អតីតនាយករដ្ឋមន្ត្រីខ្មែរ លោក ប៉ែន សុវណ្ណ ដែលវៀតណាមចាប់ដាក់គុក ដោយប្រឆាំងគោលនយោបាយវៀតណាម ចង់ធ្វើអាណានិគមលើ កម្ពុជា បានផ្ដាំផ្ញើ ទៅកាន់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យប្ដេជ្ញាការពារ បូរណភាពទឹកដីនិងអធិបតេយ្យភាពប្រទេស ដែលលោកថាមានបរទេសបានដាក់ការត្រួតត្រា និងឈ្លានពានកម្ពុជា។
លោក ប៉ែន សុវណ្ណ ដែល បច្ចុប្បន្ន ជាតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិមណ្ឌល កំពង់ស្ពឺផងនោះ លោកក៏បានលើកឡើងពីវីរៈភាពរបស់លោក នៅពេលលោកជានាយករដ្ឋមន្ដ្រីដំបូងគេ នៃ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុង ឆ្នាំ១៩៧៩ រហូតដល់ ឆ្នាំ១៩៨១ដែលសុខចិត្តប្រឆាំងវៀតណាម ហើយឱ្យគេចាប់ខ្លួនលោក ។
អ្វីដែលលោក ប៉ែន សុវណ្ណ ថា យកឈ្នះបាន គឺ លោកសុខចិត្តស្លាប់ និងជាប់គុក ក៏មិនព្រមអោយវៀតណាមបានសម្រេចបំណងត្រួតត្រាស្រុកខ្មែរ បំផ្លាញត្រីទន្លេសាប បំពានដីស្រែខ្មែរ បំពានបូរណភាពទឹកដី ។
តើអ្វីដែល លោក ប៉ែន សុវណ្ណ លើកឡើងថា វៀតណាមព្យាយាមដាក់នឹមត្រួតត្រាស្រុកខ្មែរ និងវៀតណាមព្យាយាមបំផ្លាញត្រីទន្លេសាប បំពានដីស្រែខ្មែរ បំពានបូរណភាពទឹកដី ឱ្យទៅជាដីកម្ពុជាក្រោម និងនគរចម្ប៉ាទីពីរនោះ ជាការពិតដែរឬទេ?
ចុះអ្នកវិភាគប្រវត្តិសាស្ត្រយល់ឃើញបែបណាដែរ? ជាបន្ដសូមអញ្ជើញស្ដាប់បទវិភាគដែលរៀបរៀងដោយ កញ្ញា ជុំ ជោគជាតា ដូចតទៅ៖
លោក ប៉ែន សុវណ្ណ បានទទួលមរណភាពនៅវេលាម៉ោង៧ និង ១៥ នាទី កាលពីយប់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៦ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល ។ មុនលាចាកលោកទៅ លោកបានបន្សល់ទុកនូវពាក្យដែលគួរឱ្យចងចាំជាច្រើន គឺ ទទូចឱ្យខ្មែរត្រូវប្ដេជ្ញាការពារបូរណភាព និងអធិបតេយ្យភាពប្រទេសកម្ពុជា កុំឲ្យបរទេស ដាក់នឹមត្រួតត្រា។
លោក ប៉ែន សុវណ្ណ ៖ «ជនរួមជាតិខ្ញុំសុំបញ្ជាក់ឱ្យច្បាស់ថ្ងៃនឹង ដើម្បីខ្មែរយើង យើងត្រូវតែប្ដេជ្ញា ការពារបូរណភាព និងអធិបតេយ្យភាពប្រទេសខ្មែរខ្លួនឯងអោយបាន កុំអោយបរទេសដាក់នឹមត្រួតត្រា នេះ ខ្ញុំសុំបណ្ដាំដល់ជនរួមជាតិ ខ្មែរយើងគ្រប់រូប ឱ្យតែខ្មែរ មិនថាគណបក្សនយោបាយណាទាំងអស់ ពីព្រោះខ្ញុំបានឆ្លងកាត់ហើយ ខ្ញុំប្រឆាំងវៀតណាម មហិច្ឆតាដាក់នឹមត្រួតត្រាស្រុកខ្មែរ ប្រឆាំងមហិច្ឆតាវៀតណាមមកបំផ្លាញត្រីទន្លេសាប វៀតណាមកំពុងតែបំពានដីស្រែខ្មែរ បំពានបូរណភាពទឹកដី គេចូលមកស្ងាត់ៗគាត់អត់មកទេ ឥលូវរហូតអាជ្ញាធរមូលដ្ឋានសព្វថ្ងៃ លត់យប់ អោយតែឃើញវៀតណាមទំនាស់ជាមួយខ្មែរ មកវាតទី ការពារឱ្យវៀតណាម មិនមើលខ្មែរគ្នាឯងទេ»។
លោក ប៉ែន សុវណ្ណ ក៏បានផ្ញើសារដាក់តឿន ឱ្យខ្មែរគ្រប់រូបទាំងអស់ នៅពេលដែលបានដឹង និងឃើញហើយនោះ សូមកុំធ្លាក់ចូលទៅក្នុងក្ដាមឈូស ដែលជាអវសាន្ដជីវិត។
លោក ប៉ែន សុវណ្ណ៖ «បងប្អូនយើងត្រូវតែតស៊ូ ហើយយើងត្រូវគំនិតយកគំនិតរបស់យើងដាច់ខាត យើងបន្ដកេរដំណែលដូនតាយើងមក មិនមែនធម្មតាទេបងប្អូន មហ្ឆិចតារបស់គេ គេចង់លក់ជាតិយើង ដូចខ្មែរក្រោមចឹង ដូចនគរចម្ប៉ាទីពីរចឹង គេគ្មានអាណិតអាសូរខ្មែរទេ ខ្ញុំមិនខ្លាចទេស្លាប់ មិនខ្លាចទេជាប់គុក ប៉ុនខ្ញុំមានខួរក្បាលជាមួយ មានបេះដូងជាមួយ ដូចជនរួមជាតិយើងទូទាំងប្រទេសដែរ ប៉ុន្ដែខ្ញុំអាណិតដីខ្មែរ ខ្ញុំអាណិតក្មួយៗ ចៅៗតូចៗដែលទូទាំងប្រទេសសព្វថ្ងៃរស់នៅសង្ឃឹមលើម៉ែឱ ហើយបើយាយតាម៉ែឱ មិនហ៊ានពលិកម្ម មិនហ៊ានតស៊ូ យើងត្រូវផ្អាកទ័ពទាំងអស់ »។
ត្រង់ចំនុចនេះ សាស្ដ្រាចារ្យទស្សនៈវិជ្ជា លោក ហេង ស្រ៊ាង បានបង្ហាញការយល់ឃើញដូចលោកប៉ែនសុវណ្ណដែរ។ លោក ចាត់ទុកការថ្លែងផ្ដែផ្ដាំ របស់លោកប៉ែនសុវណ្ណ ថាពិតជាឆ្លុះបញ្ចាំងពីទិដ្ឋភាពរបស់ខ្មែរពិតៗ។
លោក ហេង ស្រ៊ាង ៖ « ទាំងបណ្ឌិតកែម ឡី លោក ប៉ែន សុវណ្ណ ហាក់ដូចជាមានការយល់ឃើញ និងការសង្កេតនឹងប្រហាក់ប្រហែលគ្នា ដែលឃើញថា ខ្មែរយើងកំពុងតែបានទទួលរងនូវការបៀតបៀនទាំងដី ទាំងមធ្យោបាយផ្សេងៗដែលធ្វើអោយខ្មែរយើងលិចលង់ »។នេះជាការសង្កេតរបស់ពួកគាត់ដែលគាត់បានឆ្លងកាត់រាល់ជំនាន់ ហើយគួបផ្សំនឹងប្រវត្តិសាស្ដ្រពីសតវត្សទី១៧ ,១៨ មកទៀត ខ្មែរយើងធ្លាប់វៀតណាមកាន់កាប់ ជិះជាន់ ហើយធ្លាប់ថៃនឹងត្រួតត្រាមួយចំហៀងប្រទេស ដូច្នេះបើយើងឃើញហានិភ័យនឹងវាហាក់ដូចជាអ្វីដែលគាត់ដាស់តឿន អ្វីដែលគាត់ផ្ដែផ្ដាំនឹងវាជាការពិតជាអ្វីដែលយើងបានជួបប្រទះមែន»។
តើធ្វើដូចម្ដេចដើម្បីកុំឱ្យកម្ពុជាធ្លាក់ចូលគ្រោះថ្នាក់ដូចបណ្ដាំរបស់លោក ប៉ែន សុវណ្ណ?
