en     km
en     km

អ្នកនយោបាយ​ និង​អ្នក​ចងក្រង​សៀវភៅ​ ៖​ លោក​ ប៉ែន​ សុវណ្ណ​ លា​ចាក​លោក​ទៅ​ក្ដី​ តែ​ឧត្ដមគតិ​ស្នេហា​ជាតិ​នៅ​ជាមួយ​ខ្មែរ​ជា​និច្ច​?

Share

ភ្នំពេញ៖បន្ទាប់​ពី​អតីត​នាយក​រដ្ឋមន្ដ្រី​ដំបូង​គេ​របស់​កម្ពុជា​ នៅ​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ លោក​ ប៉ែន​ សុវណ្ណ​ បាន​ទទួលមរណភាព​ កាលពី​វេលា​ម៉ោង​ ១៩៖១៥​ នាទី​យប់​ កាលពី​ថ្ងៃ​ទី​ ២៩​ ខែតុលា​ ឆ្នាំ​ ២០១៦​។​ មរណភាព​របស់​លោក​ ប៉ែន​ សុវណ្ណ​ នាំ​ឱ្យ​មេ​បក្ស​ប្រឆាំង​ មន្ដ្រីជាន់ ខ្ពស់​នៃ​គណបក្ស​នេះ​ ក៏​ដូច​ជា​សាស្ដ្រាចារ្យ​វិស័យ​សារព័ត៌មាន​ សុទ្ធសឹងតែ​បង្ហាញ​ការ​សោកស្ដាយ​រូប​លោក​ជា​ពន់ពេក​។​ អ្នក​ទាំង​គ្នា​សុទ្ធតែ​លើក​ឡើង​ដូចៗ​គ្នា​ថា​ លោក​ ប៉ែន​ សុវណ្ណ​ ជា​មេដឹកនាំ​ដែល​មាន​ឧត្តម​គិត​ស្នេហា​ជាតិ​ពិតប្រាកដ​ ហើយ​បើ​ទោះបីជា​លោក​លាចាក​លោក​នេះ​ក្តី​ ក៏​លោក​នៅ​តែ​ស្រលាញ់​ជាតិ​ជា​និច្ច​។​

លោក​ ប៉ែន​ សុវណ្ណ​ អតីត​នាយក​រដ្ឋមន្ដ្រី​នៃ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​
លោក​ ប៉ែន​ សុវណ្ណ​ អតីត​នាយក​រដ្ឋមន្ដ្រី​នៃ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​

​អតីត​នាយក​រដ្ឋមន្ដ្រី​នៃ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​លោក​ ប៉ែន​ សុវណ្ណ​ កើត​នៅ​ថ្ងៃ​ទី​ ១៥​ ខែ​ មេ​សា​ ឆ្នាំ​ ១៩៣៦​ នៅ​ ភូមិ​ចន្ទ​ទៀប​ ឃុំ​សំរោង​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​។​ លោក​គឺជា​អតីត​នាយក​រដ្ឋ មន្ត្រី​ទី​មួយ​ នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​គាំទ្រ​ដោយ​ ទីក្រុង​ហាណូយ​ ប្រទេស​វៀត ណាម​។​ លោក​ ប៉ែន​ សុវណ្ណ​ បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា​ ក្នុង​ ឆ្នាំ​១៩៧៩​ រហូត​ដល់​ ឆ្នាំ​១៩៨១​ ពោល​គឺ​លោក​ស្ថិត​ក្នុង​ដំណែង​នេះ​បាន​ត្រឹមតែជាងពីរ​ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​លោក​ក៏​ត្រូវ​បាន​ទម្លាក់​ពី​ដំណែង​ ដោយ​ការ​ចាប់ខ្លួន​លោក​ទៅ​ឃុំ​នៅ​ទីក្រុង​ ហាណូយ​ ដោយ​កងទ័ព​វៀតណាម​ នៅ​ឆ្នាំ​ ១៩៨១​ អស់​រយៈពេល​ ១០​ឆ្នាំ​។​

