ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានផ្សព្វផ្សាយសេចក្ដីជួនដំណឹងមួយនៅថ្ងៃទី ០១ ខែ វិច្ឆិកា នេះថា ចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦ តំបន់វាលទំនាបភាគខាងត្បូង និងតំបន់មាត់សមុទ្រ នៅតែមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន តំបន់ខ្ពង់រាប និងតំបន់វាលទំនាបភាគខាងជើង មានភ្លៀងពីតិចទៅមធ្យម។
យោងតាមសេចក្ដីជួនដំណឹងរបស់ក្រសួងធនធានទឹក ឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា ជ្រលងសម្ពាធខ្ពស់បាន គ្របដណ្ដប់លើភាគ ឦសាន្ដនៃព្រះរាជាណាចក្រកម្ពុជា។ ហើយប្រព័ន្ធសម្ពាធទាបក៏នៅតែមានឥទ្ធិពល មកលើតំបន់វាលទំនាបភាគខាងត្បូងនិងតំបន់មាត់សមុទ្រ។
បើតាមការព្យាករណ៍អាកាសធាតុបានបញ្ជាក់ថា ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦ តំបន់ខ្ពស់រាប មានដូចជា ខេត្ដត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌល់គិរី ឧត្ដរមានជ័យ និងខេត្ដព្រះវិហារ អាចនឹងមានភ្លៀងធ្លាក់ក្នុងបរិមាណតិចតួច។ ចំណែកតំបន់វាលទំនាប ដែលមាន ខេត្ដកំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងខេត្ដកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ ដោយឡែក រាជធានីភ្នំពេញ ខេត្ដស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ និងខេត្ដតាកែវ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។
តាមរយៈសេចក្ដីជួនដំណឹងនេះ តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ដែលក្រសួងធនធានទឹកស្នើឲ្យពលរដ្ឋទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច៕