ក្រុងម៉ានីល ៖ ឆ្មាំសមុទ្រចិន នៅតែបន្តបើកនាវាល្បាតនៅតំបន់ថ្មប៉ប្រះទឹកក្បែរតំបន់ជម្លោះសមុទ្រចិនខាងត្បូងដដែល ប៉ុន្តែមិនបានបញ្ឈប់ការនេសាទរបស់ប្រជានេសាទហ្វីលីពីននោះឡើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិហ្វីលីពីន និយាយកាលពីថ្ងៃអាទិត្យទី៣០ តុលា ម្សិលមិញ។
ព័ត៌មានដែលទទួលបានពីអ្នកនេសាទហ្វីលីពីន ដែលទើបត្រឡប់មកពីតំបន់ថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូងនិយាយថា ពួកគេបានទទួលដំណឹងតាមរយៈសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលហ្វីលីពីនបញ្ជាក់ថា នាវាល្បាតចិនបានចាកចេញពីដែនជម្លោះសមុទ្រចិនខាងត្បូង តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ប៉ុន្តែពួកគេនៅតែប្រទះឃើញនាវាល្បាតចិនដដែល។
យ៉ាងណាមិញ អ្នកនាំពាក្យប្រធានាធិបតីលោក Rodrigo Duterte និយាយកាលពីថ្ងៃសៅរ៍ថា មិនមានវត្តមាននាវាចិន ល្បាតយូរនោះទេនៅតំបន់ថ្មប៉ប្រះទឹក ក្រោយពីលោក Duterte បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីជួសជុលទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។
ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងការពារជាតិលោក Arsenio Andolong បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថាអ្នកនេសាទហ្វីលីពីនអាចទៅនេសាទនៅតំបន់ថ្មប៉ប្រះទឹកនោះបាន បើទោះបីជាប្រទះឃើញឆ្មាំសមុទ្រចិនបើកនាវាល្បាតនៅទីនោះក្តី៕ប្រភព៖CNA