en     km
en     km

កងទ័ពជើងទឹក​ កម្ពុជា​-​អា​មេ​រិ​ក​ ជាង​ ៣០០​នាក់​ធ្វើ​សមយុទ្ធ​រួម​គ្នា​រយៈពេល​៥​ថ្ងៃ​នៅ​កំពង់​ផែ​រាម​ (មានសំឡេង)

Share

ខេត្ត​ព្រះ​សីហ​នុ​៖ កងកំលាំង​ ជើង​ទឹក​អា​មេ​រិ​ក​ និង​កងកំលាំង​ជើង​ទឹក​កម្ពុជា​ជាង​ ៣០០​ នាក់​ ចូលរួម​ធ្វើ​សមយុទ្ធ​ CARAT​ រួម​គ្នា​មួយ​នៅ​កម្ពុជា​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ និង​លើកកម្ពស់​សន្តិសុខ​លំហ​សមុទ្រ​ រវាង​កងទ័ព​ប្រទេស​ទាំង​២​។​ ការ​ធ្វើ​សមយុទ្ធ​នេះ​ធ្វើ​ទ្បើ​ង​នៅ​កំពង់​ផែ​រាម​ ខេត្ត​ព្រះ​សីហ​នុ​ សៀ​ល​ថ្ងៃ​ទី​ ៣១​ ខែតុលា​ ឆ្នាំ​២០១៦​។​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​រាយការណ៍​៖

 

kh-usa31នេះ​ជា​សមយុទ្ធ​ប្រចាំឆ្នាំ​លើក​ទី​ ០៧​ ដែល​មានឈ្មោះ​ថា​ ការ​ហ្វឹកហ្វឺន​ និង​ភាព​ត្រៀម​ជា​ស្រេច​សំរាប់​កិច្ច​សហប្រតិបត្តិការ​ លើ​ផ្ទៃ​ទឹក​នៅ​កម្ពុជា​ដែល​ប្រកាស​កម្មវិធី​បើក​ដោយ​ មេបញ្ជាការ​រង​កងទ័ពជើងទឹក​ និង​ជា​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​ លោក​ អ៊ុ​ក​ សីហា​ ហើយ​សមយុទ្ធ​នេះ​ធ្វើ​ទ្បើ​ង​នៅ​មូលដ្ឋាន​ជើង​ទឹក​រាម​។​

​លោក​ អ៊ុ​ក​ សីហា​ មាន​ប្រសាសន៍​ថា​ សមយុទ្ធ​នេះ​កើត​ទ្បើ​ង​ដោយសារ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួងការពារជាតិ​ និង​កំលាំងប្រដាប់អាវុធ​ រវាង​សហរដ្ឋអាមេរិក​ និង​កម្ពុជា​។​

​លោក​លើក​ទ្បើ​ង​ថា​ បើ​ក្រ​ទ្បេ​ក​មើលទៅ​លើ​ផ្ទៃសមុទ្រ​ ទាំង​ក្នុង​ដែន​អធិបតេយ្យភាព​ប្រទេស​នីមួយៗ​  និង​លំហ​សមុទ្រ​អន្តរជាតិ​មានការ​ប្រឈម​ទៅ​នឹង​ការ​គំរាមកំហែង​ ហានិភ័យ​ជា​ច្រើន​ដូច​ជា​៖​

​ការ​ប្លន់​ប្រដាប់​អាវុធ​ ចោរ​សមុទ្រ​ ការ​រត់ពន្ធ​រំសេវ​ជាតិ​ផ្ទុះ​ គ្រឿងញៀន​ ការ​ចាប់ជំរិត​ ជួញដូរ​មនុស្ស​ និង​អន្តរាយ​ផ្សេងៗ​ ពី​គ្រោះ​ធម្មជាតិ​ ដែល​ចាំបាច់​ត្រូវ​តែ​មាន​ កិច្ចសហការ​ពី​ កងទ័ពជើងទឹក​ទាំង​នៅ​ក្នុង​តំបន់​ និង​អន្តរជាតិ​ក្នុង​ការ​ចូលរួម​ ត្រួតពិនិត្យ​ឆែកឆេរ​ រុករក​ជួយ​សង្គ្រោះ​ និង​ការ​ផ្តល់​ជំនួយ​ជួយ​បន្ទាន់​ ក្នុង​គោលបំណង​រក្សា​ឱ្យ​បាន​នូវ​សុខ​សន្តិភាព​ ស្ថេ​រ​ភាព​ សុវត្ថិភាព​ លើ​ផ្ទៃសមុទ្រ​។​

kh-usa312
​លោក​ អ៊ុ​ក​ សីហា​ បញ្ជាក់​ថា​កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ពី​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​ ជាមួយ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​។​

