loader

បណ្ដាំ​ ប៉ែន​ សុវណ្ណ​ ប្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ឱ្យ​ការពារ​បូរណភាព​ទឹកដី​ និង​អធិបតេយ្យភាព​ជាតិ (មានសំឡេង)​

អតីត​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ លោក​ ប៉ែន​ សុវណ្ណ​ ដែល​វៀតណាម​ចាប់​ដាក់គុក​ ដោយ​ប្រឆាំង​គោលនយោបាយ​វៀតណាម​ ចង់​ធ្វើ​អាណានិគម​លើ​ កម្ពុជា​  បាន​ផ្ដាំផ្ញើ​ ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ឱ្យ​ប្ដេជ្ញា​ការពារ​ បូរណភាព​ទឹកដី​និង​អធិបតេយ្យភាព​ប្រទេស​ ដែល​លោក​ថា​មាន​បរទេស​បាន​ដាក់​ការ​ត្រួតត្រា​ និង​ឈ្លានពាន​កម្ពុជា​។​

អតីតនាយករដ្ឋមន្ត្រីខ្មែរ លោក ប៉ែន សុវណ្ណ
អតីតនាយករដ្ឋមន្ត្រីខ្មែរ លោក ប៉ែន សុវណ្ណ

​លោក​ ប៉ែន​ សុវណ្ណ​ ដែល​ បច្ចុប្បន្ន​ ជា​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ កំពង់ស្ពឺ​ផង​នោះ​ លោក​ក៏​បាន​លើក​ឡើង​ពី​វីរៈភាព​របស់​លោក​ នៅ​ពេល​លោក​ជា​នាយក​រដ្ឋមន្ដ្រី​ដំបូង​គេ​ នៃ​ របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ក្នុង​ ឆ្នាំ​១៩៧៩​ រហូត​ដល់​ ឆ្នាំ​១៩៨១​ដែល​សុខចិត្ត​ប្រឆាំង​វៀតណាម​ ហើយ​ឱ្យ​គេ​ចាប់ខ្លួន​លោក​ ។​

​អ្វី​ដែល​លោក​ ប៉ែន​ សុវណ្ណ​ ថា​ យកឈ្នះ​បាន​ គឺ​ លោក​សុខចិត្ត​ស្លាប់​ និង​ជាប់គុក​ ក៏​មិន​ព្រមអោយ​វៀតណាម​បាន​សម្រេច​បំណង​ត្រួតត្រា​ស្រុក​ខ្មែរ​ បំផ្លាញ​ត្រី​ទន្លេសាប​ បំពាន​ដីស្រែ​ខ្មែរ​ បំពាន​បូរណភាព​ទឹកដី​ ​។​

​តើ​អ្វី​ដែល​ លោក​ ប៉ែន​ សុវណ្ណ​ លើក​ឡើង​ថា​ វៀតណាម​ព្យាយាម​ដាក់​នឹម​ត្រួតត្រា​ស្រុក​ខ្មែរ​ និង​វៀតណាម​ព្យាយាម​បំផ្លាញ​ត្រី​ទន្លេសាប​ បំពាន​ដីស្រែ​ខ្មែរ​ បំពាន​បូរណភាព​ទឹកដី​  ឱ្យទៅ​ជា​ដីកម្ពុជា​ក្រោម​ និង​នគរ​ចម្ប៉ា​ទី​ពីរ​នោះ​ ជា​ការ​ពិត​ដែរ​ឬទេ​?

