en     km
en     km

បទ​វិភាគ​៖ តើ​ធ្វើ​យ៉ាង​ណា ដើម្បី​ពង្រឹង​គុណ​ភាព​អប់​រំ​ក្នុង​ប្រទេស​កម្ពុជា​បាន?

Share

សំឡេង៖

ភ្នំ​ពេញ​៖ ​គុណ​ភាព​អប់​រំ​នៅ​កម្ពុជា​នៅ​តែ​​ធ្លាក់​​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​​។ ​ការ​ធ្លាក់​ចុះ​គុណ​ភាព​អប់​រំ​នេះ​ ​ត្រូវ​បាន​គេ​គិ​តថា​ បណ្ដាល​មក​ពី​មូល​ហេតុ​ជា​ច្រើន​ដូច​ជា ​ទីមួយ៖ ​សមត្ថ​ភាព​គ្រូ​បង្រៀន​​នៅ​មានកំណត់ ​ទាំង​កម្រិត​ជំនាញ ​ចំណេះ​ដឹង​ទូទៅ​ និង​​វិធី​សាស្ត្រ​បង្រៀន​។​​ ចំណែក​ឯ​សីល​ធម៌​វិជ្ជាជីវៈ​និង​មន​សិការ​ការងារ​ក៏​នៅ​មាន​កម្រិត​ដែរ​។ ​ទីពីរ​៖ ​ជីវ​ភាព​គ្រូ​បង្រៀន​ ឬ​ប្រាក់​ខែ​គ្រូ​បង្រៀន​នៅ​មាន​កម្រិត​ទាប​ដែល​មិន​អាច​ទ្រ​ទ្រង់​ជីវ​ភាព​បាន​។ ទីបី​៖ ​កម្ម​វិធី​សិក្សា​ សៀវភៅ​សិក្សា​គោល​ សម្ភារៈ​ឧបទេស​ ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ធន​ធាន​ដទៃ​ទៀត​សម្រាប់​បម្រើ​វិស័យ​អប់រំ​ ក៏​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ជាក់​ស្ដែង​ដែរ​។ ទីបួន៖​ កញ្ចប់​ថវិកា​សម្រាប់​ទ្រ​ទ្រង់​វិស័យ​អប់​រំ​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ​ ដែល​មិន​អាច​ឆ្លើយ​តប​នឹង​កំណែ​ទម្រង់​វិស័យ​អប់​រំ​ ឬ​ការ​លើក​កម្ពស់​គុណ​ភាព​អប់រំ​បាន​ឡើយ​។ ​ក្រៅ​ពី​នេះ ​វា​អាច​មាន​កត្តា​រួម​ផ្សំ​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឱ្យ​គុណ​ភាព​អប់រំ​ធ្លាក់​ចុះ​។ ​

ជា​ការ​ឆ្លើយ​តប​នឹង​ការ​ធ្លាក់​ចុះ​នៃ​គុណ​​ភាព​អប់រំ​នេះ​ លោក ​ហង់ ​ជួន​ណា​រ៉ុន ​បាន​ចាប់​ផ្ដើម​ចាត់​វិធាន​កា​រជា​បន្ត​បន្ទាប់​ ចាប់​តាំង​ពី​ពេល​ដែល​លោក​បាន​ឡើង​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​​យុវជន​និង​កីឡា​​។ ​ចំណាត់​ការ​ដំបូង​បំផុត​ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នោះ ​គឺ​ការ​រឹត​បន្តឹង​ការ​ប្រលង​សញ្ញា​បត្រ​មធ្យមសិក្សា​ទុតិ​យ​ភូមិ​​នៅ​ឆ្នាំ​ ​២០១៤​។​ ពេល​នោះ ​បេក្ខ​ជន​ដែល​បាន​ប្រលង​ជាប់​លើក​ទី​មួយ​មាន​ត្រឹម​តែ​ប្រមាណ ​​២០ ​%​ ​តែ​ប៉ុណ្ណោះ​។​ លទ្ធ​ផល​នេះ​ បាន​ធ្វើ​ឱ្យ​មាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ពី​សង្គម​ខ្មែរ​ទាំង​មូល​​ទៅ​តាម​ការ​យល់​ឃើញ​រៀងៗ​ខ្លួន​ ​​មាន​ទាំង​វិជ្ជា​មាន​និង​អវិជ្ជ​មាន​។​

អនុរក្ស កំពុងត្រួតពិនិត្យ សិស្សានុសិស្សមុនចូលប្រលងក្នុងមណ្ឌលរាជធានីភ្នំពេញ
អនុរក្ស កំពុងត្រួតពិនិត្យ សិស្សានុសិស្សមុនចូលប្រលងក្នុងមណ្ឌលរាជធានីភ្នំពេញនាពេលកន្លងទៅ

​ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ ​ក៏លទ្ធ​ផល​នេះ​ ​វា​ជា​ម៉ែត្រ​វាស់​​ឬ​ស្នូរ​ជួង​មួយ​សម្រាប់​ដាស់​សតិ​ឱ្យ​សង្គម​ខ្មែរ​ដឹង​ថា​ កម្រិត​យល់​ដឹង​របស់​កូន​ខ្មែរ​ដែល​បាន​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​ក្នុង​គ្រឹះ​ស្ថាន​អប់រំ​សាធា​រណៈ​ នៅ​មាន​កម្រិត​ទាប​ណាស់​។ ​ទី​បំផុត​ ក្រោយ​ពី​មាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ពី​សង្គម​នៅ​ពេល​នោះ​ រដ្ឋា​ភិបាល​បាន​សម្រេ​ចិត្ត​ឱ្យ​មាន​ការ​ប្រលង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិ​យ​ភូមិ​ជា​លើក​ទី​ពីរ​។ ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ក៏​ការ​ការ​ប្រលង​លើក​ទីពីរ​នេះ​មិន​មាន​អ្នក​ជាប់​ច្រើន​ដែរ​។​

​ក្នុង​ឆ្នាំ ​២០១៥ ​​នេះ ​ក្រសួង​អបរំ​យុវជន​និង​កីឡា​ ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ​ការ​ប្រលង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិ​យ​ភូមិ​ នឹង​ត្រូវ​បន្ត​រឹត​បន្តឹង​ ហើយ​បាន​អះ​អា​ង​ថា​​នឹង​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​ឆ្នាំ​មុន​ទៅ​ទៀត​ ដើ​ម្បី​បង្កើន​គុណ​ភាព​អប់​រំ​។ ​ដើម្បី​សម្រេច​បំណង​នេះ​​ ​ក្រសួង​អប់រំ​ នឹង​រឹត​បន្តឹង​អ្នក​ពាក់​ព័ន្ធ​​មាន​ដូច​ជា ​​បេក្ខ​ជន​ អនុរក្ស​ ​គណៈ​កម្ម​ការ​ចេញ​វិញ្ញា​សា​រ​ ​គណៈ​កម្ម​ការ​កំណែ​ គណៈ​កម្ម​ការ​ប្រកាស​លទ្ធ​ផល​ ​និង​ផ្នែក​ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត​។ ​អ្នក​ណា​ដែល​ប្រឆាំង​នឹង​គោល​ការណ៍​​និង​បទ​បញ្ជា​ពាក់​ព័ន្ធ​ក្នុង​ការ​ប្រលង​នេះ​ នឹង​ត្រូវ​ទទួល​ការ​ពិន័យ​ ​ឬ ​ផ្ដន្ទា​ទោស​តាម​ច្បាប់​របស់​​រដ្ឋ​។ ​

ក្នុង​នា​មអ្នក​តាម​​ដាន​និង​អ្នក​វិភាគ​សង្គម​ យើង​សូម​សម្ដែង​កា​រកោត​សរសើរ​និង​គាំ​ទ្រ​ចំពោះ​ចំណាត់​ការ​ថ្មី​របស់​លោក​រដ្ឋ​មន្ត្រី​ ក្នុង​ការ​ធ្វើ​កំណែ​​ទម្រង់​វិស័យ​អប់រំ​នេះ ​ពី​ព្រោះ​ប្រសិន​បើ​យើង​មិន​ចាប់​ផ្ដើ​មធ្វើ​ទេ​ គុណ​ភាព​អប់​រំ​របស់​យើង​នឹង​បន្ត​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ដែល​ពិបាក​នឹង​ស្ដារ​ឡើង​វិញ​។ ​ជាពិសេស ​ខណៈ​ដែល​កម្ពុជា​​កំពុង​​ត្រៀម​ខ្លួ​នធ្វើ​សមា​ហរ​កម្ម​ជា​មួយ​ប្រទេស​ជា​សមា​ជិក​អាស៊ាន​ និង​ប្រទេស​នានា​លើ​ពិភព​លោក​ កំណែ​ទម្រង់​​វិស័យ​អប់រំ​ ឬ ​ការ​លើក​កម្ពស់​គុណ​ភាព​អប់​រំ​​​រឹត​​តែ​មាន​ភាព​ចាំ​បាច់​ថែម​ទៀត​។​