​លោក​ អ៊ុ​ក​ សីហា​ ៖«​យើង​ក៏​មោទនភាព​ដែរ​ចំពោះ​លំ​ហាត់​នេះ​ បាន​សេចក្តី​ថា​វា​មាន​ផលប្រយោជន៍​សំរាប់​កងទ័ពជើងទឹក​កម្ពុជា​ក្នុង​កិច្ច​សហប្រតិបត្តិការ​ផង​ ការ​បង្កើន​សមត្ថភាព​នឹង​ការ​យល់​ដឹងផង​ជា​ពិសេស​ចំណងទាក់ទង​នឹង​ការ​ធ្វើ​កិច្ចការ​រវាង​កងទ័ពជើងទឹក​ ទាំង​០២​ហ្នឹង​បន្ត​មានការ​វិវត្តន៍​រីក​ចំរើន​»​។​

​ចំណែកឯ​អនុប្រធាន​បេសកកម្ម​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ លោកស្រី​ ជូ​ លី​ជុង​ មាន​ប្រសាសន៍​តាម​រយៈ​អ្នកបកប្រែ​ថា​ សមយុទ្ធ​នេះ​ធ្វើ​ទ្បើ​ង​ក្នុង​គោលបំណង​ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ តាម​រយៈ​ការ​ហ្វឹកហ្វឺន​ទ្វេភាគី​រវាង​កម្ពុជា​-​អា​មេ​រិ​ក​ ជា​ពិសេស​ដើម្បី​ធ្វើ​យ៉ាងណា​ ឱ្យ​កងកំលាំង​អាច​មាន​លទ្ធភាព​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ​ ការ​ជួញដូរ​មនុស្ស​ និង​សន្តិសុខ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។​

​លោកស្រី​ ជូ​ លី​ជុង​ ៖«​កម្មវិធី​ CARAT​ គឺជា​ប្រតិបត្តិការ​ការពារ​ដែនសមុទ្រ​ សន្តិសុខ​ដែនសមុទ្រ​ ទាក់ទង​នឹង​បញ្ហា​ចោរ​សមុទ្រ​ និង​ការ​រត់ពន្ធ​ខុសច្បាប់​ផង​ដែរ​»​។​

​សូម​ជំរាប​ថា​ ការ​ធ្វើ​សមយុទ្ធ​ហ្វឹកហ្វឺន​ទ្វេភាគី​រួម​គ្នា​រវាង​អា​មេ​រិ​ក​-​កម្ពុជា​បាន​ធ្វើ​ទ្បើ​ង​ចាប់តាំងពី​ឆ្នាំ​២០១០​ ហើយ​ការ​ធ្វើ​សមយុទ្ធ​នៅ​ឆ្នាំ​នេះ​គឺជា​លើក​ទី​០៧​ ។​ការ​ធ្វើ​សមយុទ្ធ​នេះ​មាន​រយៈពេល​ ៥​ថ្ងៃ​ ដោយ​គិត​ចាប់ពី​ថ្ងៃនេះ​តទៅ​។​ ការ​ធ្វើ​សមយុទ្ធ​ទ្វេភាគី​នេះ​ បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​ពី​មាន​សមយុទ្ធ​ កងទ័ពជើងទឹក​រវាង​ កង​ ម៉ា​រី​ន​អា​មេ​រិ​ក​ និង​កងទ័ព​នៃ​ប្រទេស​បង់​ក្លា​ដេ​ស​ ប្រ៊ុ​យ​ណេ​ កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ម៉ា​ទ្បេ​ស៊ី​ ហ្វី​លី​ពី​ន​ សិង្ហ​បុរី​ ថៃ​ និង​ទី​ម័​រ​ខាងកើត​៕

Share

ព័ត៌មានទាក់ទង

Image