​ចុះ​​អ្នកវិភាគ​ប្រវត្តិសាស្ត្រ​យល់​ឃើញ​បែប​ណា​ដែរ​?​​ ជា​បន្ដ​សូម​អញ្ជើញ​ស្ដាប់​បទ​វិភាគ​ដែល​រៀបរៀង​ដោយ​ កញ្ញា​ ជុំ​ ជោគ​ជាតា​ ដូច​តទៅ​៖

 

​លោក​ ប៉ែន​ សុវណ្ណ​ បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង​៧​ និង​ ១៥​ នាទី​ កាលពីយប់​ថ្ងៃ​ទី​ ២៩​ ខែតុលា​ ឆ្នាំ​ ២០១៦​ ក្នុង​ជន្មាយុ​ ៨០​ឆ្នាំ​ ដោយ​ជម្ងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ ។ ​មុនលាចាក​លោក​ទៅ​ លោក​បាន​បន្សល់​ទុក​នូវ​ពាក្យ​ដែល​គួរ​ឱ្យ​ចង​ចាំ​ជា​ច្រើន​ គឺ ​ទ​ទូ​ច​ឱ្យ​ខ្មែរ​ត្រូវ​ប្ដេជ្ញា​ការពារ​បូរណភាព​ និង​អធិបតេយ្យភាព​ប្រទេស​កម្ពុជា​  កុំឲ្យបរទេស​ ដាក់​នឹម​ត្រួតត្រា​។​

​លោក​ ប៉ែន​ សុវណ្ណ​  ៖​  «​ជនរួមជាតិ​ខ្ញុំ​សុំ​បញ្ជាក់​ឱ្យ​ច្បាស់​ថ្ងៃ​នឹង​ ដើម្បី​ខ្មែរ​យើង​ យើង​ត្រូវ​តែ​ប្ដេជ្ញា​ ការពារ​បូរណភាព​ និង​អធិបតេយ្យភាព​ប្រទេស​ខ្មែរ​ខ្លួនឯង​អោយ​បាន​ កុំអោយ​បរទេស​ដាក់​នឹម​ត្រួតត្រា​ នេះ​ ខ្ញុំ​សុំ​បណ្ដាំ​ដល់​ជនរួមជាតិ​ ខ្មែរ​យើង​គ្រប់​រូប​ ឱ្យ​តែ​ខ្មែរ​ មិន​ថា​គណបក្ស​នយោបាយ​ណា​ទាំងអស់​ ពីព្រោះ​ខ្ញុំ​បាន​ឆ្លងកាត់​ហើយ​ ខ្ញុំ​ប្រឆាំង​វៀតណាម​ មហិច្ឆតា​ដាក់​នឹម​ត្រួតត្រា​ស្រុក​ខ្មែរ​ ប្រឆាំង​មហិច្ឆតា​វៀតណាម​មក​បំផ្លាញ​ត្រី​ទន្លេសាប​ វៀតណាម​កំពុង​តែ​បំពាន​ដីស្រែ​ខ្មែរ​ បំពាន​បូរណភាព​ទឹកដី​ គេ​ចូល​មក​ស្ងាត់ៗ​គាត់​អត់​មក​ទេ​ ឥលូវ​រហូត​អាជ្ញាធរ​មូលដ្ឋាន​សព្វថ្ងៃ​ លត់​យប់​ អោយ​តែ​ឃើញ​វៀតណាម​ទំនាស់​ជាមួយ​ខ្មែរ​ មក​វាតទី​ ការពារ​ឱ្យ​វៀតណាម​ មិន​មើល​ខ្មែរ​គ្នា​ឯង​ទេ​»​។​

pen-sovan2
​លោក​  ប៉ែន​ សុវណ្ណ​ ក៏​បាន​ផ្ញើសារ​ដាក់​តឿន​ ឱ្យ​ខ្មែរ​គ្រប់​រូប​ទាំងអស់​ នៅ​ពេល​ដែល​បានដឹង​ និង​ឃើញ​ហើយ​នោះ​ សូមកុំ​ធ្លាក់​ចូល​ទៅ​ក្នុង​ក្ដាម​ឈូស​ ដែល​ជា​អ​វ​សាន្ដ​ជីវិត​។​

​លោក​ ប៉ែន​ សុវណ្ណ​៖​ «​បងប្អូន​យើង​ត្រូវ​តែ​តស៊ូ​ ហើយ​យើង​ត្រូវ​គំនិត​យកគំនិត​របស់​យើង​ដាច់ខាត​ យើង​បន្ដ​កេរដំណែល​ដូនតា​យើង​មក​ មិនមែន​ធម្មតា​ទេ​បងប្អូន​ ម​ហ្ឆិ​ច​តា​របស់​គេ​ គេ​ចង់​លក់​ជាតិ​យើង​ ដូច​ខ្មែរក្រោម​ចឹ​ង​ ដូច​នគរ​ចម្ប៉ា​ទី​ពីរ​ចឹ​ង​ គេ​គ្មាន​អាណិតអាសូរ​ខ្មែរ​ទេ​ ខ្ញុំ​មិន​ខ្លាច​ទេ​ស្លាប់​ មិន​ខ្លាច​ទេ​ជាប់គុក​ ប៉ុន​ខ្ញុំ​មាន​ខួរក្បាល​ជាមួយ​ មាន​បេះដូង​ជាមួយ​ ដូច​ជនរួមជាតិ​យើង​ទូ​ទាំង​ប្រទេស​ដែរ​ ប៉ុន្ដែ​ខ្ញុំ​អាណិត​ដី​ខ្មែរ​ ខ្ញុំ​អាណិត​ក្មួយៗ​ ចៅៗ​តូចៗ​ដែល​ទូ​ទាំង​ប្រទេស​សព្វថ្ងៃ​រស់នៅ​សង្ឃឹមលើ​ម៉ែ​ឱ​ ហើយ​បើ​យាយ​តា​ម៉ែ​ឱ​ មិន​ហ៊ាន​ពលិកម្ម​ មិន​ហ៊ាន​តស៊ូ​ យើង​ត្រូវ​ផ្អាក​ទ័ព​ទាំងអស់​ »​

​ត្រង់​ចំនុចនេះ​ សាស្ដ្រាចារ្យទស្សនៈវិជ្ជា​ លោក​ ហេង​ ស្រ៊ា​ង​ បាន​បង្ហាញ​ការ​យល់ឃើញ​ដូច​លោក​ប៉ែន​សុវណ្ណ​ដែរ​។​ លោក​ ចាត់​ទុក​ការ​ថ្លែង​ផ្ដែផ្ដាំ​ របស់​លោក​ប៉ែន​សុវណ្ណ​ ថា​ពិតជា​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​របស់​ខ្មែរ​ពិតៗ​។​

​លោក​ ហេង​ ស្រ៊ា​ង​ ៖​ «​ ទាំង​បណ្ឌិត​កែម ឡី លោក​ ប៉ែន​ សុវណ្ណ​ ហាក់ដូចជា​មានការ​យល់​ឃើញ​ និង​ការ​សង្កេត​នឹង​ប្រហាក់ប្រហែល​គ្នា​  ដែល​ឃើញ​ថា​ ខ្មែរ​យើង​កំពុង​តែ​បាន​ទទួល​រង​នូវ​ការ​បៀតបៀន​ទាំង​ដី​ ទាំង​មធ្យោបាយ​ផ្សេងៗ​ដែល​ធ្វើ​អោយ​ខ្មែរ​យើង​លិចលង់​ »​។​នេះ​ជា​ការ​សង្កេត​របស់​ពួក​គាត់​ដែល​គាត់​បាន​ឆ្លងកាត់​រាល់​ជំនាន់​ ហើយ​គួប​ផ្សំ​នឹង​ប្រវត្តិសាស្ដ្រ​ពី​សតវត្ស​ទី​១៧​ ,១៨​ មក​ទៀត​ ខ្មែរ​យើង​ធ្លាប់​វៀតណាម​កាន់កាប់​ ជិះជាន់​ ហើយ​ធ្លាប់​ថៃ​នឹង​ត្រួតត្រា​មួយ​ចំហៀង​ប្រទេស​ ដូច្នេះ​បើ​យើង​ឃើញ​ហានិភ័យ​នឹង​វា​ហាក់ដូចជា​អ្វី​ដែល​គាត់​ដាស់តឿន​ អ្វី​ដែល​គាត់​ផ្ដែផ្ដាំ​នឹង​វា​ជា​ការ​ពិតជា​អ្វី​ដែល​យើង​បាន​ជួប​ប្រទះ​មែន​»​។​

​តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​កុំឱ្យ​កម្ពុជា​ធ្លាក់​ចូល​គ្រោះថ្នាក់​ដូច​បណ្ដាំ​របស់​លោក​ ប៉ែន​ សុវណ្ណ​?

​លោក​សាស្ដ្រាចារ្យ​​ ហេង ស្រ៊ាង បកស្រាយ​ថា​  ​​ ៖«​ ធម្មតា​យើង​អាច​ការពារ​ យើង​អាច​ស្រោចស្រង់​ជាតិ​មួយ​បាន​ លុះត្រាតែ​ជនជាតិ​ខ្មែរ​យើង​មាន​ភាព​រួម​ និង​មាន​សាមគ្គីភាព​គ្នា​ ដូច​ជា​នយោបាយ​ ដឹកនាំ​សង្គម​ ប្រជាពលរដ្ឋ​នឹង​ចេះ​ចូលរួម​សាមគ្គីភាព​គ្នា​បាន​អាច​ទៅ​រួច​ ព្រោះ​យើង​ថា​បើសិនជា​យើង​សង្កេត​មើល​មក​ដល់​ថ្ងៃនេះ​ហើយ​ យើង​នៅ​តែ​កាប់​ចាក់​គ្នា​ យើង​នៅ​តែ​ឈ្លោះ​គ្នា​ យើង​នៅ​តែ​បែងចែក​បក្សពួក​នយោបាយ​ដូច​ជា​បំផ្លិចបំផ្លាញ​ជាតិ​ឯង​ហ្នឹង​ ដូច្នេះ​យើង​មិន​អាច​ទៅ​ដោះស្រាយ​រឿង​ព្រំដែន​ ជាមួយ​ប្រទេស​ជិតខាង​ទេ​»​។​

​ចំណែក​អ្នកប្រវត្តិសាស្ត្រ​វិញ​ ក៏​មានការ​យល់​ឃើញ​ផង​ដែរ​ ចំពោះ​ ការ​ផ្ដាំផ្ញើ​របស់​លោក​ប៉ែន​សុវណ្ណ​ ប៉ុន្តែ​ពួក​គាត់​ រម្លឹក​ពី​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ ​តែប៉ុណ្ណោះ​។​​ សាស្ដ្រាចារ្យ​ ប្រវត្តិសាស្ដ្រ​ លោក​ វង់​ សុធា​រា​ ពន្យល់​ពី​កត្តា​នាំ​ឱ្យ​បរទេស​ ប្រើប្រាស់​ ឥទ្ធិពល​របស់​ពួក​គេមកលើ​កម្ពុជា​ ។​