លោក ប៉ែន សុវណ្ណ ខាងស្ដាំ ប្រភពពី Google
លោក ប៉ែន សុវណ្ណ ខាងស្ដាំ ប្រភពពី Google

បើ​យោង​តាម​ការ​ផ្ដល់​សម្ភាសន៍​របស់​លោក​ទៅ​កាន់​កាសែត​ក្នុងស្រុក​មួយ​បញ្ជាក់​ថា​ ការ​ទម្លាក់​លោក​ពី​ដំណែង​ជា​នាយក​រដ្ឋមន្ដ្រី​ កាលនោះ​ ក៏​ព្រោះតែ​លោក​មាន​និន្នាការ​ប្រឆាំង​ខ្លាំង​ជាមួយ​នយោបាយ​វៀតណាម​។​ លោក​ ប៉ែន​ សុវណ្ណ​ គឺជា​អតីត​ប្រធាន​រណសិរ្ស​ពីរ​ធ្នូ​ ដែល​បាន​ដឹកនាំ​ការ​តស៊ូ​ទទួល​បាន ការ​គាំទ្រ​ពី​កងទ័ព​វៀតណាម​ចូល​មក​កម្ពុជា​ ដើម្បី​ផ្ដួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​។​ លោក​ ប៉ែន​ សុវណ្ណ​ ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​នៅ​ទីក្រុង​ហាណូយ​វិញ​ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ ២៣​ តុលា​ ១៩៩១​។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

​ជុំវិញ​មរណភាព​របស់​លោក​ ប៉ែន​ សុវណ្ណ​ អតីត​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​រូប​នេះ​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណ បក្ស​សង្គ្រោះ​ជាតិ​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​ថ្ងៃ​ទី​ ៣០​ ខែ​ តុលា​ ថា​ លោក​សូម​លំ ឱនកាយ​គោរព​វិញ្ញាណក្ខន្ធ​លោក​ ប៉ែន​ សុវណ្ណ​ ដែល​ជា​អ្នក​ស្នេហា​ជាតិ​មួយ​រូប​ ដែល​បាន​តស៊ូ​ការពារ​ផលប្រយោជន៍​ប្រជារាស្ត្រ​ខ្មែរ​ ក្នុង​កាលៈទេសៈ​ប្រវត្តិសាស្ត្រ​ដ៏​លំបាក​ក្រៃ​លែង​។​ លោក​បន្ដ​ថា​ លោក​ ប៉ែន​ សុវណ្ណ​ ជា​បិតា​ថ្ងៃ​ ៧​ មក​រា​ ឆ្នាំ​ ១៩៧៩​។​ លោក​ឡើង​កាន់​ដំណែង​ជា​នាយក​រដ្ឋមន្ដ្រី​ដំបូង​គេ​ នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដែល​កាលនោះ​ លោក​មាន​អំណាច​ខ្លាំង​ជាងគេ​បង្អស់​នៅ​សម័យ​នោះ​។​ លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដូចនេះ​ថា​៖«​នៅ​ចុងឆ្នាំ​ ១៩៨១​ លោក​ ប៉ែន​ សុវណ្ណ​ ត្រូវ​បាន​កងទ័ព​វៀតណាម​ចាប់​យក​ទៅ​ដាក់គុក​ នៅ​ទីក្រុង​ហាណូយ​ អស់​រយៈពេល​ ១០​ ឆ្នាំ​ ដោយ​ សារ​តែ​លោក​ ប៉ែន​ សុវណ្ណ​ ហ៊ាន​ប្រឆាំង​នយោបាយ​ឈ្លានពាន​ និង​នយោបាយ​អាណានិគមនិយម​របស់​ប្រទេស​វៀតណាម​ មក​លើ​ប្រទេស​កម្ពុជា​ ក្នុង​ ៣​ ចំណុច​ ៖

​ ទី​១​ នយោបាយ​ បញ្ចូល​និគម​យួន​ កាន់តែ​ច្រើន​ឡើង​ ឲ្យ​មក​រស់នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​។​

-​ ទី​២​ នយោបាយ​ សម្លាប់​ខ្មែរ​ តាម​រយៈ​គម្រោង​ ផែនការ​ ក​៥​ ដែល​ជា​ការ​រៀបចំ​កេណ្ឌ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ស្លាប់​រាប់​សែន​នាក់​ ដោយ​គ្រុនចាញ់​ និង​ជាន់​មីន​ ក្រោម​លេស​ការពារ​ព្រំប្រទល់​ដែន​ ខ្មែរ​-​ថៃ​។

-​ ទី​៣​ នយោបាយ​ ប្លន់​ទ្រព្យសម្បត្តិ​ជាតិ​ ជា​ពិសេស​ ទ្រព្យសម្បត្តិ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ ពី​សំណាក់​ប្រទេស​វៀតណាម»។​

​លោក​ ប៉ែន​ សុវណ្ណ​ ជា​បុគ្គល​មួយ​រូប​ដែល​មាន​លក្ខណៈ​ជាតិនិយម​ខ្លាំង​ ហើយ​តែងតែ​គិត​ពី​ផលប្រ យោជន៍​ជាតិ​ជា​ធំ​ ជាង​ប្រយោជន៍​ផ្ទាល់ខ្លួន​ ជា​ពិសេស​លោក​មាន​ឧត្ដមគតិ​ខ្ពស់​គិតដល់​សុខទុក្ខ​ពលរដ្ឋ​។​

