en     km
en     km

អ្នកវិភាគ​យល់​ថា​ ការ​បណ្តេញ​ជន​ជាតិ​វៀតណាម​ខុស​ច្បាប់​ចេញ​ពី​កម្ពុជា​ គឺ​ជា​រឿង​នយោបាយ​ផ្ទៃ​ក្នុង​កម្ពុជា​

Share

នគរបាល​នៃ​នាយក​ដ្ឋាន​ស៊ើប​អង្កេត​ និង​អនុវត្ត​នីតិ​វិធី​ សហការ​ជាមួយ​កម្លាំង​ស្នងការ​ដ្ឋាន​នគរ​បាល​រាជ​​ធានី​ភ្នំពេញ​ បាន​ចាប់​ខ្លួន​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ ៥១​នាក់​បន្ថែម​ទៀត​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩​ កក្កដា​ ឆ្នាំ​២០១៥​។​ ការ​ចាប់​ខ្លួន​ និង​បណ្តេញ​ជនជាតិ​វៀតណាម​ នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​មាន​ជម្លោះ​ជាមួយ​វៀតណាម​ជុំវិញ​រឿង​ព្រំដែន​ ដែល​មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​ស្រក​កម្តៅ​នៅ​ឡើយ​ទេ​។​ ក៏​ប៉ុន្តែ​​អ្នក​វិភាគ​សង្គម​បាន​លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន​ជនជាតិ​វៀតណាម​នេះ​ គឺ​ជា​រឿង​ផ្ទៃ​ក្នុង​នយោបាយ​ ច្រើន​ជាង​នយោបាយ​កា​រ​ទូត​ទាក់​ទង​នឹង​ជម្លោះ​ព្រំដែន​កម្ពុជា​វៀតណាម​ទៅវិញ​។​

VN expertised-edited
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញជនជាតិវៀតណាមចំនួន ២១នាក់ តាមច្រកទ្វារអន្តរជាតិបាវិត កាលពីចុងខែឧសភា ឆ្នាំ ២០១៥

ប្រតិបត្តិការ​កាល​ពី​ព្រឹក​ថ្ងៃ​២៩​ ខែ​កក្កដា​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​បុរី​អង្គរ​ភ្នំពេញ​ ស្ថិត​ក្នុង​ភូមិ​ប​ន្លា​ស្អិត​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ​។​ ការ​ចាប់​ខ្លួន​ជនជាតិ​វៀតណាម​ដែល​រស់​នៅ​មិន​ស្រប​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ មិន​ធ្លាប់​មាន​ពី​មុន​មក​ ចាប់​តាំង​ពី​ការ​ឡើង​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ។​

ទាក់​ទង​នឹង​បញ្ហា​នេះ​ លោក​ បណ្ឌិត​ កែម​ ឡី​ អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ បាន​មាន​ប្រសាសន៍​ថា​ ​​ការ​បណ្តេញ​ជនជាតិ​វៀតណាម​នេះ​ គឺ​ជា​ល​ក្ខណៈ​ន​យោបាយ​ផ្ទៃ​ក្នុង​ជា​ជាង​ជម្លោះ​ការ​ទូត​រវាង​កម្ពុជា​ និង​វៀត​ណាម​ដោយ​សារ​បញ្ហា​ព្រំ​ដែន​។ ​
លោក​​បន្ថែម​​ថា​​ ​ប្រជាជន​កម្ពុជា​មិន​បោះឆ្នោត​ឲ្យ​គណ​បក្ស​ប្រជាជន​ ព្រោះ​មើល​ឃើញ​ពី​ហានីភ័យ​ដែល​ជន​អន្តោ​ប្រវេសន៍​វៀតណាម​បាន​ហូរ​ចូល​ម​កកម្ពុជា​ច្រើន​ឡើង​ៗ​។​ ហេតុផល​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក​ម្ពុជា​ ដែល​គ្រប់​គ្រង​ដោយ​ គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​តែដោះ​ស្រាយ​បញ្ហា​នេះ​ ក្នុង​គោល​បំណង​ដើម្បី​ទា​ក់ទាញ​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​។​