​លោក​ វង់​ សុធា​រា​ ៖«​ កន្លង​មក​នៅ​ពេល​ដែល​យើង​មាន​សង្គ្រាម​ យើង​នៅ​ក្រោម​បង្គាប់​ប្រទេស​ធំ​ពីរ​ គឺ​ មាន​សៀម​ និង​យួន​។​ បើ​តាម​ប្រវត្តិសាស្ដ្រ​តាំងពី​សតវត្ស​ទី​១៧​ រហូត​មក​ដល់​សតវត្ស​ទី​១៩​  ពេល​ដែល​ព្រះរាជា​ខ្មែរ​សម្រេចចិត្ត​ដាក់​ប្រទេស​កម្ពុជា​ក្រោម​ការពារ​របស់​បារាំង​នៅ​ឆ្នាំ​១៩៦៣​។​កាល​នឹង​មក​ពី​យើង​បែកបាក់​សាមគ្គី​គ្នា​ យើង​កាប់សម្លាប់​គ្នា​ យើង​ចង់​ធ្វើ​ធំ​តែ​ម្នាក់ឯង​រៀងខ្លួនៗ​ គ្មាន​ការ​សម្របសម្រួល​គ្នា​ ម្ល៉ោះហើយ​ ភាគី​ដែល​ចាញ់​ចេះ​តែ​រត់​ពឹង​គេ​ មួយរ​ត់ទៅ​ពឹង​សៀម​ ហើយ​មួយទៀតរ​ត់ទៅ​ពឹង​យួន​ ពឹង​ចុះ​ពឹង​ឡើង​ទៅ​ យួន​គេ​ចេះ​តែ​មក​រស់នៅ​ស្រុក​យើង​ច្រើនៗ​ទៅ​  »​។​

​តើ​អ្នកនយោបាយ​កម្ពុជា​នឹង​នៅ​តែ​បន្ដ​វប្បធម៌​ចាក់​សម្លាប់​គ្នា​ និង​ចង់​ធ្វើ​ធំ​តែ​ម្នាក់ឯងទៀត​ដែរ​ទេ​?

​សាស្ដ្រា​ចា​រ្យ​ វង់​ សុធា​រា​  មាន​ប្រសាសន៍​ ថា​៖«​លុះត្រា​ណា​អ្នកនយោបាយ​ធំៗ​ សំខាន់ៗ​ គាត់​ចេះ​យោគយល់​គ្នា​ត្រង់​កន្លែង​ហ្នឹង​ បើសិនជា​គាត់​កាប់​ចាក់​គ្នា​ ដោយ​អត់អោយ​ម្ខាង​ទៀត​មាន​ផ្លូវ​ដើរ​ មាន​ច្រកចេញ​ ដូច​ឆ្កែ​ទាល់ច្រក​  អាចរ​ត់ទៅ​ពឹង​ប្រទេស​ជិតខាង​ដូច​លើក​មុន​ទៀត​ ហើយ​បើ​ទៅ​ពឹង​ប្រទេស​ជិតខាង​ហើយ​  យើង​ដឹង​ហើយ​ថា​ ប្រវត្តិសាស្ដ្រ​បាន​ចង្អុលបង្ហាញ​ ថា​ ធ្វើ​អោយ​យើង​ខាតបង់​ប្រយោជន៍​យ៉ាងច្រើន​ រួម​មាន​ទាំង​ដីធ្លី​អី​ជាដើម​ដែល​នៅ​ក្បែរៗ​គេ​ហ្នឹង​ »​។​

​ចំណែក​លោក​ សំបូរ​ មា​ណ្ណ​រ៉ា​ សាស្ដ្រ​ចា​រ្យ​វិទ្យាសាស្ដ្រ​មួយ​រូប​ដែរ​ លោក​ មាន​ប្រសាសន៍​ថា​រឿងរ៉ាវ​រវាង​ខ្មែរ​និង​វៀតណាម​ និង​សៀម​ក្ដី​ គឺ ​កូន​ខ្មែរ​ត្រូវ​ចង​ចាំ​។​លោក​ថា បើ​ចង​ចាំ​ហើយ​ គឺ​​ មាន​ជាតិនិយម​ទាំងអស់​គ្នា​ ដោយ​មិន​ត្រូវ​គិត​ថា​អ្នក​នោះ​ជាតិនិយម​ អ្នក​មិន​ស្រឡាញ់​ជាតិ​នោះ​ទេ​ ។​

