en     km
en     km

​តុលាការ​សម្រេចចោទប្រកាន់​យុវជន​ ម្នាក់​ពី​បទ​ប្រមាថ​អាយុជីវិត​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​

Share

ភ្នំពេញ ៖ ​យុវជន​ម្នាក់​ឈ្មោះ​ វ៉ែន​ សុភាព​ ហៅ​ សាម​ ភាព​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​ពីរ​បទ​ចោទ​គឺ​ បទ​គំរាម កំហែង​ថា​នឹង​សម្លាប់​ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​ បន្ទាប់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅផ្ទះ​របស់​លោក​ នៅ​ស្រុក​ស៊ី​ធរ​កណ្ដាល​ ខេត្តព្រៃវែង​ កាលពី​ថ្ងៃ​ទី​ ២៧​ ខែតុលា​។​

រូបជនត្រូវចោទករណីប្រមាថជីវិតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។រូបភាពពីអង្គភាពFresh News
រូបជនត្រូវចោទករណីប្រមាថជីវិតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។រូបភាពពីអង្គភាពFresh News

​ការ​ចាប់ខ្លួន​បញ្ជូន​មក​តុលាការ​នេះ​ បន្ទាប់​ពី​យុវជន​អាយុ​ ២៧​ ឆ្នាំ​ រូប​នេះ​ ដាក់​បណ្តាសារ​ប្រមាថ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ គ្រា​ដែល​យុវជន​រូប​នេះ​រស់នៅ​ប្រទេស​ថៃ​។​

​បើ​តាម​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ (Telegram)​ថា​ លោក​ គង់​ សំសា​រ៉េ​ត​ ជា​ព្រះរាជអាជ្ញា​រង​បាន​សម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ ចោទប្រកាន់​លើ​ឈ្មោះ​ វ៉ែន​ សុភាព​ ហៅ​ សាម​ ភាព​ ពី​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់​ និង​បទ​ញុះញង់​ ឲ្យ​មានការ​រើសអើង​ តាម​មាត្រា​ ២៣៣​ មាត្រា​ ៤៩៤​ និង​មាត្រា​ ៤៩៦​ ក្រមព្រហ្មទណ្ឌ​ ហើយ​បញ្ជូន​ជន​ នេះ​និង​សំណុំរឿង​ទៅ​ចៅក្រម​សើ​ប​សួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​តាម​ក្រមព្រហ្មទណ្ឌ​ បទ​គំរាមកំហែង​ថា​នឹង​សម្លាប់​ នឹង​ត្រូវ​ផ្ទ​ន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ៦​ ខែ​ទៅ​ដល់​ ២​ឆ្នាំ​ និង​ពិន័យ​ជា​ទឹកប្រាក់​ពី​ ១​ លាន​រៀល​ទៅ​ ៤​ លាន​រៀល​។​ រីឯ​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​ នឹង​ត្រូវ​ផ្ទ​ន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ១​ ឆ្នាំទៅ​ ៣​ ឆ្នាំ​ និង​ពិន័យ​ជា​ទឹកប្រាក់​ពី​២​ លាន​រៀល​ទៅ​ ៦​ លាន​រៀល​។​ 

​ករណី​ស្រ​ដៀង​គ្នា​នេះ​យុវជន​ គង់​ រ៉ៃ​យ៉ា​ ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​ កាលពី​ថ្ងៃ​ទី​២២​ សីហា​ ដោយ​ចោទប្រកាន់​ពី​ បទ​ញុះញង់​ឲ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ បន្ទាប់​ពី​យុវជន​ រូប​នេះ​ បាន​ប្រកាស​គម្រោង​ចង់​ធ្វើ​បដិវត្ត​ពណ៌​នៅ​លើ​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕

Share

Image
Image
Image