ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានចេញសេចក្ដីជូនព័ត៌មានមួយកាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៦ ដែលជាការឆ្លើយតបទៅនឹងការផ្សាយព័ត៌មានរបស់វិទ្យុអន្ដរជាតិដែលផ្សាយជាភាសាខ្មែរ ជុំវិញដំណឹងថា សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជា ជនកម្ពុជា នឹងជួបចរចាជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិក្នុងពេលឆាប់ៗខាងមុខ គឺមិនមែនជាការពិតឡើយ។
សេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេស បញ្ជាក់ថា ការផ្សព្វផ្សាយដំណឹងពីជំនួបរវាងសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិក្នុងពេលឆាប់ៗខាងមុខ គឺជាព័ត៌មានខុសពីការពិតទាំងស្រុង។
ក្រសួងការបរទេស តាមរយៈសេចក្ដីជូនព័ត៌មានបញ្ជាក់ថា វិទ្យុអាស៊ីសេរីបានធ្វើការផ្សព្វផ្សាយនៅថ្ងៃទី ២៧ ខែ តុលាឆ្នាំ ២០១៦ នូវព័ត៌មានស្ដីពីជំនួបពិភាក្សាការងារ រវាងលោក ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រីរដ្ឋ មន្ដ្រីការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ជាមួយលោក Daniel Russel ឧបការីរដ្ឋមន្ដ្រីការបរទេ សអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងជំនួបនៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៦ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ដែលក្នុងនោះបានផ្សាយថា៖ «លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេសសម្ដែងក្ដីសង្ឃឹមប្រាប់លោក ដានីញ៉ែល រ៉ូស្សែល ( Daniel R.Russel) ឧបការីរដ្ឋមន្ដ្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្នុងជំនួបមួយកាល ពីថ្ងៃម្សិលមិញថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគ ណបក្សប្រឆាំងនឹងជួបចរចាគ្នាក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចប់ភាពតានតឹងខាងនយោបាយរវាងបក្សទាំងពីរ។ ហេតុផលដែលលោក ប្រាក់ សុខុន រំពឹងថា វិបត្ដិនយោបាយនឹងអាចដោះស្រាយបាននោះ ដោយសារតែតំណាងរាស្ដ្រគណបក្សប្រឆាំងព្រមចូលរួមកិច្ចប្រជុំរដ្ឋសភាឡើងវិញ»។
ប្រការនេះអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានធ្វើការគាត់សំគាល់នៃការផ្សាយមានដូចជា ការផ្សាយនេះពុំបានបញ្ជាក់ពីប្រភពព័ត៌មានសោះឡើយ ហើយព័ត៌មានដែលបានផ្សព្វផ្សាយនេះ គឺប្រាស់ចាកពីការពិត ដែលក្នុងកិច្ចសន្ទនា លោក ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី ពុំបានលើកឡើងទាល់តែសោះថា «លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រឆាំងនឹងជួបចរចាគ្នាក្នុងពេលឆាប់ៗនេះ» ដូចការផ្សាយរបស់វិទ្យុអាស៊ីសេរីនោះឡើយ។
បន្ថែមពីនេះតាមរយៈលិខិតដដែល បានគូសបញ្ជាក់ឲ្យដឹងថា នៅក្នុងជំនួបរវាងលោក ប្រាក់ សុខុន និង លោក Daniel Russel ឧបការីរដ្ឋមន្ដ្រីការបរទេសអាមេរិក លោកទេសរដ្ឋមន្ដ្រីបានត្រឹមតែលើកឡើងថា ការចូលរួមរបស់សមាជិកសភាគណបក្សប្រឆាំង ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ដ្រៃរដ្ឋសភា នាថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៦ គឺជាសញ្ញានៃភាពធូរស្រាល ដែលអាចនាំដល់ការចូលរួមរបស់សមាជិកសភាគណបក្សប្រឆាំង ក្នុងសម័យប្រជុំរបស់រដ្ឋសភា នាពេលខាងមុខ។ ជាងនេះ ការចូលរួមរបស់បក្សប្រឆាំងនេះគឺ ជាការបំពេញតួនាទីដ៏ត្រឹមត្រូវរបស់តំណាងរាស្ដ្រ គឺតាមរយៈការចូលរួមនៅក្នុងកិច្ចប្រជុំរបស់រដ្ឋសភា។ ហើយសមាជិកសភាគណបក្សប្រឆាំង នឹងមិនបំពេញតួនាទីរបស់ខ្លួនជាតំណាងរាស្ដ្រទេ បើគេធ្វើពហិការកិច្ចប្រជុំរដ្ឋសភា។
ជុំវិញករណីនេះវិទ្យុស្ដ្រីFM102 មិនទាន់អាចសុំការឆ្លើយតបពីនាយកគ្រប់គ្រងវិទ្យុ អាស៊ីសេរី ប្រចាំនៅក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមរិកបានទេនៅថ្ងៃនេះ។
សូមជម្រាបថា ឧបការីក្រសួងការបរទេសអាមេរិក លោក ដានីញ៉ែល រ៉ូស្សែល ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជាថ្មីៗនេះ បានប្រាប់ទៅភាគីបក្សកាន់អំណាចថា លទ្ធផលនៃការបោះឆ្នោត ត្រូវបានសហគមន៍អន្ដរជាតិទទួលស្គាល់ លុះត្រាតែមានវត្តមានរបស់លោក សម រង្ស៊ី ៕