​លោក​ សំបូរ​ មា​ណ្ណ​រ៉ា​ ៖«​ សូម​ជម្រាប​ថា​ ក្នុង​ប្រ​វ​តិ្ដ​សាស្ដ្រ​មានរឿង​ឌិ​ត​ដាម​ច្បាស់​ណាស់​ អំពី​បញ្ហា​វៀតណាម​ និង​ខ្មែរ​ ខ្មែរ​និង​វៀតណាម​ ទឹកដី​ខ្មែរ​ដែល​មាន​ទំហំ​ធំធេង​ តាំងពី​សម័យ​សតវត្ស​ន៍​ដំបូង​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ ក៏​មាន​ចំណែក​ដ៏​ច្រើន​ដែល​ទាក់ទង​ជាមួយ​ការ​បាត់បង់​ទៅ​ខាង​វៀតណាម​ ប៉ុន្ដែ​ក៏​មានការ​បាត់បង់​ទៅ​ខាង​សៀម​ ខាង​ថៃ​ឡ​ដ៎​ ក៏​មានការ​បាត់បង់​ទៅ​ខាង​ឡាវ​ -​ល​-​និង​-​ល​-​។​ ប៉ុន្ដែ​យើង​ហាក់បីដូចជា​អំពាវនាវ​ជា​ទូទៅ​ថា​ សូម​ប្រយ័ត្ន​បាត់បង់​ទឹកដី​ នៅ​ពេល​ដែល​យើង​កំពុង​លទ្ធភាព​ និយាយ​អំពី​ការ​ដែល​យើង​បង្ហាញ​នូវ​គំនិត​ជាតិនិយម​ តើ​យើង​ចង់បាន​គំនិត​ជាតិនិយម​តែ​អ្នក​នាំ​ម្នាក់​ ឬ​ក៏​ចង់បាន​គំនិត​ជាតិនិយម​នៃ​ខ្មែរ​ទូទៅ​ ។​ទាំង​អស់នេះ​ អ្វី​ដែល​លោក​ ប៉ែន​ សុវណ្ណ​ លោក​បាន​ផ្ដាំ​ នេះ​ជា​កិត្តិយស​ណាស់​ហើយ​ ដែល​មនុស្ស​ចាស់​បាន​ផ្ដាំ​ទៅ​មនុស្ស​ជំនាន់​ក្រោយ​របស់​លោក​ ឱ្យ​គិត​ពី​ការ​ការពារ​បូរណភាព​ទឹកដី​»​។​

​តើ​យើង​អាច​មាន​លក្ខណៈសម្បត្តិ​សម​ស្រប​ ដើម្បី​បំពេញ​បំណង​ឧបការី​ជនបានហើយ​ឬនៅ​?

​លោក​ សាស្ដ្រាចារ្យ​ សំបូរ​ មា​ណ្ណ​រ៉ា​ បន្ដ​លើ​ចំនុច​ថា​ ៖«​ មាន​ល្ខ​ណៈ​សម​ស្រប​ទៅ​បាន​ លុះត្រាតែ​យើង​មាន​សមត្ថភាព​ លុះត្រាតែ​យើង​ដឹង​ អំពី​របត់​នៃ​ផលវិបាក​របស់​ប្រវត្តិសាស្ដ្រ​ ដែល​នាំ​ទៅ​ដល់​ការ​បាត់បង់​ទឹកដី​ នោះ​គឺ​ការ​រៀនសូត្រ​ អំពី​ប្រវត្តិសាស្ដ្រ​បាត់បង់​ទឹកដី​ជាតិ​យើង​ រៀនសូត្រ​អំពី​វិបត្តិ​ដែល​កើតឡើង​ ហើយ​រៀនសូត្រ​អំពី​គុណសម្បត្តិ​ដែល​មាន​ ដើម្បី​យើង​សិក្សា​ ថា​តើ​យើង​អាច​បន្ដ​គុណសម្បត្តិ​ដើម្បី​អភិវឌ្ឍន៍​ជាតិ​ ការពារ​ទឹកដី​យើង​តទៅ​ទៀត​បាន​ដោយ​របៀប​ណា​ »​។​

​តើ​ការ​លើក​ឡើង​របស់​លោក​ ប៉ែន​ សុវណ្ណ​ ថា​ វៀតណាម​ កំពុង​ដាក់​អាណានិគម​មក​លើ​ប្រទេស​កម្ពុជា​ វា​ជា​ការ​ពិត​ដែរ​ឬទេ​?

