ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចពន្យាពេលសវនាការជំនុំជម្រះក្ដីលោកមេឃុំ ស៊ាង ចែត ករណីសូកប៉ាន់សាក្សីនាងខុមចាន់តារាទីហៅស្រីមុំ ដោយលើកទៅធ្វើនៅខែក្រោយវិញ ព្រោះអវត្តមានសាក្សីសំខាន់ៗមួយចំនួន។
លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសមរង្ស៊ី ត្រូវបានអនុរក្សពន្ធនាគារព្រៃសដឹកតាមរថយន្តដាក់អ្នកទោសរួមគ្នា មកសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែ តុលានេះដែលគេថាដើម្បីចូលខ្លួនសវនាការ។
នៅពេលបណ្តើរចុះពីរថយន្តដឹកអ្នកទោស លោក ស៊ាង ចែត ស្រែកថា គេចាប់គាត់ដាក់គុកដោយសារប្រាក់ ១ លានរៀល។ លោក ស៊ាង ចែត៖«ខ្ញុំជាប់គុកដោយសារលុយ១លានរៀល»។
តែបែបនេះក្ដី ចៅក្រម សាលាដំបូងរាជធានីភ្នំពេញ កោ វណ្ឌី បានប្រកាសពន្យាពេលបើកសវនាការជំនុំជម្រះ ដោយពន្យាលពេលទៅធ្វើនៅថ្ងៃទី ១១ ខែ វិច្ឆិការ ឆ្នាំ ២០១៦ បន្ទាប់ពី តុលាការនឹងកោះហៅសាក្សីសំខាន់ៗ មួយចំនួន។
ការប្រកាសពន្យាពេលសវនាការនេះ ធ្វើឡើងតាមសំណើររបស់មេធាវីជនជាប់ចោទ ដោយសារសាក្សីមួយចំនួន មិនបង្ហាញខ្លួននៅក្នុងបន្ទប់សវនាការ នៅព្រឹកថ្ងៃ សុក្រនេះ។ សាក្សីទាំងនោះ រួមមានម្តាយបង្កើតរបស់នាង ខុម ចាន់តារ៉ាទី ហៅស្រី មុំ ហើយក៏ត្រូវជាបងស្រី លោក ស៊ាង ចែត គឺ អ្នកស្រី ស៊ាង លន និងបងថ្លៃ ស្រី មុំ គឺ អ្នកស្រី លូ សុធារ៉ា ដើម្បីចូលមកបំភ្លឺក្នុងនាមសាក្សី នៅខែក្រោយនេះ។
មេធាវីការពារក្តីឲ្យ លោក ស៊ាង ចែត គឺ លោក សំ សុគង់ ក៏ទទូចឲ្យចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កោះហៅ នាងខុម ចាន់ តារ៉ាទី ឲ្យចូលមកបំភ្លឺតទល់គ្នានៅក្នុងសវនាការជំនុំជម្រះ នៅខែក្រោយនេះដែរ។
លោកមេធាវី សំ សុគង់ ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីចេញពីបន្ទប់សវនាការថា វត្តមានសាក្សីទាំងនោះគឺ មានសារសំខាន់ណាស់ ដើម្បីផ្តល់សក្ខីកម្មរបស់ពួកគាត់។លោកមេធាវី សំ សុគង់៖«អ្នកទាំងបីនាក់មានវត្តមាននៅពេលសវនាការគឺ ជាការមួយដែលយើងអាចសួរដេញដោល ឬក៏សួរត ទុលរវាងកូនក្តីជាមួយសាក្ស៊ីទាំំងបី ហើយក៏ជាឱកាសតុលាការទាំងអស់បានស្តាប់សក្ខីកម្មរបស់ពួកគាត់ផងដែរ»។
លោក ចែត ត្រូវបានតុលាការ ឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសជិត៦ខែមកហើយ ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។
តែបែបនេះក្ដី អ្នកសង្កេតការណ៍ខ្លះ បានហៅសំនុំរឿងនេះជារឿងនយោបាយ ព្រោះជាប់ពាក់ព័ន្ធជាមួយ លោកកឹម សុខា មេដឹកនាំគណបក្សប្រឆាំង។
យ៉ាងណា ក៏ដោយ មន្ត្រីជាន់ខ្ពស់ការពារសិទិ្ធមនុស្ស នៃសមាគមអាដហុក ៤រូប និងលោក នីចរិយា មន្ត្រីគ.ជ.ប កំពុងជាប់ឃុំខ្លួន ដោយសាររងបទចោទករណី សូកប៉ាន់សាក្សី និង សមគំនិត សូកប៉ាន់សាក្សី នាងខុមចាន់តារ៉ាទីហៅស្រីមុំដែលត្រូវបានគេដឹកតាមរថយន្តទំនើបៗពេលឡើងមកបំភ្លឺនៅតុលាការម្ដងៗ៕