ភ្នំពេញ៖ ច្បាប់ចំនួនបី ដែលគណបក្សសង្គ្រោះជាតិបានស្នើឱ្យធ្វើវិសោធនកម្ម ត្រូវបាន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃគណបក្សកាន់អំណាច បានសម្រេចច្រានចោល ដោយរដ្ឋសភាលើកឡើងថាខុសនិតិវិធី។
នេះបើតាមការបញ្ជាក់ពី លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំជិតពីរម៉ោងនៅថ្ងៃពុធទី២៦តុលានេះ។
ច្បាប់ចំនួន៣ នោះ រួមមាន៖ទី១.សំណើស្នើច្បាប់ស្ដីពីវិសោធនកម្មមាត្រាចំនួន១៥នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ទី២.សេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្ម មាត្រាចំនួន៤០ នៃច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា និង ទី៣.សេចក្ដីស្នើច្បាប់ស្ដីពីការវិសោធនកម្ម មាត្រា៣០ នៃច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ។
លោក ឡេង ប៉េងឡុង បានឱ្យដឹងបន្តថា គណៈកម្មាធិការអចិន្ត្រៃយិ៍បានសម្រេច លើកចោលពុំពិចារណា បន្ទាប់ពីបានរកឃើញថាខុសនឹងនិតិវិធី និងមានភាពមិនប្រក្រតីមួយចំនួន។
សូមស្តាប់ការពន្យល់របស់លោក ឡេង ប៉េងឡុង៖
ចំណែកលោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យមតិភាគតិចយល់ថា ការដែលគណៈកម្មាធិការអចិន្ត្រៃយិ៍ច្រានចោលសំណើសុំវិសោធនកម្មច្បាប់ចំនួន៣ នោះ ធ្វើឡើងដោយរំលោភលើបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ លោកថា ការសម្រេចព្រមឬមិនព្រម ទាល់តែសភាពេញអង្គជាអ្នកមានសិទ្ធិសម្រេចលើសំណើនេះ។
បែបនេះក្តីលោក យ៉ែម បុញ្ញឬទ្ធិ បញ្ជាក់ថាគណបក្សសង្គ្រោះជាតិនឹងយកការសម្រេចនោះទៅពិភាក្សាឡើងវិញ៕