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

ឆ្លើយ​តប​នឹង​សំនួរ​នេះ​  លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​នេះ​គ្រាន់តែ​ជា​គំនិត​ជាតិនិយម​ ដែល​មិនមែន​ជា​ការ​ពិត​។​

​លោក​ សុខ​ ឥ​សាន្ដ​ ៖«​ទេ​ ឥលូវ​ដូច​សព្វ​ថ្ងៃនេះ​ តើ​វៀតណាម​បាន​ដាក់​អាណានិគម​ទេ​ អាហ្នឹង​យើង​មើលឃើញ​ហើយ​ នេះ​គ្រាន់តែ​ជា​គំនិត​គិត​របស់​គាត់​ទេ​ ក៏​ប៉ុន្ដែ​វា​អត់​មានការ​ពិត​ ដែល​គេ​ហៅ​ថា​ នយោបាយ​សតិអារម្មណ៍​ ចង្អៀតចង្អល់​ ជាតិនិយម​»​។​

​តាម​សៀវភៅ​ប្រវត្តិសាស្ដ្រ​ខ្មែរ​ ទឹកដី​ខ្មែរ​ដែល​រួម​តូច​មក​ដល់​សព្វ​ថ្ងៃនេះ​ គឺ​ ដោយសារ​តែ​ខ្មែរ​ខ្លួនឯង​បាត់បង់​ការ​ឯកភាព​ជាតិ​ ដែល​នាំ​មក​នូវ​​ខ្វះ​ការ​ការពារ​ជាតិ​ ខ្វះ​ឧត្ដមគតិ​ ហើយ​ម្យ៉ាងទៀត​ខ្មែរ​មាន​ជម្លោះ​នឹង​គ្នា​ទៅ​ពឹង​ប្រទេស​ជិតខាង​ក៏​ជា​ផ្នែក​មួយ​ត្រូវ​សងគុណ​ទៅ​ប្រទេស​ទាំងនោះ​ដែរ​ ។​

​ការ​សងគុណ​ គឺ​ មាន​ច្រើន​រូបភាព​ រហូត​មានការ​អនុគ្រោះ​ ដល់​ការ​ស្នាក់​នៅ​របស់​ជនបរទេស​មក​រស់នៅ​ប្រទេស​កម្ពុជា​​ផងដែរ​ ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សាស្ដ្រាចារ្យចម្រៀងបុរាណ៖ ធនធានអ្នកច្រៀងបុរាណមានមិនដល់១០នាក់ផងដែលអាចប្រើការបានកម្ពុជា

គេតែងតែលឺចម្រៀងបុរាណនៅតាមពិធីបុណ្យជាតិនានា ជា[...]

បទយកការណ៍៖ យុទ្ធនាការ១៦ថ្ងៃនៃទិវាសិទ្ធិមនុស្សឆ្នាំនេះផ្តោតលើ«ស្ត្រីរួមគ្នាដើម្បីសិទ្ធិការងារ»និង«ការផ្សព្វផ្សាយបញ្ហាហឹង្សាលើស្រី្តដោយប្រុងប្រយ័ត្ន»

ភ្នំពេញ៖ ទិវាសិទ្ធិមនុស្សឆ្នាំ២០២២នេះ ស្ថាប័ន[...]

បទយកការណ៍៖ អាណាព្យាបាលមកលើកទឹកចិត្តកូននៅមុខមណ្ឌលប្រឡងចង់ឃើញកូនៗទទួលបានជោគជ័យចេញពីសមត្ថភាពពិតប្រាកដ

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x