ក្រុងសេអ៊ូល ៖ ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នាដោយបានអុជទានបំភ្លឺផង នៅក្នុងរដ្ឋធានីនៃប្រទេសកូរ៉េខាងត្បូង កាលពីល្ងាចថ្ងៃសៅរ៍ទី២៩ ខែតុលា នេះ ហើយពួកគេបានលើកបដា និងស្រែកអំពាវនាវឱ្យលោកស្រីប្រធានាធិបតី ប៉ាក់ គួនហេ(Park Geun-hye) ចុះចេញពីតំណែង ដោយចោទថា លោកស្រីបានអនុញ្ញាតឱ្យមិត្តភក្តិជិតស្និទ្ធទៅជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋ។

ពលរដ្ឋកូរ៉េខាងត្បូងដែលបានតវ៉ាអំពាវនាវដកលោកស្រី ប៉ាក់ ពីតំណែង នៅតែចុះផ្លូវតវ៉ា បើទោះបីជាមានការសុំទោសជាសាធារណៈពីសំណាក់លោកស្រី ប៉ាក់ កាលពីល្ងាចថ្ងៃសុក្រដ៏ដោយ។
ក្រុមក្មេងជំទង់ស្លៀកឯកសណ្ឋានជាសិស្សសាលា និស្សិតមហាវិទ្យាល័យ សកម្មជនការងារ និងគូស្វាមីភរិយាវ័យកណ្តាល ព្រមទាំងយុវជននឹងកុមារផង បានចូលរួមការជួបជុំនេះ ហើយកាន់បដា និងបានស្រែកថា «ចុះចេញពីតំណែងទៅលោកស្រី Park Geun-Hye »។
អ្នកស្រី លី ជីហ៊ូ(Lee Ji-Hu)ជាស្ត្រីមេផ្ទះ វ័យ៣៣ ឆ្នាំម្នាក់មកពីខេត្ត Gimpo ភាគពាយព្យទីក្រុងសេអ៊ូ ព្រមជាមួយប្ដី និងកូនតូចពីរម្នាក់ផងបាននិយាយថា៖ «ខ្ញុំមកទីនេះនៅថ្ងៃនេះ ដើម្បីបង្ហាញពីអារម្មណ៍ខឹងសម្បាលរបស់ខ្ញុំ»។
អ្នកស្រី លី បន្តថា៖«តើអ្នកដែលមានចរិកបោកបញ្ឆោតធ្វើជាមេដឹកនាំបានដោយរបៀបណា ហើយថាតើមានមេដឹកនាំឯណាដែលយកអ្នកបួសធ្វើជាទីប្រឹក្សាសម្ងាត់ និងអនុញ្ញាតឱ្យដោះស្រាយកិច្ចការរដ្ឋនោះតើវានឹងខ្ជះខ្ជាយប្រាក់បង់ពន្ធដូចម្តេចទៅ?» ។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំមានអារម្មណ៍ថាខ្មាស់អៀនណាស់ … ខ្ញុំមិនអាចអនុញ្ញាតឱ្យប្រទេសរបស់យើងកូនៗរបស់ខ្ញុំរស់នៅក្នុងភាពពុករលួយបែបនេះទេ»។
ប៉ូលីសបានដាក់កម្លាំង ៨ ពាន់នាក់ព័ន្ធជុំវិញហ្វូងមនុស្ស ខណៈដែលអ្នករៀបចំបាននិយាយថា មនុស្សចូលរួមការតវ៉ានេះមានប្រមាណ ២ម៉ឺននាក់កំពុងទម្លាយចេញ។
មានការតវ៉ាស្រដៀងគ្នានេះផងដែរ បានកើតឡើងនៅក្នុងទីក្រុង និងខេត្តនានា រួមទាំងទីក្រុងធំបំផុតទីពីររបស់ប្រទេសនេះ គឺទីក្រុងប៊ូសាន។
រឿងអាស្រូវធំបំផុតទាក់ទងដៃជើងរបស់ប្រធានាធិតី បានរីករាលដាលធំឡើងជំរុញឱ្យប្រជាប្រិយភាពរបស់លោកស្រី Park ធ្លាក់ដល់កម្រិតទាបបំផុតក្នុងកំណត់ត្រាជាមេដឹកនាំ។

រឿងអាស្រូវនោះគឺថា មនុស្សស្រីជំនិតម្នាក់ដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយលោកស្រី ប៉ាក់ គឺអ្នកស្រី Choi Soon-Sil ដែលកំពុងត្រូវបានស៊ើបអង្កេតជាផ្លូវការចំពោះការប្រើប្រាស់ទំនាក់ទំនងរបស់នាងជាមួយលោកស្រី ប៉ាក់ បានទៅបង្ខិតបង្ខំឱ្យក្រុមហ៊ុន Samsung បង្កើតជាមូលនិធិដ៏ធំមួយក្នុងទិសដៅមិនរកប្រាក់ចំណេញ ប៉ុន្តែនាងត្រូវបានចោទប្រកាន់ថា បានធ្វើឡើងសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់នាងតែប៉ុណ្ណោះ។
ទីភ្នាក់ងារយ៉ុនហាប់បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថ្មីៗនេះថា ព្រះរាជអាជ្ញាបានឆ្មក់ចូលផ្ទះ និងការិយាល័យរបស់ទីប្រឹក្សាជាន់ខ្ពស់របស់លោកស្រីប្រធានាធិបតី ប៉ាក់។ ពួកគេបានរឹបអូសយកកុំព្យូទ័រ និងឯកសារពីផ្ទះរបស់ទីប្រឹក្សាកំពូលប្រធានាធិបតី និងភាគីចំនួនពីរផ្សេងទៀតផងដែរ មានដូចជារដ្ឋមន្ត្រីក្រសួងវប្បធម៌។
យ៉ាងណាមិញ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងសហការក្នុងការស៊ើបអង្កេតរបស់ព្រះរាជអាជ្ញាទៅលើមនុស្សជំនិតរបស់លោកស្រីប្រធានាធិតី ប៉ាក់ គួនហេនេះ៕ប្រភព៖CNA