ភ្នំពេញ៖ នៅរយៈពេលចុងក្រោយនេះ ស្ថានភាពរបស់លោក សម រង្ស៊ី ក្នុងជម្លោះនយោបាយ កាន់តែធ្ងន់ធ្ងរ ដែលរដ្ឋាភិបាលបានចេញបទបញ្ជា ហាមមិនឱ្យលោក ចូលក្នុងប្រទេសជាដាច់ខាតគឺ ត្រូវតែចាប់ខ្លួនបញ្ជូនទៅវិញ។ ស្ថានភាពលោក សម រង្ស៊ី ពេលនេះ ឡើងកម្ដៅ ច្រើនជាងលោកកឹម សុខា ដែលកំពុងឃុំខ្លួនឯងនៅក្នុងស្នាក់ការគណបក្សសង្គ្រោះជាតិ ។
លោក កឹម សុខា កាលពីមុនស្ទើរតែមិនហ៊ានចេញមុខជួបសកម្មជនរបស់ខ្លួន ទោះបីនៅខាងមុខស្នាក់ការបក្សក៏ដោយ តែពេលនេះ លោក បានចេញមុខមកថ្លែងសុរន្ទកថាទៅកាន់អ្នកគាំទ្រ ហើយបានធ្វើដំណើរទៅចុះឈ្មោះបោះឆ្នោតទៀតផង ។
ចំណែកលោក សម រង្ស៊ី មិនអាចមានវត្តមាននៅក្នុងប្រទេស ហើយក៏គ្មានឱកាសចុះឈ្មោះបោះឆ្នោតបានផងដែរ ខណៈដែលសំនុំរឿងរបស់លោក ដែលប្ដឹងផ្ដល់ដោយមន្ដ្រីបក្សកាន់អំណាចកាន់តែកើនឡើង គឺ មានរហូតដល់បណ្ដឹងដែលប្ដឹងដោយប្រធានរដ្ឋសភា និងប្រមុខ រដ្ឋាភិបាលទៀតផង ។
ហេតុអ្វីបានជា ស្ថានភាពលោក សម រង្ស៊ី ធ្ងន់ធ្ងរជាងលោក កឹម សុខា ទៅទៀតនោះ?
អ្នកវិភាគដែលវិទ្យុស្ដ្រី បានសុំធ្វើការបកស្រាយលើប្រធានបទនេះ ពួកគាត់មានទស្សនៈប្រហាក់ប្រហែលគ្នាថា គឺ ចង់កំចាត់លោក សម រង្ស៊ី ច្រើនជាងលោក កឹម សុខា ព្រោះគេមិនចង់អោយ មេបក្សមួយរូបនេះ មកប្រកួតលើសង្វៀនដែលគេត្រៀមឱ្យមានប្រៀបលើបក្សប្រឆាំង។
ដើម្បីជ្រាបសូមស្ដាប់បទវិភាគដែលរៀបរៀងដោយកញ្ញា ជុំ ជោគជាតា ដូចតទៅ៖
នៅពេលដែលប្រជាជនកំពុងតែបាញ់ឆ្ពោះទៅរកគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតក្រុម ប្រឹក្សាឃុំសង្កាត់ និងបោះឆ្នោតសភា គឺ គណបក្សប្រឆាំងនេះក៏ត្រូវគេរុញឱ្យខ្ទប់ជញ្ជាំង ផង ដែរ។ មានន័យថា លោក សម រង្ស៊ី ចាកចោលប្រទេស ខណៈលោក កឹម សុខា អនុប្រធានបក្ស ស្ថិតក្នុងស្ថានភាពបាត់បង់សិទ្ធិធ្វើដំណើរ ជួបនិងអ្នកគាំទ្រខ្លួននៅតាមជនបទ។
ស្ថានភាពប៉ុន្មានខែមុននេះ គឺ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ស្ថិតក្នុងទ្វេរគ្រោះដូចគ្នា។ តែនៅពេលនេះ ករណីរបស់លោក កឹម សុខា ហាក់ដូចជា ថមថយបន្ដិច បន្ទាប់ពីសហគមន៍អន្ដរជាតិជាច្រើនបានចូលទៅជួបលោកនៅស្នាក់ការបក្ស។
អ្វីដែលគេមើលឃើញថាស្ថានភាព លោក កឹម សុខា ថយចុះបន្ដិចនោះ ត្រូវបានអ្នកវិភាគមើលឃើញថា ទំនងបក្សកាន់អំណាចចង់ទុកមួយ និង កំចាត់មួយ ដើម្បីប្រយោជន៍អោយអ្នកខ្លាំង មានតែមួយលើសង្វៀនប្រកួតជាមួយដៃគូខ្លួន គឺ មានន័យថា ត្រូវរកវិធីអោយលោក សម រង្ស៊ី ឃ្លាតកាន់តែឆ្ងាយពីលោក កឹម សុខា ។
