ភ្នំពេញ៖ អង្គការសង្គមស៊ីវិលចំនួន ៤៧ បានបង្ហាញលិខិតចំហចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៦ ដាក់ជូនទៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម អំពីការ នាំខ្សាច់ចេញពីកម្ពុជាទៅសិង្ហបុរី។ អ្នកនាំពាក្យ ក្រសួង រ៉ែ និងថាមពល បាននិយាយថា ក្រសួងបានទទួលលិខិតនេះហើយ។ លោក ជួន សារ៉េត រាយការណ៍៖
លិខិតដែលផ្ញើ ជូនលោករដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល របស់អង្គការសង្គមស៊ីវិលទាំងនេះបាន ដាក់ការសង្ស័យពីការនាំខ្សាច់ចេញពីប្រទេសកម្ពុជា ទៅបរទេសមានភាពមិនប្រក្រតីដោយបានស្នើរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបំភ្លឺករណីនេះជាសាធារណៈដើម្បីឆ្លុះបញ្ចាំងពីការពិតថារដ្ឋាភិបាលពិតជាមិនមាន ការលាក់លៀមនៃការនាំខ្សាច់ចេញនោះ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ដែលមានឈ្មោះក្នុងលិខិតនេះដែរ បានផ្តល់បទសម្ភាសន៍ ឱ្យវិទ្យុស្ត្រីនៅថ្ងៃនេះថា ការដាក់លិខិតនេះព្រោះតែ មានការសង្ស័យនូវចំនុចសំខាន់ៗមួយចំនួនដូចជា៖
-ទីមួយ បញ្ហាខ្សាច់នេះបានធ្វើឱ្យអ្នកការពារធនធានធម្មជាតិ នៅខេត្តកោះកុង បានប្រឈមផ្លូវច្បាប់ដោយការឃុំខ្លួនក្នុងរយៈពេលមួយ ដែលមិនគួរកើតទ្បើងចំពោះពួកគេនោះទេ។
-ទីពីរ បញ្ហាខ្សាច់នេះដែលក្រៅតែពីនាំឱ្យមានអ្នកជាប់ឃុំឃាំង ប៉ុន្តែថែមទាំងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋផងដែរ។
-ទីបី ករណីតួលេខដែលនាំខ្សាច់ចេញពីកម្ពុជាទៅក្រៅប្រទេសមិនមានទិន្នន័យច្បាស់លាស់ ដោយតួលេខនៃការនាំចេញមានការខុសគ្នាជាដើម។
លោក សន ជ័យ ៖«គឺខ្ញុំចង់ឱ្យមានការបង្ហាញជាសាធារណៈថា តើប្រភពនៃការនាំខ្សាច់ទៅប្រទេសសិង្ហបុរី ហ្នឹងវាជាខ្សាច់ដែលនាំចេញពីកម្ពុជាថាតើប្រភពណាខ្លះ ដែលជាអ្នកនាំទៅខណៈដែលក្រសួងរ៉ែ និងថាមពលអះអាងពីចំនួនមួយ ដែលតិចតួចបំផុត យើងបារម្ភខ្លាចថាមុខសញ្ញានៃការនាំខ្សាច់ចេញនេះវាមាន សមត្ថកិច្ចច្រើនអាចថាស្ថាប័ននេះស្ថាប័ននោះអញ្ចឹងទៅវានាំឱ្យការគ្រប់គ្រង ចំនូលដែលបានពីការនាំខ្សាច់ចេញ ហ្នឹងអាចមានបញ្ហាដែរ ឬក៏យើងបារម្ភពីការនាំខ្សាច់ចេញដោយខុសច្បាប់»។
