ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានរៀបចំពិពណ៌អប់រំមួយនៅកម្ពុជា ដើម្បីបង្ហាញផ្លូវទៅដល់សិស្សានុសិស្សដែលទើបតែប្រទ្បងជាប់បាក់ឌុបឆ្នាំ ២០១៦ ឱ្យពួកគេមានឱកាសចាប់យកអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក។ ការរៀបចំនេះធ្វើទ្បើងនៅកម្មវិធីពិពណ៌អប់រំសិស្សនិន្ទេស A ស្តីពីការសិក្សានៅសហរដ្ឋអាមេរិក នៅក្នុងបរិវេណស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៦ ដោយមានការជួបជុំសិស្សនិទ្ទេស A ចំនួន ២០០នាក់ និងមានវត្តមានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក William A. Heidt និងមន្ត្រីក្រសួងអប់រំ។ សិស្សនិទ្ទេសAម្នាក់ ដែលមកចូលរួមក្នុងកម្មវិធីនេះ បានឡើងចាប់អារម្មណ៍នឹងសំណូពរ ឱ្យក្រសួងអប់រំជួយផ្គត់ផ្គង់ ដល់ពួកគាត់ បន្ថែមទៀត។ លោក ធូ វិរៈ រាយការណ៍៖
សិស្សនិន្ទេស A ម្នាក់ក្នុងចំណោមសិស្សនិន្ទេស A ជាង ២០០ នាក់ផ្សេងទៀត គឺយុវជន ខាន់ លីហួរ មានវ័យ១៨ឆ្នាំ ដែលអាចនិយាយបាន ២ភាសា គឺភាសាអង់គ្លេស និងភាសារចិន បានផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានថាពិពណ៌អប់រំនេះមានសារៈសំខាន់ណាស់ ក្នុងការបើកឱកាសទៅដល់សិស្សនិន្ទេស A ចាប់យកអាហារូបករណ៍ ទៅសិក្សាបន្តនៅសហរដ្ឋអាមេរិក។
លីហួរ បន្តថាសិស្សទាំងអស់ត្រូវតែសំទ្បឹងមើលផ្លូវដែលត្រូវដើរទៅមុខ ឱ្យបានច្បាស់លាស់ដើម្បីចាប់យកជំនាញមួយដែលខ្លួនពេញចិត្ត ទៅសិក្សានៅក្រៅប្រទេសជាពិសេសត្រូវពង្រឹង ភាសាអង់គ្លេសឱ្យបានល្អព្រោះភាសានេះ ជាយានឈានទៅចាប់យកអាហារូបករណ៍សិក្សានៅក្រៅប្រទេស។
យុវជន ខាន់ លីហួរ ស្នើឱ្យក្រសួងអប់រំ និងស្ថានទូតនានានៅកម្ពុជាបើកកម្មវិធី ផ្តល់ឱកាសដល់សិស្សឱ្យបានស្វែងយល់ពី របៀបដែលអាចចាប់យកអាហារូបករណ៍ ទៅសិក្សាទៅតាមស្ថានទូតនីមួយៗ។
«ខ្ញុំគិតថាការបង្កើតកម្មវិធីនេះ ពិតជាល្អសម្រាប់សិស្សមិនមែន តែសិស្សនិន្ទេស A តែមួយមុខនោះទេ គឹសម្រាប់សិស្សទូទៅ ព្រោះកម្មវិធីដូចជាសម្រាប់សិស្សនិន្ទេស A ប៉ុន្តែលើកក្រោយមួយឆ្នាំគេធ្វើម្តងសម្រាប់សិស្សទូទៅអញ្ចឹងពួកគាត់អាចឆ្លៀតឱកាសដើម្បីក្រេបជញ្ជក់នូវប្រយោន៍នេះ ណាមួយទៀតខ្ញុំចង់ស្នើឱ្យក្រសួងយើងឬក៏បណ្តាស្ថានទូតនានា បង្កើតការស្វែងរកអាហារូបករណ៍ ទៅតាមបណ្តាប្រទេសនីមួយៗវាខុសគ្នាយ៉ាងដូចម្តេច ហើយដើម្បីឱ្យពួកគាត់ត្រៀមខ្លួនរៀបចំឯកសារ និង apply យកអាហារូបករណ៍នៅប្រទេសទាំងអស់ហ្នឹង»។
យុវជនមួយរូបទៀតដែលសិក្សានៅសាលារៀនអន្តរទ្វីបអាមេរិកកាំង គឺយុវជន ប៊ុន សុត្រាមុនី និយាយថា ការជួបជុំសិស្សនិន្ទេស A នេះគឺជាការលើកទឹកចិត្តឱ្យសិស្សកាន់តែមានជំនឿចិត្តបន្ថែមទៀត ក្នុងការសិក្សានិងផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់សិស្ស ដើម្បីស្វែងយល់ពី របៀបរបបនៃការដាក់ពាក្យប្រទ្បងយកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។