ត្រង់ចំនុចនេះ លោក សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ លោក ឯម សុវណ្ណារ៉ា មើលឃើញថា បើលោក សម រង្ស៊ី វិលចូលស្រុក គឺ ភាគីប្រកួតប្រជែងពិបាកទប់ទល់ ព្រោះអ្នកខ្លាំងរបស់ សង្គ្រោះជាតិមានរហូតដល់ពីរនាក់។
លោក សាស្ដ្រាចារ្យ មានប្រសាសន៍ដូចនេះថា ៖« តាមពិតទៅបើយើងគិតអំពីយន្ដការនៃការរៀបចំនយោបាយកន្លងមកវាអត់មានអីប្រែប្រួលខ្លាំងទេ ក៏ប៉ុន្ដែដោយសារតែលោក សម រង្ស៊ី ចង់វិលត្រឡប់មកកម្ពុជាវិញ ហើយក៏ប៉ុន្ដែនៅក្នុងនឹងមានយន្ដការជាបន្ដបន្ទាប់ដែលមានការហាមប្រាម ប្រកាសណែនាំ មិនឱ្យលោក សម រង្ស៊ី វិលមកតាមរយៈយន្ដហោះ ធ្វើអោយឱ្យប៉ះពាល់ទៅនឹងសិទ្ធិសេរីភាពរបស់ពលរដ្ឋ។ ប៉ុន្ដែយើងមើលលក្ខណៈនេះ វាធ្វើឱ្យស្ថានភាពប្រឈមគ្នារវាងមេបក្សក្រៅរដ្ឋាភិបាល ហើយមេបក្សក្នុងរដ្ឋាភិបាល មានការឡើងកម្ដៅ» ។
លោក សម រង្ស៊ី បានប្រកាសដាច់ខាតថា ទោះជាត្រូវចាប់លោក យកទៅពន្ធធនាគារ ឬសម្លាប់លោកក៏ដោយ ក៏លោកត្រូវតែចូលប្រទេសឱ្យបាន ដោយយ៉ាងហោចណាស់ នៅមុនការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០១៧ ។
លោក សាស្ដ្រាចារ្យ ឯម សុវណ្ណារ៉ា ពិនិត្យឃើញទៀតថា បើលោក សម រង្ស៊ី ត្រូវបានចាប់ខ្លួន ចូលពន្ធធនាគារ គឺ រដ្ឋាភិបាល កាន់តែទទួលសំពាធធ្ងន់ពីអន្ដរជាតិ ហើយសន្ទុះនៃការគាំទ្រ គណបក្សសង្គ្រោះជាតិកាន់តែខ្លាំង ដែលលោកថា បក្សម្ខាងទៀត គឺ គេមានយុទ្ធសាស្ដ្រ ដើម្បី ទប់ទល់ស្ថានភាពនេះ ។
លោក ឯម សុវណ្ណារ៉ា ពន្យល់ទៀតថា ៖« ហេតុផលទីមួយ គឺ គាត់ភ័យបារម្ភ ដែលកាលណាលោក សម រង្ស៊ី នៅក្នុងគុក សន្ទុះនៃការគាំទ្ររបស់គណបក្សសង្គ្រោះជាតិមានការកើនឡើង ចឹងធ្វើអោយប្រជាប្រិយភាពបក្សរបស់គាត់មានការប៉ះទង្គិច កន្លែងនេះ គណបក្សកាន់អំណាចមានការភ័យបារម្ភ ព្រួយបារម្ភ។ ប៉ុន្ដែការហាមប្រាម ការភ័យបារម្ភហ្នឹង បើសិនជាគណបក្សទាំងពីរ ពិចារណា ហើយអនុវត្តតាមផ្លូវច្បាប់ បញ្ហាផ្សេងៗវានឹងមិនប្រឈម ដូចការតានតឹងសព្វថ្ងៃនេះទេ»។
ហេតុអ្វីបានជាកំដៅនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី កាន់តែឡើងកំដៅ ហើយរឿងរ៉ាវលោក កឹម សុខា ថមថយ?