លោក សន ជ័យ បញ្ជាក់ថា បើរដ្ឋាភិបាលមានឆន្ទះនឹងឆ្លើយតបនូវលិខិតដែលអង្គការសង្គមស៊ីវិលសុំឱ្យស្រាយបំភ្លឺតែ ផ្ទុយទៅវិញបើមិនមានការឆ្លើយតប ពីក្រសួងនោះទេគឺក្រុមអង្គការសង្គមស៊ីវិល នឹងមានសំណើ បន្តទៀតដើម្បីទទួលបានការបំភ្លឺពីរដ្ឋាភិបាល។
ឆ្លើយតបនឹងលិខិតរបស់អង្គការសង្គមស៊ីវិលទាំងនេះ រដ្ឋលេខាធិការក្រសួងរ៉េ និងថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ឌីណា មានប្រសាសន៍ ថាក្រសួងបានទទួលលិខិតរបស់អង្គការសង្គមរួចហើយ។ តែអ្នកនាំពាក្យរូបនេះថា លោកនឹងផ្ញើលិខិតជាចំហទៅឱ្យអង្គការសង្គមវិលទាំង៤៧វិញ ដោយគ្រាន់តែលោកមិនទាន់អាចប្រាប់ពីការផ្ញើលិខិតនោះចេញនៅថ្ងៃណានៅទ្បើយនោះទេ។
លោក ឌិត ឌីណា៖«យើងបានទទួលលិខិតពីម្សិលមិញ លិខិតចំហរ ការឆ្លើយតបរបស់យើងក៏នឹងឆ្លើយតបជាចំហរ ហើយសារព័ត៌មានទាំងអស់នឹងទទួលបាន នូវការឆ្លើយតបនឹងលម្អិតទាំងអស់បាទ អញ្ចឹងក្នុងពេលឥលូវនេះ គឺមិនចាំបាច់ធ្វើការឆ្លើយតបអីមុនទេ យើងបានការឆ្លើយតបទាំងអស់ជារួមតែម្តង នឹងបានទៅដល់អ្នកសារព័ត៌មាន នឹងទៅដល់សាធារណៈជនយើងហើយ»។
សូមជំរាបថាយោងតាមលិខិតអង្គការសង្គមស៊ីវិលចំនួន ៤៧ បានដាក់ជាសំណួរទៅរដ្ឋមន្ត្រីក្រសួងរ៉េ និងថាមពលដូចជា៖
-តើក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម ឬអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងអាចបង្ហាញទិន្នន័យអំពីប្រទេសណាខ្លះដែលកម្ពុជា បាននាំខ្សាច់ចេញទៅចំនួនប្រមាណ ១៧ លានតោន ក្នុងនោះរួមទាំងតម្លៃនៃការនាំខ្សាច់ចេញទៅប្រទេសនីមួយៗ?
-តើក្រសួងណាមួយអាចបង្ហាញតួលេខ នៃការនាំខ្សាច់ចេញទៅក្រៅប្រទេសសរុប?
-តើមានប៉ុន្មានភាគរយនៃខ្សាច់យកមកពីប្រភពទឹកសាប ដូចជា ប្រទ្បាយ ទន្លេ បឹងជាដើម ហើយប៉ុន្មានភាគរយ យកមកពីសមុទ្រ?។
គួរបញ្ជាក់ ថាយោងតាមទិន្នន័យ ពីក្រសួងពាណិជ្ជកម្មកម្ពុជា បាននាំខ្សាច់ចេញក្នុងបរិមាណសរុបចំនួនប្រមាណ ២,៨ លានតោន ក្នុងតម្លៃ ៥,៥ លានដុល្លារ អាមេរិកទៅកាន់ប្រទេសសិង្ហបុរីនៅចន្លោះឆ្នាំ២០០៧-២០១៥។ ប៉ុន្តែយោងតាមប្រព័ន្ធទិន្នន័យស្ថិតិពាណិជ្ជកម្មលើទំនិញរបស់អង្គការសហប្រជាជាតិបាន បង្ហាញទិន្នន័យរបស់នាយកដ្ឋានស្ថិតិពាណិជ្ជកម្មរបស់រដ្ឋាភិបាលសិង្ហបុរី បង្ហាញថាតួលេខ ៧២,៨ លានតោននៃការនាំខ្សាច់ពីប្រទេសកម្ពុជាចូលទៅសិង្ហបុរី៕