សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានផ្ដល់វិភាគទាន៥ម៉ឺនដុល្លារអាមេរិក ដល់មូលនិធិ សាមគ្គីភាពបន្ទាន់របស់អង្គការអន្ដរជាតិ ហ្វ្រង់កូហ្វូនី ដើម្បីជួយដល់ប្រទេសហៃទី ដែលទទួលរងគ្រោះដោយសារខ្យល់ព្យុះ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។
តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដែលចុះផ្សាយកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ការផ្ដល់មូលនិធិនេះ ក៏ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលស្នើដល់ប្រទេសជាសមាជិកទាំងអស់ ឱ្យចូលរួមផ្ដល់វិភាគទាន ដើម្បីជួយដល់ប្រទេសហៃទី ដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារព្យុះ។
ប្រទេសហៃទីបានរងគ្រោះដោយសារព្យុះដ៏កំណាចមួយ កាលពីថ្ងៃទី៤តុលា បានបណ្ដាលឱ្យមនុស្ស ៣៧២ស្លាប់ និង ១៧៥ ០០០នាក់ផ្សេងទៀតបាត់បង់ទីជម្រក។
ចំណែកអង្គការសហប្រជាជាតិ ប្រកាសផ្ដល់ជំនួយ ១២០លានដុលារ ជួយប្រទេសហៃទី ផងដែរ។
ដោយស្ថិតក្នុងស្ថានភាព វេទនា ហើយនោះ មានសេចក្ដីរយការណ៍មកថា តំបន់រងគ្រោះដោយសារព្យុះ កំពុងកើតជំងឺអាសន្នរោគ និង ជំងឺផ្សេងៗទៀត៕