ភ្នំពេញ ៖ រយៈពេល២៨ថ្ងៃក្នុងខែតុលា ចាប់ពីថ្ងៃទី០១ ដល់ ២៨ ខែតុលា ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីខេត្តក្រុង បានកើតឡើង ២៤៧ លើក ប្រៀបធៀបរយៈដូចគ្នា នឹងខែកញ្ញា១៤៩លើក មានការថយចំនួនពីរលើក។ នេះបើយោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ ។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងរយៈពេល២៨ថ្ងៃ អ្នកស្លាប់មានចំនួន១១១នាក់ ថយចុះចំនួន១០នាក់។ ចំណែកអ្នករបួសមានចំនួន ៥៩៥ នាក់ កើនឡើង ១៩៧ នាក់។
របាយការណ៍នេះ ឱ្យដឹងបន្តថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ ក្នុងនោះមានអ្នកស្លាប់ដោយបើកបរម៉ូតូ ជួបគ្រោះថ្នាក់ចំនួន ៨១ នាក់ (មិនពាក់ មួកសុវត្ថិភាព ៦៧នាក់) ក្រៅពីនោះជួបគ្រោះថ្នាក់ដោយបើកបររថយន្ត ហើយមូលហេតុគ្រោះថ្នាក់ ដោយសារបើកបរក្នុងល្បឿនលឿន ស្រវឹង ប្រជែង មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ ងងុយដេក និងកត្តាយានយន្ត។
ដោយឡែកកាលពីម្សិលមិញនេះដែរ រថយន្តដឹកកម្មករចំនួនពីរគ្រឿងបើកវ៉ាគ្នាបណ្តាលឱ្យក្រឡាប់ នៅក្នុងតំបន់ 7NG ភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបណ្តាលឲ្យកម្មកររងរបួសស្រាល ចំនួន ១០ នាក់ របួសធ្ងន់ ២នាក់៕