ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងគណៈកម្មការជាតិ លើកលែងទោស បានសម្រេច សម្រាលទោស ទណ្ឌិតស្ត្រី៦នាក់ ពីក្នុងបញ្ជីឈ្មោះទណ្ឌិតស្ត្រី៤៣នាក់ ដែលបានឆ្លងកាត់ការពិនិត្យយ៉ាងម៉ត់ចត់។
ការសម្រេចនេះធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ អគ្គនាយកដ្ឋានពន្ធនាគារ អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានបើកកិច្ចប្រជុំរយៈពេល២ថ្ងៃ កាលពីថ្ងៃទី២៥-២៦តុលា ដោយពិនិត្យបញ្ជីឈ្មោះទណ្ឌិត ដើម្បីអនុគ្រោះទោស នៅក្នុងឱកាសពិធីបុណ្យអ៊ុំ ទូក សំពះព្រះខែ និងអកអំបុក នៅពាក់កណ្តាលខែវិច្ឆិកា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានប្រាប់អ្នកសារព័ត៌មានតាមបណ្តាញសង្គមតេឡេក្រាម (Telegram)ថា ក្រសួងយុត្តិធម៌ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតសម្រេច បន្ធូរបន្ថយទោសទណ្ឌិតចំនួន ៨១ នាក់ ក្នុងចំណោមនោះ ចំនួន ៧នាក់ត្រូវបានលើកលែងទោស។តាម លោក គឹម សន្តិភាព ទណ្ឌិត៨១នាក់នេះ គឺមានស្ត្រី៦នាក់ទទួលបានការសម្រាលទោស។
លោក គឹម សន្តិភាព៖«ឆ្លងតាមកិច្ចប្រជុំពិនិត្យពិភាក្សាយ៉ាងតឹងរឹង និងល្អិតល្អន់នោះ គណៈកម្មការថ្នាក់ជាតិបានឯកភាពស្នើអនុគ្រោះទោសដល់ទណ្ឌិតចំនួន ៨៨នាក់ (ស្រី៦) ក្នុងចំណោម៥៦០នាក់ ទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា »។
លោក គឹម សន្តិភាព បន្តថា គណៈកម្មការជាតិបានពិនិត្យបញ្ចប់សំណើររបស់គណៈកម្មការរាជធានីខេត្តចំនួន ១៩ និងគណៈកម្មការក្រសួងមហាផ្ទៃចំនួន ៤ ដែលរួមទណ្ឌិតសរុប ស្នើអនុគ្រោះទោសចំនួន ៥៦០នាក់ ក្នុងចំណោមនោះមានស្ត្រី៤៣នាក់។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានអះអាងថា ការសម្រេចបន្ធូរបន្ថយទោសដល់ទណ្ឌិត ទាំងអស់មិនជាប់ពាក់ព័ន្ធនិន្នាការនយោបាយឡើយ ពោលគឺអាស្រ័យលើលក្ខខណ្ឌដែលមានចែងក្នុងច្បាប់តែប៉ុណ្ណោះ។
លោក គឹម សន្តិភាព៖«មានសំណួរច្រើនទាក់ទងនឹងចម្ងល់ថា តើមានសមាជិកគណបក្សសង្គ្រោះជាតិត្រូវបានស្នើអនុគ្រោះទោសឬទេ? ខ្ញុំសូមជម្រាបជូនថា ក្នុងសាលក្រមនីមួយៗពុំមានពត៌មានទាក់ទងនឹងនិន្នាការនយោបាយរបស់ទណ្ឌិតនោះទេ ព្រោះច្បាប់ត្រូវបានអនុវត្តន៍គ្រប់ជនទាំងឡាយណាដែលប្រព្រឹត្តល្មើសច្បាប់ ហេតុនេះការអនុគ្រោះទោសក៏មិនសំដៅទៅលើនិន្នាការនយោបាយរបស់ទណ្ឌិតនោះដែរ គឺអាស្រ័យលើលក្ខខ័ណ្ឌដែលមានចែកក្នុងច្បាប់តែប៉ុណ្ណោះ»។
ការអនុគ្រោះទោសដល់ទណ្ឌិតមាន៣លើកក្នុងមួយឆ្នាំគឺ នៅក្នុងឱកាសពិធីបុណ្យអ៊ុំ ទូក សំពះព្រះខែ និងអកអំបុក ពិធីចូលឆ្នាំខ្មែរ និងចេញព្រះវស្សា។
ការពិនិត្យ មានលក្ខណៈម៉ត់ចត់នេះ ធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែនកាលពីឆ្នាំទៅមិញ បាន ព្រមានពីការ លើកទោសទណ្ឌិត ដោយខ្វះការពិចារណា ច្បាស់លាស់នាំឱ្យមានការលើកលែងទោសចំទណ្ឌិត ដែលមិនបានកែខ្លួនត្រឹមត្រូវ ហើយនាំឱ្យមានការបង្កអសន្តិសុខសង្គមថែមទៀត៕