សំនួរនេះ ត្រូវបានអ្នកវិភាគម្នាក់ទៀត គឺ លោក គឹម សុខ ជាអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយមើលឃើញថា ភាគីម្ខាងចង់អោយករណីរបស់លោក កឹម សុខា ថយកំដៅនោះ ដោយសារតែ សំនុំរឿងគណបក្សប្រឆាំងរូបនេះ មិនត្រឹមតែខ្លួនគាត់តែម្នាក់នោះទេ គឺជាប់ពាក់ព័ន្ធរហូតដល់មនុស្សជាច្រើន ក្នុងនោះរួមមាន ទាំងមន្ដ្រីការពារសិទ្ធិមនុស្សទៀតផង ។លោក គឹម សុខ មើលឃើញថា នេះជាយុទ្ធសាស្ដ្រថ្មីមួយទៀត របស់ភាគីម្ខាងទៀត។
លោក គឹម សុខ ៖«បាទ៎ករណីលោក កឹម សុខា មែនទែនទៅ ដូចជា ថមថយបន្តិចហើយ ថមថយមិនសូវលេចលឺនូវរឿងរ៉ាវទាក់ទងនឹងគាត់ ប៉ុន្ដែចម្ងល់ពីការថមថយនឹង ក៏វាទុកអោយនូវរឿងរ៉ាវច្រើន ឧទាហរណ៍ ដែលយើងឃើញស្រាប់ មានអ្នកជាប់គុកដោយសារករណីពាក់ព័ន្ធនឹងករណីច្រើន តែយ៉ាងណាការថមថយ ឬមិនថមថយអី វាមិនប៉ះពាល់អីដល់គណបក្សសង្គ្រោះជាតិទេ។ ការពិតទៅរឿងសំខាន់បំផុត រឿងលោក សម រង្ស៊ី ចូលស្រុក និងមិនចូលស្រុកទេ ហើយរឿងដែលសំខាន់ជាងគេ គឺថា តើវត្តមានលោក សម រង្ស៊ី ចូលស្រុក មានការគំរាមកំហែងអី ទៅដល់ភាពចាញ់ ឬឈ្នះ របស់គណបក្សប្រជាជនកម្ពុជា។ ពីព្រោះវត្តមានរបស់លោក បើយើងមើលអោយច្បាស់ទៅ ការចូលស្រុករបស់គាត់ ការចាប់ដៃជាមួយលោក កឹម សុខា ក្នុងការដឹកនាំគណបក្សសង្គ្រោះជាតិ វា ជាសេចក្ដីប្រាថ្នារួមរបស់គណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រ »។
នៅចំនុចដែល លោក កឹម សុខា ថមថយ តើលោក កឹម សុខា អាចរួចផុតពីការផ្ដន្ទាទោសផ្សេងៗដែលធ្លាប់មានពីមុនដែរឬទេ?
ចំពោះការឆ្លើយតបនឹងសំនួរដូចនេះ លោក គឹម សុខ មើលឃើញថា បើគេគិតថា គេអោយ លោក កឹម សុខា រួចខ្លួនពីការផ្ដន្ទាទោស ហើយគេឈ្នះឆ្នោត គឺ លោក កឹម សុខា អាចនឹងរួចផុតពីទោស តែបើលោក កឹម សុខា មានទោស ភាគីនោះនៅតែឈ្នះឆ្នោត គឺ ត្រូវតែឱ្យលោក កឹម សុខា មានទោស។
លោក គឹម សុខ ៖« គេចផុត ឬមិនគេចផុត វាស្ថិតនៅលើសន្ទុះនយោបាយមួយដែលយើងមើលឃើញ ថាតើគណបក្សប្រជាជនប្រលែង ឬអត់ប្រលែង នៅត្រង់ចំនុចថាតើគេអាចរកវិធីឈ្នះដោយការប្រលែង ឬក៏រកវិធីឈ្នះដោយការដាក់ទោសលោក កឹម សុខា ឬដោយការចាប់លោក កឹម សុខា ឬគំរាមលោក កឹម សុខា ឬក៏បិទសិទ្ធិលោក កឹម សុខា លើជីវភាពនយោបាយរបស់គាត់ផ្នែកណាមួយ។ នេះចង់បញ្ជាក់ថា លោក កឹម សុខា រួចខ្លួន ឬ មិនរួចខ្លួន វាស្ថិតនៅត្រង់ថា តើគណបក្សប្រជាជន ទុកឱ្យលោក កឹម សុខា រួចខ្លួន គេចំនេញ ហើយគេអាចរកផ្លូវឈ្នះឃើញ ឬក៏អោយលោក កឹម សុខា នឹងត្រូវចោទក្នុងបទដែលគេរៀបចំទុក ហើយគេអាចរកផ្លូវតាមវិធីនឹងដើម្បីឈ្នះគណបក្សសង្គ្រោះជាតិឬអត់»។
