ភ្នំពេញ ៖ យុវជនម្នាក់ឈ្មោះ វ៉ែន សុភាព ហៅ សាម ភាព ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីរបទចោទគឺ បទគំរាម កំហែងថានឹងសម្លាប់ និងបទញុះញង់ឲ្យមានការរើសអើង បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង កាលពីថ្ងៃទី ២៧ ខែតុលា។
ការចាប់ខ្លួនបញ្ជូនមកតុលាការនេះ បន្ទាប់ពីយុវជនអាយុ ២៧ ឆ្នាំ រូបនេះ ដាក់បណ្តាសារប្រមាថនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើបណ្តាញសង្គមហ្វេសប៊ុក គ្រាដែលយុវជនរូបនេះរស់នៅប្រទេសថៃ។
បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានឲ្យដឹងតាមបណ្តាញសង្គមតេឡេក្រាម (Telegram)ថា លោក គង់ សំសារ៉េត ជាព្រះរាជអាជ្ញារងបានសម្រេចបើកការស៊ើបសួរដោយ ចោទប្រកាន់លើឈ្មោះ វ៉ែន សុភាព ហៅ សាម ភាព ពីបទគំរាមកំហែងថានឹងសម្លាប់ និងបទញុះញង់ ឲ្យមានការរើសអើង តាមមាត្រា ២៣៣ មាត្រា ៤៩៤ និងមាត្រា ៤៩៦ ក្រមព្រហ្មទណ្ឌ ហើយបញ្ជូនជន នេះនិងសំណុំរឿងទៅចៅក្រមសើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។
តាមក្រមព្រហ្មទណ្ឌ បទគំរាមកំហែងថានឹងសម្លាប់ នឹងត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី ៦ ខែទៅដល់ ២ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ១ លានរៀលទៅ ៤ លានរៀល។ រីឯបទញុះញង់ឲ្យមានការរើសអើង នឹងត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ៣ ឆ្នាំ និងពិន័យជាទឹកប្រាក់ពី២ លានរៀលទៅ ៦ លានរៀល។
ករណីស្រដៀងគ្នានេះយុវជន គង់ រ៉ៃយ៉ា ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ កាលពីថ្ងៃទី២២ សីហា ដោយចោទប្រកាន់ពី បទញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីយុវជន រូបនេះ បានប្រកាសគម្រោងចង់ធ្វើបដិវត្តពណ៌នៅលើគណនីបណ្តាញសង្គមហ្វេសប៊ុក៕