​មរណភាព​របស់​អតីត​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​រូប​នេះ​ បាន​ធ្វើ​ឲ្យ​អ្នកនយោបាយ​ជើង​ចាស់​មួយ​រូប​ ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោក​ក្នុង​តំណែង​ ជា​អតីត​អនុរដ្ឋមន្ដ្រី​កា​របរ​ទេសនា​សម័យ​របប​សាធារណរដ្ឋ​ប្រជា មា និត​កម្ពុជា​ គឺ​លោក​ គង់​ គាំ​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ៣០​ តុលា​ ដោយ​លោក​បង្ហាញ​ក្ដី​សោកស្ដាយ​ជា​ពន់ពេក​ចំពោះ​ការ​បាត់បង់​អ្នក​ស្នេហា​ជាតិ​ដ៏​ស្មោះ​ស្ម័​ក្រ​រូប​នេះ​។​ លោក​បន្ដ​ថា​ ថ្វីបើ​រូប​កាយ​លោក​ ប៉ែន​ សុវណ្ណ​ បាន​បាត់​ពី​លោក​នេះ​ទៅ​ហើយ​មែន​ ប៉ុន្ដែ​ឧត្ដមគតិ​និង​ទឹកចិត្ដ​ស្នេហា​ជាតិ​ ចង់​សង្គ្រោះ​ជាតិ​របស់​លោក​នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ដ​លោក​ផ្ទាល់​ ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដដែល​។​

លោក គង់ គាំ អតីតប្រធាន​គណបក្ស​សម រង្ស៊ី ប្រភពពី Google
លោក គង់ គាំ អតីតប្រធាន​គណបក្ស​សម រង្ស៊ី ប្រភពពី Google

​លោក​ គង់​ គាំ​៖«​ខ្ញុំ​សម្ដែង​ការ​សោកស្ដាយ​ដែល​គាត់​ទទួលមរណភាព​ទៅ​នេះ​ ដូច្នេះ​ខ្លួនប្រាណ​គាត់​បាន​លាចាក​ពួក​យើង​ប៉ុន្ដែ​ឧត្ដមគតិ​នឹង​សេចក្ដី​ប៉ងប្រាថ្នា​ដើម្បី​សង្គ្រោះ​ជាតិ​នៅ​តែ​ជាប់​ជា​និច្ច​ជាមួយ​ពួក​យើង​នឹង​ពលរដ្ឋ​ខ្មែរ​»​។​

​ដូច​គ្នា​ដែរ​លោក​ ឆាយ​ សុផល​ អ្នក​ចងក្រង​សៀវភៅ​នៃ​«​មេដឹកនាំ​ខ្មែរ​ទាំងអស់​»​ ដែល​ក្នុង​នោះ​ក៏​មាន​លោក​ ប៉ែន​ សុ​ វណ្ណ​ មួយ​រូប​ផង​ដែរ​ ទទួលស្គាល់​ថា​ លោក​ ប៉ែន​ សុវណ្ណ​ ពិតជា​បុគ្គល​ដែល​មាន​លក្ខ ណៈ​ស​ម្ប​ត្ដ​ជាតិនិយម​ខ្លាំងក្លា​មែន​។​ លោក​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ការ​ដឹកនាំ​របស់​លោក​ ប៉ែន​ សុវណ្ណ​ ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​លោក​ជា​មនុស្ស​ម្នាក់​ ដែល​មានការ​សង្ស័យ​ច្រើន​ទៅ​លើ​កម្មាភិបាល​ ឬ​មន្ដ្រីជាន់ខ្ពស់​របស់​ខ្លួន​ច្រើន​ ហើយ​ម្យ៉ាងវិញទៀត​លោក​គឺ​ធ្វើការ​អ្វី​តែង​ចង់បាន​ផល​លឿន​ពេក​ដែល​ធ្វើ​ឲ្យ​កិច្ចការ​ធំ​មួយ​ចំនួន​របស់​លោក​ត្រូវ​ខូ​ត​ខាត​។​

​លោក​ ឆាយ​ សុផល​៖«​បើ​តាម​ការ​ស្រាវជ្រាវ​នឹង​បទ​សម្ភាសន៍​របស់ខ្ញុំ​កន្លង​មកនេះ​ គឺ​លោក​ ប៉ែន​ សុវណ្ណ​ គាត់​បង្ហាញ​នៅ​ទស្សន​ជាតិនិយម​ច្រើន​ ហើយ​ការ​ដឹកនាំ​មួយ​ចំនួន​លោក​មានការ​សង្ស័យ​ច្រើន​ទៅ​លើ​កម្មាភិបាល​កាលពី​ឆ្នាំ​ ១៩៧៩​ ១៩៨០​ ៨១​ នេះ​គឺ​លោក​តែងតែ​មានការ​សង្ស័យ​ច្រើន​ទៅ​លើ​កម្មាភិបាល​របស់​ខ្លួន​»​។​