យ៉ាងណាក៏ដោយ បើទោះជា លោក សម រង្ស៊ី មានលទ្ធភាពវិលមកវិញ បានដោយវិធីណាក៏ដោយគឺត្រូវតែនាំខ្លួនចូលក្នុងពន្ធធនាគារ ដើម្បីអនុវត្តទោស។ លោក សុខឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលពីមុនធ្លាប់ព្រមានថា អោយតែលោក សម រង្ស៊ី ចូលស្រុក គឺ ចាប់បញ្ចូនត្រឡប់ទៅវិញ តែពេលនេះបែរជាលោក និយាយថា លោក សម រង្ស៊ី ចូលមកត្រូវតែចាប់ដាក់គុក។
លោក សុខឥសាន្ដ ៖« នេះរឿងស្រេចតែគាត់តើ គាត់ចង់មកទៅ នរណាហាមឃាត់គាត់ ប៉ុន្ដែមកគឺត្រូវអនុវត្តច្បាប់ គឺត្រូវមកចូលគុកមែនមកបោះឆ្នោតទេ ព្រោះដីការតុលាការមានរួចហើយ សាលក្រមតុលាការមានរួចហើយ ដីការចាប់ខ្លួនដើម្បីអនុវត្តសាលក្រមមានហើយ ដូចច្នេះវាមានតែពិបាកអី»។
តែបែបនេះក្ដី លោក សម រង្ស៊ី ដែលក្នុងបទសម្ភាសន៍ជាមួយវិទ្យុអន្ដរជាតិជាខេមរភាសា កាលពីថ្ងៃទី២៧តុលា បានអះអាងថា អ្វីដែលគេបិទច្រកលោកមិនឱ្យចូលស្រុកគឺជាការសារភាពមួយថា មិនហ៊ាន ប្រកួតជាមួយលោករួចទៅហើយ។ លោកថា គ្មានន័យទេ ចំពោះលទ្ធផលនៃការបោះឆ្នោត ខណៈដែលលោកប្ដេជ្ញាថា ត្រូវចូលប្រទេសវិញឱ្យខានតែបាន។
លោក សម រង្ស៊ី៖«រដ្ឋាភិបាលលោក ហ៊ុន សែន ឥលូវនេះចូលមកដល់ថ្នាក់ហ្នឹងហើយ រារាំងមិនឱ្យប្រជាពលរដ្ឋខ្លួនឯងម្នាក់ចូលមកប្រទេសខ្លួនឯងវិញ មាន័យថា អស់សង្ឃឹមហើយ មិនដឹងជារកផ្លូវណាទេ។ អាផ្លូវអស់សង្ឃឹម អាផ្លូវចុងក្រោយនេះ ប៉ុន្ដែផ្លូវនេះ ត្រូវគេថ្កោលទោស ត្រូវគេមើលងាយ ថា រដ្ឋាភិបាលនេះខ្សោយ ហើយអន់មែនទែន អត់មានមធ្យោបាយអីទប់ស្កាត់មិនឱ្យខ្ញុំ សម រង្ស៊ី ចូលមកប្រកួតក្នុងការបោះឆ្នោត»។
យ៉ាងណាក៏ដោយ អ្នកវិភាគ គិតដូចៗគ្នាថា វិបត្តិរបស់លោក សម រង្ស៊ី គឺជារឿងនយោបាយ ដែលសហគមន៍អន្ដរជាតិ អាចនឹងនាំលោក សម រង្ស៊ី ចូលប្រទេសវិញ ព្រោះកម្ពុជា ជាសមាជិកនៃអង្គការសហប្រជាជាតិ។
ទំនងដូចនេះហើយ បានជាឧបការីក្រសួងការបរទេសអាមេរិក លោក ដានីញ៉ែល រ៉ូលហ្សែល ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជាថ្មីៗនេះ បានប្រាប់ទៅភាគី បក្សកាន់អំណាច ថា លទ្ធផលនៃការបោះឆ្នោត ត្រូវបានសហគមន៍អន្ដរជាតិទទួលស្គាល់ លុះត្រាតែ មានវត្តមានរបស់លោក សម រង្ស៊ី៕