ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចពន្យាពេលឃុំខ្លួនបុរស៥នាក់ ករណីនាង ខុម ចាន់ដារាទី ហៅស្រីមុំ រយៈពេល៦ខែ បន្ថែមទៀត ដើម្បី បន្តការស៊ើបអង្កេត។ មេធាវីការពារកូនក្តីថា សេចក្តីសម្រេចនេះ ធ្វើឲ្យប៉ះពាល់សិទ្ធិកូនក្ដី យ៉ាងធ្ងន់ធ្ងរ ព្រោះជាហេតុផលមួយមិនសមរម្យ។ លោក ធូ វិរៈ រាយការណ៍៖
តុលាការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៧ ខែតុលា នេះ បាននាំខ្លួនមន្ត្រីសមាគម ការពារសិទ្ធិមនុស្សចំនួន ៤ រូប និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ មកសាកសួរបន្ថែមក្នុងសំណុំរឿងសមគំនិតសូកប៉ានសាក្សី និងសូកប៉ានសាក្សី ក្នុងករណីនាង ខុម ចាន់តារ៉ាទី ហៅស្រី មុំ ដោយបានសម្រេចឃុំខ្លួនអ្នកទាំង៥រូបនេះបន្ត៦ខែទៀត។នេះជាការសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ធៀប ចាន់ពិសិដ្ឋ។
អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវបានឃុំខ្លួននៅពន្ធធនាគារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ( PJ) និងមន្ត្រីការពារសិទ្ធិមនុស្ស ៤នាក់ ឃុំខ្លួនពន្ធនាគារព្រៃស ក្រោមបទសមគំនិតសូកប៉ាន់ សាក្សី និងសូកប៉ាន់សាក្សី ករណីនាង ខុម ចាន់តារាទី ហៅស្រី មុំ។
គិតត្រឹមថ្ងៃទី២៧ខែ តុលានេះ មន្ត្រីការពារសិទ្ធិមនុស្ស ៤ រូបនោះ រួមមាន លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន លោកស្រី លឹម មុនី ត្រូវបានឃុំខ្លួននៅពន្ធធនាគារព្រៃសរ រយៈពេល ៦ខែ មកហើយ។
នៅព្រឹកថ្ងៃព្រហស្បិ៍នេះ លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន ត្រូវបានអនុរក្សពន្ធនាគារព្រៃសរ ដឹកតាមរថយន្តដាក់អ្នកទោសរួមគ្នាជាមួយអ្នកទោសផ្សេងទៀតជាង១០ នាក់។ ចំណែកអ្នកស្រី លឹម មុនី ដឹកតាមរថយន្តមណ្ឌល ម២ រីឯ លោក នី ចិរយា ដឹកតាមរថយន្តស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ( PJ)។
ខណៈតាមសួរ ករណីរបស់ លោក ណៃ វង្សដា បែរជាមានប្រសាសន៍ពីក្នុងឡានដឹកលោក ដោយអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីផ្លាស់ប្តូរជាវិជ្ជាមាន។
លោក ណៃ វង្សដា៖«រឿងលែង មិនលែងវាមិនសំខាន់ពេកទេ។ សំខាន់បំផុតនាំគ្នាទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា បោះឆ្នោត ដើម្បីធ្វើការដោះដូរជាវិជ្ជមាន ឆ្នាំ ២០១៧ និង ២០១៨»។
មេធាវីការពារក្តីឲ្យមន្ត្រីការពារសិទ្ធិមនុស្សទាំង ៤នាក់ គឺ លោក សំ សុគង់ បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីចេញបន្ទប់សាកសួរថា ចៅក្រមស៊ើបសួរ លោក ធៀប ចាន់ពិសិដ្ឋ បានសម្រេចបន្តឃុំ ខ្លួនកូនក្តីរបស់លោករយៈ ៦ ខែ ទៀត ដើម្បីបន្តនីតិវិធីស៊ើបអង្កេត ប៉ុន្តែលោក សំ សុគង់ ថា ការពន្យាពេលឃុំខ្លួននេះ ធ្វើឲ្យប៉ះពាល់សិទ្ធិកូនក្តីរបស់លោកយ៉ាងធ្ងន់ធ្ងរ។
លោក សំ សុគង់៖«ក្នុងរយៈពេល ៦ខែ នៃការឃុំខ្លួនគឺអាចគ្រប់គ្រាន់ ដែលចៅក្រមស៊ើបសួរអាចនឹងរកភស្តុតាំងដាក់បន្ទុក ឬដោះបន្ទុក ហើយប្រសិនបើចៅក្រមស៊ើបសួរ មិនអាចរកភស្តុតាំងបាន ចៅក្រមស៊ើបសួរត្រូវតែប្រើឆន្ទានុសិទ្ធមួយគឺ ទម្លាក់បទចោទ ឬក៏លើកឡែងចោទប្រកាន់ទៅលើជនជាប់ចោទទាំងអស់ឲ្យមានសេរីភាពឡើងវិញ។ ចៅក្រមមិនអាចឃុំខ្លួនមនុស្ស ដើម្បីគ្រាន់ជាការឃុំខ្លួន ហើយរកចាំការស៊ើបអង្កេត ដោយប្រើរយៈពេលយូរ អញ្ចឹងវាខុសគោលច្បាប់»។
លោកមេធាវីបន្ថែមថា តុលាការ សម្រេចពន្យាពេលឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ.ជ.ប ដោយមូលហេតុសាក្សីមួយចំនួន មិនទាន់បានចូលមកបំភ្លឺ និងសាក្សីមួយចំនួនដែលបានបំភ្លឺ កន្លងមកមិនទាន់ផ្តល់ចំលើយច្បាស់លាស់នៅឡើយ។ លោកថា ចៅក្រមសាកសួរនឹងអាចកោះហៅសាក្សី ផ្សេងទៀតមកសាកសួរ។
មេធាវីរូបនេះបន្តថា លោកនឹងដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍ជំទាស់ ទៅនឹងសេចក្តីសម្រេចរបស់ចៅក្រម សាលាដំបូងរាជធានីភ្នំពេញ នៅសប្តាហ៍ក្រោយនេះ។ ករណីដែល មន្ត្រីសិទិ្ធមនុស្សអាដហុក និងមន្ត្រី គ.ជ.ប រងការឃុំខ្លួននេះ ក៏ជាប់ពាក់ព័ន្ធផងដែរ ជាមួយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ករណីគេចោទថា លោកមានស្នេហាជាមួយ នាងខុម ចាន់ដារាទី ៕