លោកសាស្ដ្រាចារ្យ ហេង ស្រ៊ាង បកស្រាយថា ៖« ធម្មតាយើងអាចការពារ យើងអាចស្រោចស្រង់ជាតិមួយបាន លុះត្រាតែជនជាតិខ្មែរយើងមានភាពរួម និងមានសាមគ្គីភាពគ្នា ដូចជានយោបាយ ដឹកនាំសង្គម ប្រជាពលរដ្ឋនឹងចេះចូលរួមសាមគ្គីភាពគ្នាបានអាចទៅរួច ព្រោះយើងថាបើសិនជាយើងសង្កេតមើលមកដល់ថ្ងៃនេះហើយ យើងនៅតែកាប់ចាក់គ្នា យើងនៅតែឈ្លោះគ្នា យើងនៅតែបែងចែកបក្សពួកនយោបាយដូចជាបំផ្លិចបំផ្លាញជាតិឯងហ្នឹង ដូច្នេះយើងមិនអាចទៅដោះស្រាយរឿងព្រំដែន ជាមួយប្រទេសជិតខាងទេ»។
ចំណែកអ្នកប្រវត្តិសាស្ត្រវិញ ក៏មានការយល់ឃើញផងដែរ ចំពោះ ការផ្ដាំផ្ញើរបស់លោកប៉ែនសុវណ្ណ ប៉ុន្តែពួកគាត់ រម្លឹកពីរឿងរ៉ាវប្រវត្តិសាស្ត្រ តែប៉ុណ្ណោះ។ សាស្ដ្រាចារ្យ ប្រវត្តិសាស្ដ្រ លោក វង់ សុធារា ពន្យល់ពីកត្តានាំឱ្យបរទេស ប្រើប្រាស់ ឥទ្ធិពលរបស់ពួកគេមកលើកម្ពុជា ។
លោក វង់ សុធារា ៖« កន្លងមកនៅពេលដែលយើងមានសង្គ្រាម យើងនៅក្រោមបង្គាប់ប្រទេសធំពីរ គឺ មានសៀម និងយួន។ បើតាមប្រវត្តិសាស្ដ្រតាំងពីសតវត្សទី១៧ រហូតមកដល់សតវត្សទី១៩ ពេលដែលព្រះរាជាខ្មែរសម្រេចចិត្តដាក់ប្រទេសកម្ពុជាក្រោមការពាររបស់បារាំងនៅឆ្នាំ១៩៦៣។កាលនឹងមកពីយើងបែកបាក់សាមគ្គីគ្នា យើងកាប់សម្លាប់គ្នា យើងចង់ធ្វើធំតែម្នាក់ឯងរៀងខ្លួនៗ គ្មានការសម្របសម្រួលគ្នា ម្ល៉ោះហើយ ភាគីដែលចាញ់ចេះតែរត់ពឹងគេ មួយរត់ទៅពឹងសៀម ហើយមួយទៀតរត់ទៅពឹងយួន ពឹងចុះពឹងឡើងទៅ យួនគេចេះតែមករស់នៅស្រុកយើងច្រើនៗទៅ »។
តើអ្នកនយោបាយកម្ពុជានឹងនៅតែបន្ដវប្បធម៌ចាក់សម្លាប់គ្នា និងចង់ធ្វើធំតែម្នាក់ឯងទៀតដែរទេ?
សាស្ដ្រាចារ្យ វង់ សុធារា មានប្រសាសន៍ ថា៖«លុះត្រាណាអ្នកនយោបាយធំៗ សំខាន់ៗ គាត់ចេះយោគយល់គ្នាត្រង់កន្លែងហ្នឹង បើសិនជាគាត់កាប់ចាក់គ្នា ដោយអត់អោយម្ខាងទៀតមានផ្លូវដើរ មានច្រកចេញ ដូចឆ្កែទាល់ច្រក អាចរត់ទៅពឹងប្រទេសជិតខាងដូចលើកមុនទៀត ហើយបើទៅពឹងប្រទេសជិតខាងហើយ យើងដឹងហើយថា ប្រវត្តិសាស្ដ្របានចង្អុលបង្ហាញ ថា ធ្វើអោយយើងខាតបង់ប្រយោជន៍យ៉ាងច្រើន រួមមានទាំងដីធ្លីអីជាដើមដែលនៅក្បែរៗគេហ្នឹង »។
ចំណែកលោក សំបូរ មាណ្ណរ៉ា សាស្ដ្រចារ្យវិទ្យាសាស្ដ្រមួយរូបដែរ លោក មានប្រសាសន៍ថារឿងរ៉ាវរវាងខ្មែរនិងវៀតណាម និងសៀមក្ដី គឺ កូនខ្មែរត្រូវចងចាំ។លោកថា បើចងចាំហើយ គឺ មានជាតិនិយមទាំងអស់គ្នា ដោយមិនត្រូវគិតថាអ្នកនោះជាតិនិយម អ្នកមិនស្រឡាញ់ជាតិនោះទេ ។