​ប្រការ​នេះ​លោក​ ឆាយ​ សុផល​ ពន្យល់​ថា​ ការ​សង្ស័យ​របស់​លោក​ ប៉ែន​ សុវណ្ណ​ ពីព្រោះ​តែ​កាលនោះ​ លោក​ពុំ​មែន​ជា​មេទ័ព​ដូច្នេះ​លោក​ហាក់​មិនសូវ​មាន​ប្រជាប្រិយភាព​ក្នុង​ជួរ​កងទ័ព​។​ ទើប​ធ្វើ​ឲ្យ​លោក​ ប៉ែន​ សុវណ្ណ​ សម្រេចចិត្ដ​ចូលរួម​ជាមួយ​ សម្ដេច​ ហ៊ុន​ សែន​ សម្ដេច​ ហេង​ សំ​រិ​ន​ សម្ដេច​ ជា​ ស៊ី​ម​ ដែល​សុទ្ធសឹងតែ​ជា​មេទ័ព​ពូកែ​ដែល​មាន​ប្រជាប្រិយ​។​ ព្រោះ​ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក​ ប៉ែន​ សុវណ្ណ​ ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ដ្រី​តែងតែ​សង្ស័យ​មន្ដ្រីជាន់ខ្ពស់​របស់​ខ្លួន​។​

លោក ឆាយ សុផល សាស្រ្ដាចារ្យវិស័យសារព័ត៌មាន
លោក ឆាយ សុផល សាស្រ្ដាចារ្យវិស័យសារព័ត៌មាន

​លោក​ ឆាយ​ សុផល​៖«​ដោយសារ​ទី​១​ លោក​មិនមែន​ជា​មេទ័ព​ដូច្នេះ​លោក​មិនសូវ​មាន​ប្រជាប្រិយភាព​ក្នុង​កងកម្លាំងប្រដាប់អាវុធ​ក្រោយមក​គាត់​បាន​ចូលរួម​ជាមួយ​ ជា​ ស៊ី​ម​ ហេង​ សំ​រិ​ន​ ហ៊ុន​ សែន​ ដែល​ពួក​គាត់​ភាគច្រើន​ជា​មេទ័ព​។​ ដូច្នេះ​បានជា​ធ្វើ​ឲ្យ​ ប៉ែន​ សុវណ្ណ​ នៅ​ក្នុង​ដំណាក់​កាលនោះ​លោក​តែងតែ​មានការ​សង្ស័យ​ហើយ​ចង់​ស្វែងរក​ចាប់ខ្លួន​ជា​ពិសេស​សម​មិត្ដ​ ជា​ ស៊ី​ម​ ដែល​ដំណាក់​កាលនោះ​លោក​គឺជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ នៅ​ក្នុង​ការ​ដឹកនាំ​គាត់​គឺ​មានការ​សង្ស័យ​ច្រើន​»​។

​អ្នក​ចងក្រង​សៀវភៅ​នៃ​«​មេដឹកនាំ​ខ្មែរ​ទាំងអស់​»​រូប​នេះ​បញ្ជាក់​ថា​ ថ្វីបើ​លោក​ ប៉ែន​ សុវណ្ណ​ ជា​មនុស្ស​ដែល​មានការ​សង្ស័យ​ច្រើន​ និង​ធ្វើការ​ចង់បាន​លទ្ធផល​ឆាប់រហ័ស​ក៏​ពិតមែន​ ប៉ុន្ដែ​លោក​គឺជា​អតីត​មេ ដឹកនាំ​ដែល​មានគំនិត​ជា​និយម​ខ្លាំងក្លា​មួយ​រូប​។​

​លោក​ ប៉ែន​ សុវណ្ណ​ អតីត​នាយក​រដ្ឋមន្ដ្រី​នៃ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ និង​បច្ចុប្បន្ន​លោក​ជា​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ កំពង់ស្ពឺ​ បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង​ ១៩៖១៥​ នាទី​ នៅ​ថ្ងៃ​ទី​ ២៩​ ខែតុលា​ ឆ្នាំ​ ២០១៦​ ក្នុង​ជន្មាយុ​ ៨០​ឆ្នាំ​ ដោយ​រោគាពាធ​៕

Share

Image
Image
Image