាងចូលរួមពីធីជប់លៀងទាំងឡាយ សូម្បីតែការណាត់ជួបជាមួយមិត្តភក្តិ ឬសង្សាររបស់នាង។
ដោយឪពុក តែងតែមានការរំពឹងខ្ពស់ចំពោះកូន ដូច្នោះហើយក៏ដាក់សម្ពាធ និងហាមប្រាមកូនមិនឲ្យមានទំនាក់ទនងជាមួយមជ្ឈដ្ឋានខាងក្រៅ។ ការធ្វើបែបនេះ បណ្តាលឲ្យនាងចេនីហ្វ៊ មានគំនិតរៀបចំផែនការសម្លាប់ឪពុកម្តាយរបស់ខ្លួន ដោយការបន្លំធ្វើជាចោរប្លន់ចូលក្នុងផ្ទះ។ លទ្ធផលនៃសោកនាដកម្មនេះ បានធ្វើឲ្យ លោកស្រី ហ្វូហាន ផេន ដែលជាម្តាយត្រូវបានស្លាប់ ហើយ លោក បីច ហា ដែលជាឪពុក ត្រូវបានរងរបួសជាទម្ងន់។
លោក បីច ហា បានសរសេរនៅលើក្រដាសជនរងគ្រោះថា៖ «នៅពេលដែលខ្ញុំបាត់បង់ប្រពន្ធរបស់ខ្ញុំ នោះក៏ជាពេលដែលខ្ញុំបាត់បង់កូនស្រីរបស់ខ្ញុំដែរ… ខ្ញុំសង្ឃឹមថា នាងគិតពីអ្វីដែលកើតឡើងលើគ្រួសាររបស់យើង ហើយអាចធ្វើជាមនុស្សល្អវិញនៅថ្ងៃណាមួយ»។
សូមបញ្ជាក់ថា ក្រោយសោកនាដកម្មនេះ ប៉ូលីស មានមន្ទិលសង្ស័យជាខ្លាំង ដោយបានកោះហៅ ចេនីហ្វ៊ រហូតដល់ទៅបួនលើក ទើបការពិតនៃរឿងទាំងមូលត្រូវបានគាស់កកាយនៅឆ្នាំ២០១៤។ ចេនីហ្វ៊ និងមិត្រប្រុសរបស់នាងឈ្មោះ ដានីញេល វុង (Daniel Wong) បានជួលឧក្រិដ្ឋជន៣នាក់ទៀតរួមមាន លេនហ្វ៊ត ខ្រោវហ្វ៊ត (Lenford Crawford) ដេវីត មីលេងហ្គានា (David Mylvaganam) ដែលត្រូវជាប់ទោសមួយជីវិតដូចគ្នា ចំនែកឯជនជាប់ចោទម្នាក់ទៀតឈ្មោះ អីរីក ខាធី (Eric Carty) នឹងត្រូវកាត់ក្តីនៅដើមឆ្នាំក្រោយ។
ប្រភព៖ Washingtonpost & Toranto Life Magazine