លោក សំបូរ មាណ្ណរ៉ា ៖« សូមជម្រាបថា ក្នុងប្រវតិ្ដសាស្ដ្រមានរឿងឌិតដាមច្បាស់ណាស់ អំពីបញ្ហាវៀតណាម និងខ្មែរ ខ្មែរនិងវៀតណាម ទឹកដីខ្មែរដែលមានទំហំធំធេង តាំងពីសម័យសតវត្សន៍ដំបូងរហូតមកដល់ពេលបច្ចុប្បន្ន ក៏មានចំណែកដ៏ច្រើនដែលទាក់ទងជាមួយការបាត់បង់ទៅខាងវៀតណាម ប៉ុន្ដែក៏មានការបាត់បង់ទៅខាងសៀម ខាងថៃឡដ៎ ក៏មានការបាត់បង់ទៅខាងឡាវ -ល-និង-ល-។ ប៉ុន្ដែយើងហាក់បីដូចជាអំពាវនាវជាទូទៅថា សូមប្រយ័ត្នបាត់បង់ទឹកដី នៅពេលដែលយើងកំពុងលទ្ធភាព និយាយអំពីការដែលយើងបង្ហាញនូវគំនិតជាតិនិយម តើយើងចង់បានគំនិតជាតិនិយមតែអ្នកនាំម្នាក់ ឬក៏ចង់បានគំនិតជាតិនិយមនៃខ្មែរទូទៅ ។ទាំងអស់នេះ អ្វីដែលលោក ប៉ែន សុវណ្ណ លោកបានផ្ដាំ នេះជាកិត្តិយសណាស់ហើយ ដែលមនុស្សចាស់បានផ្ដាំទៅមនុស្សជំនាន់ក្រោយរបស់លោក ឱ្យគិតពីការការពារបូរណភាពទឹកដី»។
តើយើងអាចមានលក្ខណៈសម្បត្តិសមស្រប ដើម្បីបំពេញបំណងឧបការីជនបានហើយឬនៅ?
លោក សាស្ដ្រាចារ្យ សំបូរ មាណ្ណរ៉ា បន្ដលើចំនុចថា ៖« មានល្ខណៈសមស្របទៅបាន លុះត្រាតែយើងមានសមត្ថភាព លុះត្រាតែយើងដឹង អំពីរបត់នៃផលវិបាករបស់ប្រវត្តិសាស្ដ្រ ដែលនាំទៅដល់ការបាត់បង់ទឹកដី នោះគឺការរៀនសូត្រ អំពីប្រវត្តិសាស្ដ្របាត់បង់ទឹកដីជាតិយើង រៀនសូត្រអំពីវិបត្តិដែលកើតឡើង ហើយរៀនសូត្រអំពីគុណសម្បត្តិដែលមាន ដើម្បីយើងសិក្សា ថាតើយើងអាចបន្ដគុណសម្បត្តិដើម្បីអភិវឌ្ឍន៍ជាតិ ការពារទឹកដីយើងតទៅទៀតបានដោយរបៀបណា »។
តើការលើកឡើងរបស់លោក ប៉ែន សុវណ្ណ ថា វៀតណាម កំពុងដាក់អាណានិគមមកលើប្រទេសកម្ពុជា វាជាការពិតដែរឬទេ?
ឆ្លើយតបនឹងសំនួរនេះ លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថានេះគ្រាន់តែជាគំនិតជាតិនិយម ដែលមិនមែនជាការពិត។
លោក សុខ ឥសាន្ដ ៖«ទេ ឥលូវដូចសព្វថ្ងៃនេះ តើវៀតណាមបានដាក់អាណានិគមទេ អាហ្នឹងយើងមើលឃើញហើយ នេះគ្រាន់តែជាគំនិតគិតរបស់គាត់ទេ ក៏ប៉ុន្ដែវាអត់មានការពិត ដែលគេហៅថា នយោបាយសតិអារម្មណ៍ ចង្អៀតចង្អល់ ជាតិនិយម»។
តាមសៀវភៅប្រវត្តិសាស្ដ្រខ្មែរ ទឹកដីខ្មែរដែលរួមតូចមកដល់សព្វថ្ងៃនេះ គឺ ដោយសារតែខ្មែរខ្លួនឯងបាត់បង់ការឯកភាពជាតិ ដែលនាំមកនូវខ្វះការការពារជាតិ ខ្វះឧត្ដមគតិ ហើយម្យ៉ាងទៀតខ្មែរមានជម្លោះនឹងគ្នាទៅពឹងប្រទេសជិតខាងក៏ជាផ្នែកមួយត្រូវសងគុណទៅប្រទេសទាំងនោះដែរ ។
ការសងគុណ គឺ មានច្រើនរូបភាព រហូតមានការអនុគ្រោះ ដល់ការស្នាក់នៅរបស់ជនបរទេសមករស់នៅប្រទេសកម្ពុជាផងដែរ ៕