សម្លេង៖

ពាក់ព័ន្ធ​នឹង​ការ​បណ្តេញ​ជ​នជាតិ​វៀតណាម​នេះ​ដែ​រ​ អ្នក​​វិភាគ​​នយោបាយ​​ លោក​​ អ៊ូ​​ វីរៈ​​ បាន​​អត្ថា​​ធិ​​ប្បាយ​​ថា​​ នេះ​​មិន​​មែន​​ជា​​បញ្ហា​​ព្រំដែន​​នោះ​ទេ​​ តែ​​ជា​​សម្ពាធ​​នយោបាយ​​ផ្ទៃ​​ក្នុង​​របស់​​កម្ពុជា​​។​​ លោក​​បន្ថែម​​ថា​​ គណ​បក្ស​​ប្រជាជន​កម្ពុជា​​កន្លង​​មក​​ មិន​​បាន​​ដោះស្រាយ​​បញ្ហា​​ ជន​​អន្តោ​​ប្រវេសន៍​​ វៀត​ណាម​​នោះ​​ទេ​​តែ​​ទើប​​ចាប់ផ្តើម​​នៅ​​អាណត្តិ​​នេះ​​ គឺ​​ដោ​យ​សារ​​ខ្លាច​​បាត់​បង់​​ការ​​គាំ​ទ្រ​​ពី​​ប្រជាជន​​ដូច​​អាណត្តិ​នេះ​។​

សម្លេង៖

ឆ្លើយ​​តប​​នឹង​​បញ្ហា​​នេះ​​ អ្នក​​នាំ​​ពាក្យ​​ទី​​ស្តី​​ការ​​គណ​រដ្ឋ​​មន្រ្តី​​លោក​​ ផៃ​​ ​ស៊ី​ផាន​​ បាន​​ឲ្យ​​ដឹង​​ថា​​ កា​រ​​ដែល​​រដ្ឋាភិបាល​​ចាប់​​បញ្ជូន​​ជនជាតិ​​វៀតណាម​​នេះ​​ មិន​​មែន​​ជា​​កា​​រ​​ឆ្លើយ​​តាម​​ការ​ទូត​ដែល​វៀ​តណាម​ ព្រងើយ​កន្តើយ​រឿង​ព្រំដែន​នោះ​ទេ​ តែ​ការ​ចាប់​បញ្ជូន​ជនជាតិ​វៀតណាម​គឺ​ជា​ការ​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ អន្តោប្រវេសន៍​របស់​កម្ពុជា​។​ លោក​ប​​ន្ថែម​ទៀត​ថា​ ​​បាន​ជា​កម្ពុជា​ទើប​ចាប់ផ្តើម​បណ្តេញ​ជនជាតិ​ វៀតណាម​ គឺ​ដោយសារ​ស្ថានភាព​នយោបាយ​ និង​ការ​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​វៀតណាម​ ទើប​កម្ពុជា​មាន​លទ្ធភាព​បញ្ជូន​ ហើយ​ភាគី​វៀតណាម​រង​ចាំ​ទទួល​។​

សម្លេង៖

គួរ​បញ្ជាក់​ថា​ ក្នុង​រយៈពេល​៧​ខែ​ ក្នុង​ឆ្នាំ​២០១៥​នេះ​ ​កម្ពុជា​បាន​បណ្តេញជន​អន្តោប្រវេសន៍​ វៀតណាម​ដែល​រស់​នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​ ជិត​​៣​ពាន់នាក់ដែល​នេះ​ជា​ប្រវត្តិសាស្រ្ត​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​រ​បស់​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន​ សែន​៕

Share

ព័ត៌មានទាក់ទង

Image