​ប៉ុន្តែ ​ខ្ញុំ​គិត​ថា ​ការ​ធ្វើ​កំណែ​ទម្រង់​តែ​ទៅ​លើ​ការ​ប្រលង​មួយ​មុខ​ ​មិន​ទាន់​ជា​មូល​ដ្ឋាន​គ្រប់​គ្រាន់​និង​រឹង​មាំ​ ដែល​អាច​ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​វិស័យ​អប់រំ​ទាំង​មូល​ ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ ត្រូវ​បាន​វាយ​ប្រហា​រ​ដោយ​អំពើ​ពុក​រលួយ​និង​ទម្លាប់​អាក្រក់​ ដែល​បាន​ធ្វើ​ឱ្យ​កេរ្ដិ៍​ឈ្មោះ​របស់​ក្រសួង​អប់​រំ​ស្ទើ​តែ​ធ្លាក់​ដល់​កម្រិត​សូន្យ​នា​ពេល​កន្លង​មក​នោះ​បាន​ទេ​។​

ខ្ញុំ​គិត​ថា ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​វិស័យ​អប់រំទាំង​មូល​ត្រូវ​តែ​ធ្វើ​ជា​កញ្ចប់​ ​ពោល​គឺ​រាប់​ចាប់​ពី​ការ​កំណត់​គោល​នយោ​បាយ​អប់រំ​ ការ​កំណត់​ទស្សន​វិជ្ជា​អប់រំ​ ឬ​ ​គោល​ដៅ​អប់រំ​​ ការ​កំណត់​វិទ្យា​សាស្ត្រ​អប់រំ​​ ការ​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​ និង​មន្ត្រី​អប់រំ​ឱ្យ​បាន​សម​ស្រប​​ ការ​ពង្រឹង​ច្បាប់​ និង​សីល​ធម៌​ក្នុង​វិស័យ​អប់​រំ​ ការ​ពង្រឹង​សមត្ថ​ភាព​និង​សីល​ធម៌​របស់​គ្រូ​បង្រៀន​និង​មន្ត្រី​អប់​រំ​​ ការ​ត្រួត​ពិនិត្យ​និង​វាយ​តម្លៃ​ការ​បណ្ដុះ​បណ្ដាល​របស់​គ្រឹះ​ស្ថាន​អប់រំ​នីមួយ​ៗ​ទាំង​រដ្ឋ​និង​ឯក​ជន​។​ល​។​ លើស​ពី​នេះ​ទៅ​ទៀត​ កំណែ​ទម្រង់​វិស័យ​អប់​រំ​ត្រូវ​មាន​ការ​ចូល​រួម​ពី​អ្នក​ដឹក​នាំ​ អ្នក​គ្រប់​គ្រង​​ ​គ្រូ​បង្រៀន​ សិស្ស​ និស្សិត​​ សា​ធារ​ណ​ជន​ ក៏​ដូច​ជា​​ ​សង្គម​ស៊ី​វិល​និង​វិស័យ​ឯក​ជន​ផង​ដែ​រ​។​

លើស​ពីនេះ​ទៀត ​ត្រូ​វ​មាន​ការ​ស្រាវ​ជ្រាវ​បែប​វិទ្យា​សាស្ត្រ​មួយ​ ដើម្បី​ស្វែង​យល់​ពី​ចំណុច​ខ្វះ​ខាត​​ឬ​កំហុស​ឆ្គង​ដែល​មាន​កន្លង​មក ​ដើម្បី​កែ​ប្រែ​ និង​ត្រូវ​មាន​ការ​ផ្ដល់​ការ​គាំ​ទ្រ​ខាង​ហិ​រញ្ញ​វត្ថុ​ ធន​ធាន​មនុស្ស​ និង​សម្ភា​រៈ​ចាំ​បាច់​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​នេះ​។ ​ជា​មួយ​គ្នា​នេះ​ដែរ​ ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​​និង​ការ​លើក​កម្ពស់​ជីវ​ភាព​ប្រជា​ពល​រដ្ឋ​ ក៏​ដូច​ជា ​សិស្សា​នុ​សិស្ស​​ ​ក៏​ជា​បញ្ហា​សំខាន់​ដែរ​ ទោះ​បី​ជា​វាមិ​ន​មែន​ជា​កាត​ព្វ​កិច្ច​របស់​ក្រសួង​អប់​រំ​ក៏​ដោយ​។ បើ​មិន​ដូច្នោះ​ទេ ​កំណែ​ទម្រង់​វិស័យ​អប់​រំ​ឬ​ការ​ពង្រឹង​គុណ​ភាព​អប់រំ​ មិន​អាច​រីក​ចម្រើន​ទៅ​បាន​ឡើយ​៕​

Share

ព័ត៌មានទាក់ទង

Image