សម្តេច ហ៊ុន សែន ដែលជួបជាមួយនាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀន សួនហ្វ៊ុក បានលើកឡើងពីការដោះស្រាយ បញ្ហាព្រំដែន រវាងប្រទេសទាំង២ នឹងខិតខំជំរុញទំហំពាណិជ្ជកម្មវិនិយោគនៃប្រទេសទាំងពីរ អោយឡើងដល់៥ពាន់លានដុល្លារ ក្នុងពេលអនាគតដ៏ឆាប់ខាងមុខនេះ។
នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ ហ្វេសប៊ុក សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ២៦ ខែតុលាម្សិលមិញ។ អ្នកវិភាគថា ការស្រាយរឿងព្រំដែន គួរមានតម្លាភាព ទើបពលរដ្ឋទុកចិត្ត។ លោក ជួន សារ៉េត រាយការណ៍៖
សម្តេច ហ៊ុន សែន កាលថ្ងៃទី២៤ បានដឹកនាំមន្ត្រីកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី៧ និងកិច្ចប្រជុំកំពូល CLMV លើកទី៨ នៅប្រទេសវៀតណាម។ ក្នុងកិច្ចប្រជុំនោះសម្តេច ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីវៀតណាមដោយភាគីទាំង២ បានជំរុញការដោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់។
ហ្វេសប៊ុករបស់ សម្តេច ហ៊ុន សែន ដែលបានបង្ហោះកាលពីថ្ងៃទី ២៦ តុលា បានឱ្យដឹងថា សម្តេច ហ៊ុន សែន បានស្រស់ស្រូបអាហារពេលព្រឹក ជាមួយ លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វ៊ុក ដែលមានមន្ត្រីមកពីគណៈប្រតិភូកម្ពុជា និងមន្ត្រីនៃរដ្ឋាភិបាល វៀតណាមជាច្រើនរូបចូលរួមផងដែរ។
នៅក្នុងពិធីស្រស់ស្រូបអាហារ ប្រមុខដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនោះមានការជជែក ពិភាក្សាជំរុញការរៀបចំដោះស្រាយបញ្ហាព្រំដែន អោយបានលឿនទៅមុខ។
ទាក់ទងនឹងការជំរុញនៃការដោះស្រាយ រឿងព្រំដែននេះដែរ អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្តរជាតិ លោក ទ្បុង គឹមឃន បានផ្តល់បទសម្ភាសន៍ ឱ្យវិទ្យុស្ត្រីនៅថ្ងៃនេះ ដោយលោកសង្កេតឃើញថា ទស្សនៈរបស់រាជរដ្ឋាភិបាលកម្ពុជា ចង់ដោះស្រាយបញ្ហាព្រំដែនឱ្យបានចប់មុនឆ្នាំ២០១៨ ដែលលោកថាល្អប្រសើរ ប៉ុន្តែការដោះស្រាយនេះត្រូវតែមានតម្លាភាព។ លោកបន្តថាប្រសិនបញ្ហាព្រំដែន នៅតែបន្តអូសបន្លាយ រយៈពេលយូរទៀតនោះបញ្ហាព្រំដែនគឺនឹងអាចក្លាយជាចំណាប់ខ្មាំង នយោបាយនៅក្នុងប្រទេសកម្ពុជា។
អ្នកស្រាវជ្រាវការបរទេសរូបនេះ សង្កត់ធ្ងន់ថាបើបញ្ហាព្រំដែននៅតែមិនអាចដោះស្រាយទាន់ពេលវេលាទៀតនោះរដ្ឋាភិបាលកម្ពុជានឹងខាតបង់ផលប្រយោជន២យ៉ាងដូចជា៖
«ទី០១ ប្រជាពលរដ្ឋនឹងចាប់ផ្តើមលើកជាសំណួរថា តើរដ្ឋាភិបាលបច្ចុប្បន្នគាត់មានសមត្ថភាពដោះស្រាយបញ្ហាព្រំដែនហ្នឹងឱ្យបានចប់សពគ្រប់ហើយឱ្យបានត្រឹមត្រូវឬអត់ អាហ្នឹង វាក្លាយទៅជាចម្ងល់ជាសំនួរមួយ ពីព្រោះប្រជាពលរដ្ឋប្រហែលជាមិនទុកចិត្ត ឬក៏កាន់តែមិនទុកចិត្តចំពោះសមត្ថភាពរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន ទី០២ ប្រសិនបើបញ្ហាព្រំដែននៅមិនដោះស្រាយបានលឿនទេបញ្ហានឹងជះឥទ្ធិពលទៅលើបញ្ហាផ្សេងរួមទាំងនយោបាយហើយនឹង ទំនាក់ទំនងពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជា និងវៀតណាមផង»។
ជុំវិញបញ្ហាព្រំដែននេះដែរ វិទ្យុស្ត្រីមិនទាន់អាចសុំការឆ្លើយតប ពីទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង បាននៅទ្បើយនោះទេនៅថ្ងៃនេះដោយមូលហេតុលោកជាប់ប្រជុំ។
សូមជំរាបថាព្រំដែនគោកប្រទេសកម្ពុជា និងវៀតណាម មានប្រវែង ១២៧០គីឡូម៉ែត្រ។ តែការបោះបង្គោលព្រំដែននៅមិនទាន់ចប់សព្វគ្រប់នៅឡើយ ដែលចាប់ផ្ដើមតាំងពី ឆ្នាំ ២០១១ ដោយត្រូវដាំបង្គោលព្រំដែន ជិត៤០០បង្គោល។
យ៉ាងណាក៏ដោយករណីព្រំដែនជាមួយវៀតណាម នាំឱ្យមានការចាប់តំណាងរាស្ត្របក្សប្រឆាំង យ៉ាងតិច២រូបដាក់ពន្ធនាគារ ដោយសារពួកគាត់ រងបទចោទបង្កអសន្តិសុខសង្គមជាមួយប្រទេសជិតខាង៕