ប៊ុន សុត្រាមុនី៖ «ជាដំបូងគឺទី០១ មិត្តភាពនឹងផ្តល់ប្រយោជន៍ក៏ដូចជាសារៈសំខាន់ចំពោះសិស្សនិន្ទេសAទាំងអស់គ្នាយើងនឹងពង្រឹងមិត្តភាពដ៏រឹងមាំមួយហើយ ទី០២យើងនឹងយល់ដឹងព័ត៌មានផ្សេងៗដូចជាយើងអាចចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមក»។
ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William A. Heidt បានថ្លែងថា មូលហេតុដែលស្ថានទូតរៀបចំឱ្យមានវត្តមានសិស្សនិន្ទេសA គឺក្នុងគោលបំណងដើម្បីឱ្យសិស្សានុសិស្សដឹងថាសហរដ្ឋអាមេរិក កំពុងតែសំទ្បឹងរកសិស្សឱ្យទៅសិក្សានៅសហរដ្ឋអាមេរិក ដែលមានសាលាជាង ៥ ពាន់មានកម្មវិធីសិក្សាគ្រប់មុខវិជ្ជា។
លោក William A. Heidt ឱ្យសិស្សកម្ពុជាបន្តពង្រឹងការសិក្សា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចំរើនទៅមុខ។
លោក William A. Heidt ៖«មានសិស្សនិស្សិតកម្ពុជាដូចជាក្មួយៗមានចំនួនរាប់ពាន់នាក់ដែលបានសិក្សានៅសហរដ្ឋអាមេរិក ហើយបានមកកម្ពុជាវិញ វាការល្អបំផុតការៀនសូត្រគឺការសួរដូច្នេះសូមកុំខ្លាច អ្វីដែលសំខាន់ជាងគេគឺក្មួយៗចង់រៀនជំនាញដោយខ្លួនឯង ដូចនេះសូមសន្យាថាអ្វីៗអាចទៅរួចក្មួយជាអ្នកបន្តដែលបន្តខិតខំរៀនសូត្រ ហើយមានជំនាញមានសមត្ថភាពដោយខ្លនឯងមានន័យថាក្មួយៗ មានការទទួលខុសត្រូវក្នុងការជួយអភិវឌ្ឍន៍ នឹងធ្វើឱ្យប្រទេសម្ពុជាសម្បូរសប្បាយ»។
ជុំវិញនឹងការលើកទ្បើងនេះ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីទ្បា លោក ទ្បៅ ឈីវអ៊ាវ មានប្រសាសន៍ថា ការរៀបចំពិពណ៍និន្ទេស A នេះគឺជាការជំរុញ និងជាការលើកទឹកចិត្តទៅដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ ជាពិសេសអាចផ្តល់ឱកាសឱ្យពួកគេចាប់យកអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក។
មន្ត្រីក្រសួងអប់រំរូបនេះ សង្ឃឹមថាកម្មវិធីនឹងផ្តល់ប្រយោជន៍ជាច្រើនទៅដល់សិស្សានុសិស្សដើម្បីឈានទៅចាប់យកអាហារូបករណ៍ ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។
«ពិពណ៍អប់រំនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់សិស្សនិស្សិត ជាផែនទីបង្ហាញផ្លូវនឹងប្រាប់ប្រភពសម្រាប់ការស្រាវជ្រាវតាមជំនាញឯកទេសនីមួយៗ សេវាបណ្ណាល័យ ប្រភពសម្ភារៈសម្រាប់សិក្សាភាសាអង់គ្លេសនឹងការប្រើប្រាស់ជំនាញឯកទេស ដើម្បីអភិវឌ្ឍន៍សង្គមជាតិនេះគឺជាឱកាសមួយយ៉ាងល្អដែលសិស្សនិស្សិតអាចមានទំនាក់បណ្តាញសង្គមចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមក»។
សូមជំរាបថាចាប់តាំងពីក្រសួងអប់រំធ្វើកំណែទម្រងមក គឺលើកទីមួយ មានសិស្សដែលដែលប្រទ្បងជាប់និន្ទេស A ចំនួន ១១នាក់ លើកទីពីរ មានសិស្សនិន្ទេស A ចំនួន ១០៨នាក់ និងលើកទីបី នៅឆ្នាំ២០១៥-២០១៦នេះ មានសិស្សនិន្ទេស A ចំនួន ៤០៥ នាក់ ដែលមន្ត្រីក្រសួងអប់រំថា ទោះបីពីមួយឆ្នាំទៅមួយឆ្នាំមានចំនួនសិស្សនិន្ទេស A កើនទ្បើងក៏ដោយក៏នៅមានកម្រិតដែរបើធៀបនឹងនៃចំនួនអ្នកដែលបានប្រទ្បង៕