en     km
en     km

ក្រុម​សង្គម​ស៊ី​វិល​ ជិត​៥០​ស្នើ​ឱ្យ​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​បំភ្លឺ​ពី​ការ​នាំ​ខ្សាច់​ចេញ (មានសំឡេង)

Share

ភ្នំពេញ៖ ​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ៤៧​ បាន​បង្ហាញ​លិខិត​ចំហ​ចុះ​ថ្ងៃ​ទី​ ៣១​ ខែតុលា​ ឆ្នាំ​២០១៦​ ដាក់​ជូន​ទៅ​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​លោក​ ស៊ុ​យ​ សែ​ម​ អំពី​ការ​ នាំ​ខ្សាច់​ចេញពី​កម្ពុជា​ទៅ​សិង្ហ​បុរី​។​ អ្នកនាំពាក្យ​ ក្រសួង​ រ៉ែ​ និង​ថាមពល​ បាន​និយាយ​ថា​ ក្រសួង​បាន​ទទួល​លិខិត​នេះ​ហើយ​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖


រូបភាព ឯកសារ៖ សកម្មភាពបូមខ្សាច់
រូបភាព ឯកសារ៖ សកម្មភាពបូមខ្សាច់

លិខិត​ដែល​ផ្ញើ​ ជូន​លោក​រដ្ឋមន្ត្រីក្រសួង​ រ៉ែ​ និង​ថាមពល​ របស់​អង្គការ​សង្គម​ស៊ី​វិល​ទាំងនេះ​បាន​ ដាក់​ការ​សង្ស័យ​ពី​ការ​នាំ​ខ្សាច់​ចេញពី​ប្រទេស​កម្ពុជា​ ទៅ​បរទេស​មាន​ភាព​មិន​ប្រក្រតី​ដោយ​បាន​ស្នើ​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​បំភ្លឺ​ករណី​នេះ​ជា​សាធារណៈ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ថា​រដ្ឋាភិបាល​ពិតជា​មិន​មាន​ ការ​លាក់លៀម​នៃ​ការ​នាំ​ខ្សាច់​ចេញ​នោះ​។​

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ ដែល​មានឈ្មោះ​ក្នុង​លិខិត​នេះ​ដែរ​ បាន​ផ្តល់​បទ​សម្ភាសន៍​ ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ការ​ដាក់​លិខិត​នេះ​ព្រោះតែ​ មានការ​សង្ស័យ​នូវ​ចំនុច​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​៖​

-​ទី​មួយ​ បញ្ហា​ខ្សាច់​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ការពារ​ធនធានធម្មជាតិ​ នៅ​ខេត្តកោះកុង​ បាន​ប្រឈម​ផ្លូវច្បាប់​ដោយ​ការ​ឃុំខ្លួន​ក្នុង​រយៈពេល​មួយ​ ដែល​មិន​គួរ​កើត​ទ្បើ​ង​ចំពោះ​ពួក​គេ​នោះ​ទេ​។​
-​ទី​ពីរ​ បញ្ហា​ខ្សាច់​នេះ​ដែល​ក្រៅ​តែ​ពី​នាំ​ឱ្យ​មាន​អ្នក​ជាប់​ឃុំឃាំង​ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​
-​ទី​បី​ ករណី​តួលេខ​ដែល​នាំ​ខ្សាច់​ចេញពី​កម្ពុជា​ទៅ​ក្រៅប្រទេស​មិន​មាន​ទិន្នន័យ​ច្បាស់លាស់​ ដោយ​តួលេខ​នៃ​ការ​នាំ​ចេញ​មានការ​ខុស​គ្នា​ជាដើម​។​

​លោក​ សន​ ជ័យ​ ៖«​គឺ​ខ្ញុំ​ចង់ឱ្យ​មានការ​បង្ហាញ​ជា​សាធារណៈ​ថា​ តើ​ប្រភព​នៃ​ការ​នាំ​ខ្សាច់​ទៅ​ប្រទេស​សិង្ហ​បុរី​ ហ្នឹង​វា​ជា​ខ្សាច់​ដែល​នាំ​ចេញពី​កម្ពុជា​ថា​តើ​ប្រភព​ណាខ្លះ​ ដែល​ជា​អ្នក​នាំ​ទៅ​ខណៈ​ដែល​ក្រសួង​រ៉ែ​ និង​ថាមពល​អះអាង​ពី​ចំនួន​មួយ​ ដែល​តិចតួច​បំផុត​ យើង​បារម្ភ​ខ្លាច​ថា​មុខសញ្ញា​នៃ​ការ​នាំ​ខ្សាច់​ចេញ​នេះ​វា​មាន​ សមត្ថកិច្ច​ច្រើន​អាច​ថា​ស្ថាប័ន​នេះ​ស្ថាប័ន​នោះ​អ​ញ្ចឹ​ង​ទៅ​វា​នាំ​ឱ្យ​ការ​គ្រប់គ្រង​ ចំនូល​ដែល​បាន​ពី​ការ​នាំ​ខ្សាច់​ចេញ​ ហ្នឹង​អាច​មាន​បញ្ហា​ដែរ​ ឬ​ក៏​យើង​បារម្ភ​ពី​ការ​នាំ​ខ្សាច់​ចេញ​ដោយ​ខុសច្បាប់​»​។​

