ហាណូយ ៖ មន្ត្រីប៉ូលិសមួយរូបបានរាយការណ៍នៅថ្ងៃពុធ ទី០២ វិច្ឆិកានេះថា អគ្គិភ័យបានឆាបឆេះបារ៍ខារ៉ាអូខេមួយកន្លែងនៅទៅក្រុង ហាណូយ ប្រទេសវៀតណាម ដែលបណ្តាលឱ្យមនុស្ស ១៣ នាក់ស្លាប់និងមន្ត្រីប៉ូលិសពីរនាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍នោះ។
គ្រោះអគ្គិភ័យនេះបានចាប់ឆាបឆេះនៅរសៀលថ្ងៃអង្គារទី០១វិច្ឆិកា នៅក្នុងស្រុក កូវ ហ្គាយ (Cầu Giấy) ហើយអគ្គិភ័យនេះ បានឆេះរាលដាលយ៉ាងលឿនទៅផ្ទះជិតខាង។ នេះបើតាមការបញ្ជាក់ពីលោក ជុង(Chung) មន្ត្រីប៉ូលិសក្នុងតំបន់នោះ។
លោក Chung បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ក្រុមអ្នកពន្លត់អគ្គីភ័យរាប់រយនាក់ និង មន្ត្រីប៉ូលីស បានកេណ្ឌកម្លាំងគ្នាដើម្បីពន្លត់អគ្គិ ភ័យនេះ»។
លោក Chung បានបន្ថែមថា មន្ត្រីប៉ូលិសពីរនាក់ត្រូវទទួលការព្យាបាល បន្ទាប់ពីពួកគេបានរងរបួសក្នុងកំឡុងពេលព្យាយាមជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍ឆេះគ្រឹះស្ថានកំសាន្តសប្បាយមួយនេះ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ងៀង សាងភុក(Nguyễn Xuân Phúc) បានចេញបញ្ជាភ្លាមៗទៅកាន់ប៉ូលីស ឱ្យស៊ើបអង្កេតរកមូលហេតុនៃការឆេះនេះ ដើម្បីផ្តន្ទាទោសអ្នកដែលបានប្រព្រឹត្តឱ្យបានច្បាស់លាស់ និងយ៉ាងធ្ងន់ធ្ងរបំផុត។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់រដ្ឋាភិបាល។
លោក ភុក ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យឱ្យបានម៉ត់ចត់លើប្រព័ន្ធសុវត្ថិភាពក្នុង បារ ខារ៉ាអូខេនិងភោជនីយដ្ឋាននានា បំណងដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗតួយ៉ាងដូចករណ៍ឆេះខារ៉ាអូខេ។
បើតាមបណ្តេញព័ត៌មាន Channal News Aisa បានរាយការណ៍ឱ្យដឹងថា ឧបទ្ទេវហេតុការឆេះបារ ផ្ទះ ខារ៉ាអូខេ និងភោជនីយដ្ឋាន នៅក្នុងប្រ ទេសកុម្មុយនិស្តមួយនេះ បានក្លាយជារឿងធម្មតាក្នុងប្រទេសវៀតណាម បើទោះបីជាអាជ្ញាធរបានការពារ និងបានកំណត់ទីតាំងដែលងាយរងគ្រោះបានជាក់លាក់យ៉ាងណាក្តី។
កាលពីខែកញ្ញា បារ ខារ៉ាអូខេប្រាំពីរជាន់មួយកន្លែងនៅទីក្រុងហាណូយ បានឆេះនៅពេលរាត្រី ប៉ុន្តែអ្នកស្លាប់ និងអ្នករបួសមិនត្រូវបានគេរាយ ការណ៍នោះទេ៕ ប្រភព៖CNA