ក្រុងប៉េកាំង ៖ ប្រទេសចិនកាលពីថ្ងៃសុក្រទី ២៨ តុលា ម្សិលមិញ បានស្តីបន្ទោសទៅកាន់ប្រទេសឥណ្ឌាដែលបានអញ្ជើញមេដឹកនាំសាសនាទីបេ គឺសម្តេចសង្ឃដាឡៃឡាម៉ាដែលកំពុងនិរទេសខ្លួន ដើម្បីទៅទស្សនកិច្ចនៅប្រទេសឥណ្ឌា ដែលធ្វើឱ្យការប្រជែងដែនដីនៅតាមព្រំដែនរវាងឥណ្ឌា និង ចិន កាន់តែអូសបន្លាយកាន់តែយូរ។ មួយវិញទៀតចិនក៏បានព្រមានថា ដំណើរទស្សនកិច្ចសង្ឃដាឡៃឡាម៉ា នឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរផងដែរ។

ប្រទេសចិនធ្លាប់បានអះអាងថា ទឹកដីប្រមាណជាង ៩ម៉ឺន គីឡូម៉ែត្រការ៉េ ដែលមានជម្លោះជាមួយឥណ្ឌានៅភាគខាងកើតនៃតំបន់ហិម៉ាឡៃយ៉ា គឺជារបស់ចិន។ យ៉ាងណាភាគច្រើននៃជនជាតិឥណ្ឌាបានឱ្យឈ្មោះតំបន់ជម្លោះនោះថា រដ្ឋអារុនឆាល ប្រាដែស(Arunachal Pradesh) ហើយចិនហៅតំបន់នោះថា ទីបេខាងត្បូង។
ជំនួយការជាន់ខ្ពស់របស់សម្តេចសង្ឃ Dalai Lama បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពវ័យ ៨០ ឆ្នាំរូបនេះ បានទទួលយកការអញ្ជើញពីរដ្ឋមន្ដ្រីប្រធានរដ្ឋឥណ្ឌា ដើម្បីទៅទស្សនានៅរដ្ឋ Arunchal Pradesh នេះ។ លោក Tenzin Taklha បានថ្លែងថា៖ «ពេលវេលាដែលសមគួរដែលសម្តេចសង្ឃដាឡៃឡាម៉ា ត្រូវទៅទស្សនា គឺនៅសប្តាហ៍ទីពីរក្នុងខែមីនាឆ្នាំក្រោយ »។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់នូវវត្តមានរបស់សម្តេចសង្ឃ Dalai Lama ដែលគ្រោងមកទស្សនានៅព្រំដែនចិន-ឥណ្ឌា។ តែទោះជាយ៉ាងណា អ្នកនាំពាក្យចិនថា ចិនរំពឹងថា ប្រទេសឥណ្ឌានឹងគោរពដល់ការមូលមតិទ្វេភាគីនៅលើតំបន់ជម្លោះនេះ។
លោក លូ កាំង(Lu Kang) អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់ក្នុងសន្និសីទកាសែតជាទៀងទាត់មួយថា៖«ប្រទេសចិនសង្ឃឹមថា នឹងមិនមានភាពស្មុគស្មាញអ្វីបន្ថែមជាមួយឥណ្ឌាទៀតឡើយលើបញ្ហាព្រំដែនចិន-ឥណ្ឌា ហើយចិនក៏រំពឹងថា ឥណ្ឌានឹងមិនផ្តល់វេទិកាឱ្យមនុស្សខូចដូចសម្តេចសង្ឃ Dalai Lama នោះទេ សម្រាប់សកម្មភាពបំបែកខ្លួនប្រឆាំងនឹងប្រទេសចិន»។
ប្រទេសចិនចាត់ទុកសម្តេចសង្ឃ Dalai Lama ថា មានចេតនាព្យាយាមបំបែកទឹកដីចិន ទោះបីជា Dalai Lama បដិសេធដោយនិយាយថា ទ្រង់គ្រាន់តែស្វែងរកស្វ័យភាពពិតប្រាកដសម្រាប់ប្រទេសកំណើត របស់ព្រះអង្គនៅហិមាល័យ ដែលកងទ័ពចិនកុម្មុយនីបានរំដោះដោយសន្តិវិធីកាលពីឆ្នាំ ១៩៥០ យ៉ាងណាក្តី ។
ចំណែកប្រទេសឥណ្ឌាឯណ្ណេះវិញ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានប្រាប់អ្នកកាសែតនៅឯសន្និសីទកាសែតប្រចាំសប្តាហ៍កាលពីថ្ងៃព្រហស្បតិ៍ថា៖ «សម្តេចសង្ឃដាឡៃឡាម៉ាគឺជាតួអង្គខាងព្រលឹងវិញ្ញាណនិងជាទីគោរព ហើយព្រះអង្គក៏ជាភ្ញៀវកិត្តិយសនៃប្រទេសឥណ្ឌាផងដែរ។ ទ្រង់មិនដែលគិតប្រាក់កាសក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសណាមួយនោះទេ » ។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌារូបនេះបន្តថា សម្តេចសង្ឃដាឡៃឡាម៉ាធ្លាប់ធ្វើទស្សនកិច្ចក្នុងរដ្ឋនេះម្តងរួមមកហើយនាពេលកន្លងទៅ។
ការខ្វែងគំនិតគ្នាលើការដាក់ពង្រាយអាវុធនុយក្លេអ៊ែររវាងចិន និង ឥណ្ឌានៅផ្នែកខ្លះជាប់ព្រំដែនប្រមាណ ៣៥០០ គីឡូម៉ែត្រ នាំឱ្យផ្ទុះសង្គ្រាមរយៈពេលខ្លីមួយកាលពីឆ្នាំ ១៩៦២។
ឥណ្ឌាចោទប្រកាន់ចិនថា បានកាន់កាប់ទឹកដីរបស់ខ្លួនប្រមាណ ៣៨ពាន់គីឡូម៉ែត្រការ៉េ នៅលើតំបន់ខ្ពង់រាប Aksai Chin ភាគខាងលិចប្រទេស។ ជាងនេះទៅទៀត ឥណ្ឌាក៏សង្ស័យចិនថា បានគាំទ្រគូប្រជែងរបស់ខ្លួនគឺប្រទេសប៉ាគីស្ថាន។
ភាពតានតឹងបានផ្ទុះឡើងម្តងម្កាលនៅតាមព្រំដែនដែលមានជម្លោះរវាងប្រទេសទាំងពីរ។ កាលពីខែសីហាចិនខឹងនឹងផែនការរបស់ឥណ្ឌាដែលដាក់មីស៊ីលនៅទីនោះ៕ប្រភព៖CNA