ប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃពុធ ទី២៦តុលា បានប្រាប់អ្នកសារព័ត៌មានជប៉ុនថា លោកនឹងស្នើអោយកងទ័ពអាមេរិកដកចេញពីប្រទេសរបស់លោក នៅរយៈពេល២ឆ្នាំទៀតដែលលោកថា ដើម្បីជាប្រយោជន៍បន្ដទំនាក់ទំនងជាមួយគ្នារហូត។
លោក Duterte បានបញ្ជាក់ជាថ្មីម្ដងទៀតនេះ ខណៈលោកបានជួបជាមួយនាយករដ្ឋមន្ដ្រី ជប៉ុន ស៊ិន សូអាបេ នៅទីក្រុងតូក្យូ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកទៅកាន់ប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣មួយនេះ។
នេះជាលើកដំបូងហើយដែលមេដឹកនាំហ្វីលីពីនថ្មីរូបនេះ បានដាក់តារាងពេលវេលា អោយអាមេរិក ដកកងទ័ពរបស់ខ្លួនចេញពីហ្វីលីពីន។
ប្រទេសហ្វីលីពីន និងអាមេរិក នឹងធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំ នៅខែក្រោយនេះ ដែលលោក Duterte បានព្រមានថា មិនមានការធ្វើសមយុទ្ធដូចនេះទៀតទេ នៅថ្ងៃខាងមុខ។
ឆ្លើយតបនិងមេដឹកនាំហ្វីលីពីន អ្នកនាំពាក្យសេតវិមាន លោក Josh Earnest បាននិយាយទៅកាន់សន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន ថា អាមេរិក បានទទួលហើយ សារជាផ្លូវការរបស់រដ្ឋាភិបាលហ្វីលីពីន ដែលចង់អោយអាមេរិកដកទ័ពរបស់ខ្លួន។
យ៉ាងណាក៏ដោយអ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន មិនទាន់សម្រេចលើរឿងនេះនៅឡើយទេ ដោយរង់ចាំការឆ្លើយតបជាផ្លូវការពីប្រធានាធិបតីអូបាមា ជាមុនសិន ដែលលោកថា លោក អូបាមា នឹងជួបលោក Duterte នៅក្នុងវេទិការសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក នៅប្រទេសពេរ៉ូ នៅខែក្រោយនេះ។
អាមេរិក និងហ្វីលីពីន បានក្លាយជាសម្ព័ន្ធមិត្តប្រវត្តិសាស្ដ្រជាមួយគ្នា ១០០ឆ្នាំមកហើយ ចាប់តាំងពីសង្គ្រាមលោកលើកទី១។
កងទ័ពអាមេរិកមានវត្តមាននៅលើទឹកដីហ្វីលីពីន នៅកោះមីនដាណាវ មានប្រហែល៦០០នាក់។ ប៉ុន្តែសព្វាវុធ ប្រទេសនេះភាគច្រើន ជារបស់អាមេរិក៕ ប្រភព CNA