ភ្នំពេញ៖ លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ដ្រីនាសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងបច្ចុប្បន្នលោកជាអ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិមណ្ឌល កំពង់ស្ពឺ បានទទួលមរណ ភាព នៅវេលាម៉ោង ១៩៖១៥ នាទី នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៦ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។
លោក ប៉ែន សុវណ្ណ កើតនៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ១៩៣៦ នៅ ភូមិចន្ទទៀប ត្រាំកក់ ខេត្តតាកែវ ។ លោក គឺជាអតីតនាយករដ្ឋមន្ត្រីទីមួយ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលគាំទ្រដោយទីក្រុងហាណូយ។ អតីតនាយករដ្ឋមន្ដ្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជារូបនេះ ត្រូវបានទម្លាក់ពីដំណែង ដោយការចាប់ខ្លួនលោកទៅឃុំនៅទីក្រុង ហាណូយ ដោយកងទ័ពវៀតណាម នៅឆ្នាំ ១៩៨១។ លោកគឺជាអតីតប្រធានរណសិរ្សពីរធ្នូ ដែលបានដឹកនាំការតស៊ូដោយការគាំទ្រពីកងទ័ពវៀតណាមចូលមកកម្ពុជាដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ។ លោក ប៉ែន សុវណ្ណ ត្រូវបានដោះលែងពីពន្ធនាគារនៅទីក្រុងហាណូយ វិញបន្ទាប់ពី មានកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ លោក យ៉ែម បុញ្ញាឬទ្ធិ អ្នកនាំពាក្យសំឡេងភាគតិចរដ្ឋសភានៃគណបក្សសង្គ្រោះជាតិ បានសរេសរលើទំព័រហ្វេសប៊ុក ដោយចូលរួមរំលែកទុក្ខក្រុមគ្រួសារលោក ប៉ែន សុវណ្ណ ដូចនេះថា៖«ប៉ែន សុវណ្ណ អក្ខរាចារលើជញ្ជាំងគុក “រស់ដើម្បីជាតិ ដើម្បីប្រជាជនខ្ញុំ”។ ក្នុងមួយឆាកជីវិត ព្យាយាមតស៊ូដើម្បីបុព្វហេតុជាតិ ហ៊ានតវ៉ាប្រឆាំង ហ៊ានជាប់គុកច្រវ៉ាក់ មិនលោភលន់ គ្មានទ្រព្យសម្បត្តិ ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជាតិខ្មែរ ក្នុងបំណងតែមួយគត់ គឺជាតិ។ យើងមានទុក្ខក្រៀមក្រំ សោក ស្ដាយយ៉ាងខ្លាំង និងសូមចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ លោក ប៉ែន សុវណ្ណ ជាសមាជិករដ្ឋសភា ជាអតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាឧត្ដមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ ដែលបានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ នៅវេលាម៉ោង ១៩:១៧ នាទី នាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅគេហដ្ឋានក្នុងទីរួមខេត្តតាកែវ។ នេះគឺជាការបាត់បង់ កុលបុត្រខ្មែរដ៏ឆ្នើម ជាការបាត់បង់របស់ប្រជាជាតិយើង។ សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់លោក ប៉ែន សុវណ្ណ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