​លោក​ សន​ ជ័យ​ បញ្ជាក់​ថា​ បើ​រដ្ឋាភិបាល​មាន​ឆ​ន្ទះ​នឹង​ឆ្លើយ​តប​នូវ​លិខិត​ដែល​អង្គការ​សង្គម​ស៊ី​វិល​សុំ​ឱ្យ​ស្រាយ​បំភ្លឺ​តែ​ ផ្ទុយ​ទៅ​វិញ​បើ​មិន​មានការ​ឆ្លើយ​តប​ ពី​ក្រសួង​នោះ​ទេ​គឺ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ នឹង​មាន​សំណើ​ បន្ត​ទៀត​ដើម្បី​ទទួល​បានការ​បំភ្លឺ​ពី​រដ្ឋាភិបាល​។​

​ឆ្លើយ​តប​នឹង​លិខិត​របស់​អង្គការ​សង្គម​ស៊ី​វិល​ទាំងនេះ​ រដ្ឋលេខាធិការ​ក្រសួង​រ៉េ​ និង​ថាមពល​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ ឌិ​ត​ ឌី​ណា​ មាន​ប្រសាសន៍​ ថា​ក្រសួង​បាន​ទទួល​លិខិត​របស់​អង្គការ​សង្គម​រួច​ហើយ​។​ តែ​អ្នកនាំពាក្យ​រូប​នេះ​ថា​ លោក​នឹង​ផ្ញើ​លិខិត​ជា​ចំហ​ទៅ​ឱ្យ​អង្គការ​សង្គម​វិល​ទាំង​៤៧​វិញ​ ដោយ​គ្រាន់តែ​លោក​មិន​ទាន់​អាច​ប្រាប់​ពី​ការ​ផ្ញើ​លិខិត​នោះ​ចេញ​នៅ​ថ្ងៃ​ណា​នៅ​ទ្បើ​យ​នោះ​ទេ​។​

​លោក​ ឌិ​ត​ ឌី​ណា​៖«​យើង​បាន​ទទួល​លិខិត​ពី​ម្សិលមិញ​ លិខិត​ចំហរ​ ការ​ឆ្លើយ​តប​របស់​យើង​ក៏​នឹង​ឆ្លើយ​តប​ជា​ចំហរ​ ហើយ​សារព័ត៌មាន​ទាំងអស់​នឹង​ទទួល​បាន​ នូវ​ការ​ឆ្លើយ​តប​នឹង​លម្អិត​ទាំងអស់​បាទ​ អ​ញ្ចឹ​ង​ក្នុង​ពេល​ឥលូវ​នេះ​ គឺ​មិន​ចាំបាច់​ធ្វើការ​ឆ្លើយ​តប​អី​មុន​ទេ​ យើង​បានការ​ឆ្លើយ​តប​ទាំងអស់​ជា​រួម​តែ​ម្តង​ នឹង​បាន​ទៅ​ដល់​អ្នក​សារព័ត៌មាន​ នឹង​ទៅ​ដល់​សាធារណៈជន​យើង​ហើយ​»​។​

​សូម​ជំរាប​ថា​យោង​តាម​លិខិត​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ៤៧​ បាន​ដាក់​ជា​សំណួរ​ទៅ​រដ្ឋមន្ត្រីក្រសួង​រ៉េ​ និង​ថាមពល​ដូច​ជា​៖​

-​តើ​ក្រសួង​រ៉ែ​ និង​ថាមពល​ ក្រសួងពាណិជ្ជកម្ម​ ឬ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ នឹង​អាច​បង្ហាញ​ទិន្នន័យ​អំពី​ប្រទេស​ណាខ្លះ​ដែល​កម្ពុជា​ បាន​នាំ​ខ្សាច់​ចេញ​ទៅ​ចំនួន​ប្រមាណ​ ១៧​ លាន​តោន​ ក្នុង​នោះ​រួម​ទាំង​តម្លៃ​នៃ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ប្រទេស​នីមួយៗ​?

-​តើ​ក្រសួង​ណាមួយ​អាច​បង្ហាញ​តួលេខ​ នៃ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅប្រទេស​សរុប​?
-​តើ​មាន​ប៉ុន្មាន​ភាគរយ​នៃ​ខ្សាច់​យក​មក​ពី​ប្រភព​ទឹកសាប​ ដូច​ជា​ ប្រ​ទ្បា​យ​ ទន្លេ​ បឹង​ជាដើម​ ហើយ​ប៉ុន្មាន​ភាគរយ​ យក​មក​ពី​សមុទ្រ​?​។​

​គួរ​បញ្ជាក់​ ថា​យោង​តាម​ទិន្នន័យ​ ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ បាន​នាំ​ខ្សាច់​ចេញ​ក្នុង​បរិមាណ​សរុប​ចំនួន​ប្រមាណ​ ២,៨​ លាន​តោន​ ក្នុង​តម្លៃ​ ៥,៥​ លាន​ដុល្លារ​ អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​នៅ​ចន្លោះ​ឆ្នាំ​២០០៧-២០១៥​។​ ប៉ុន្តែ​យោង​តាម​ប្រព័ន្ធ​ទិន្នន័យ​ស្ថិតិ​ពាណិជ្ជកម្ម​លើ​ទំនិញ​របស់​អង្គការសហប្រជាជាតិ​បាន​ បង្ហាញ​ទិន្នន័យ​របស់​នាយកដ្ឋាន​ស្ថិតិ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​សិង្ហ​បុរី​ បង្ហាញ​ថា​តួលេខ​ ៧២,៨​ លាន​តោន​នៃ​ការ​នាំ​ខ្សាច់​ពី​ប្រទេស​កម្ពុជា​ចូល​ទៅ​សិង្ហ​បុរី​៕


Share

Image
Image
Image