ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ចូល រួមសោកស្ដាយយ៉ាងក្រៃលែងចំពោះឧបទ្ធវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដដឹកកម្មករនៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៦ កាលពីវេលាម៉ោង ៦៖៣០ នាទីព្រឹក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លៀ ស៊ីណា រាយការណ៍៖
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដែលផ្សព្វផ្សាយនៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៦ ឲ្យដឹងថា ក្រសួងការងារបានទទួលដំណឹងថា មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្ដដឹកកម្មករបើកបរជៀសពីម៉ូតូ ម៉ូតូកង់បី និងមនុស្សឆ្លងផ្លូវបណ្ដាលឲ្យក្រឡាប់ កាលពីវេលាម៉ោង ៦៖៣០ នាទីព្រឹក នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៦ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្បែរស្ពានទី០៩ ក្នុងភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានបណ្ដាលឲ្យកម្មករ កម្មការិនីរងរបួសចំនួន ៧២នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៤៣នាក់ និងរបួសស្រាលចំនួន ២៩នាក់។
គួរជម្រាបថា គិតត្រឹមម៉ោង ១០៖០០ នាទីព្រឹក ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៦ កម្មករ កម្មការិនីរងបួសចំនួន ៦៣នាក់ ដែលក្នុងនោះរបួសធ្ងន់ចំនួន ៤៣នាក់ កំពុងតែសំរាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត ហើយអ្នករងរបួសចំនួន ០៩នាក់ផ្សេងទៀត កំពុងសំរាកព្យាបាលនៅ ប៉ូលីគ្លីនិកសុខលាភមេត្រី។
បន្ថែមពីនេះតាមសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ជនរងគ្រោះទាំងអស់ក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ នឹងបន្ដជួយដោះស្រាយរាល់ទុក្ខលំបាករបស់កម្មករ កម្មការិនី និងក្រុមគ្រួសារទៅតាមគោការណ៍របបសន្ដិសុខសង្គមរបស់បេឡាជាតិរបបសន្ដិសុខសង្គម៕