ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ បានសម្រេចអនុម័តទៅលើ សេចក្តីសម្រេចមួយស្តីពីការអនុវត្តវិន័យចំពោះតំណាងរាស្ត្រ ដែលសេចក្តីសម្រេចនេះនឹង ដាក់ពិន័យទៅលើតំណាងរាស្ត្រណា មិនចូលប្រជុំសភា។
យ៉ាងណាមិញការអនុម័ត ទៅលើសារាចរណ៍នេះ គណបក្សទាំងពីរ បានខ្វែងគំនិតគ្នា ដោយគណបក្សប្រជាជនកម្ពុជាលើកឡើងថា ជារឿងចាំបាច់ ក្នុងការបង្កើតសេចក្តីសម្រេចនេះ គឺជាជំហានដ៏ល្អ ក្នុងការជំរុញឱ្យតំណាងរាស្ត្រទាំងអស់គោរពតួនាទី របស់ខ្លួន។
រីឯគណបក្សសង្គ្រោះជាតិ មិនគាំទ្រចំពោះការបង្កើត សេចក្តីសម្រេចបន្ថែមនោះទេ ព្រោះរដ្ឋសភាមានបទបញ្ជាផ្ទៃក្នុងដែលអាចឱ្យតំណាងរាស្ត្រទាំងអនុវត្តបានហើយ។ កញ្ញា ឆេង ណាតា រាយការណ៍ព័ត៌មាននេះ៖
ចាប់ពីថ្ងៃនេះ តទៅបើតំណាងរាស្ត្រណាម្នាក់មិនចូលរួមប្រជុំ ដោយគ្មានហេតុផលច្បាស់លាស់នោះទេ នឹងត្រូវពិន័យ ទៅតាមសេចក្តីសម្រេចថ្មី ដែលត្រូវបានអនុម័តនៅថ្ងៃទី២៦ តុលានេះ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា។ ចំពោះតំណាងរាស្ត្រដែលប្រព្រឹត្តផ្ទុយនឹងសេចក្តីសម្រេចនេះ នឹងត្រូវពិន័យនូវការកាត់ប្រាក់ខែ ឬពិន័យតាមបែបរដ្ឋបាល។
លោក ឈាង វុន អ្នកនាំពាក្យសំលេងភាគច្រើននៃរដ្ខសភា បានឱ្យដឹងថា សេចក្តីសម្រេចថ្មីនេះ គឺជំហានដ៏ល្អក្នុងការជំរុញឱ្យតំណាងរាស្ត្រទាំងអស់ គោរពកាតព្វកិច្ចរបស់ខ្លួន និងបម្រើប្រជាពលរដ្ឋតាមឆន្ទៈ ដែលពលរដ្ឋបានបោះឆ្នោតឱ្យ។
ចំពោះករណីតំណាងរាស្ត្រជាប់ពន្ធនាគារ ដូចជាលោក អ៊ំ សំអាន ជាដើម លោក ឈាង វុន បញ្ជាក់ថា លោក អ៊ំ សំអាន នឹងមិនត្រូវបានដាក់ពិន័យ ឬកាត់ប្រាក់ខែនោះទេ ដោយសារករណីរបស់លោកមានទឡ្ហីករត្រឹមត្រូវ ព្រោះមានសាលក្រមពីតុលាការ។
តែយ៉ាងនេះក្ដីលោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យមតិភាគតិចនៃរដ្ឋសភា មិនបានគាំទ្រក្នុងការបង្កើតឱ្យមានសេចក្តីសម្រេចនេះទេ។ លោកថា រដ្ឋសភា មានទាំងបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈ សម្រាប់តំណាងរាស្ត្រ ដែលលោកថាគ្មានហេតុផលអ្វីត្រូវបង្កើតសេចក្តីសម្រេចថ្មីនេះទេ។ លោកយល់ថា ការបង្កើតនេះហាក់មានលក្ខណៈរិតត្បិត និងមានចរិកនយោបាយ។
សំឡេង យ៉ែម បុញ្ញឬទ្ធិ៖«ពីព្រោះយើងយល់ថា វាធ្វើឱ្យមានភាពស្មុគ្រស្មាញទៅវិញទេ ពីព្រោះក្នុងបទបញ្ជាផ្ទៃក្នុងមានចែងទាំងអស់ គណៈកម្មាធិការអចិន្ត្រៃយ៍ អគ្គលេខាដ្ឋានរដ្ឋសភា ទទួលបន្ទុកដើម្បីឱ្យរៀបចំបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដូច្នេះសេចក្តីសម្រេចគ្រាន់តែទៅស្រង់ពាក្យពេជន៍នៅក្នុងបទបញ្ជាផ្ទៃក្នុងយកមកចែងក្នុងសេចក្តីសម្រេច យើងមិនចង់ឱ្យមានអញ្ចឹង ជៀសវាងកុំឱ្យការប្រមូលសេចក្តីសម្រេចនេះមកទុកក្នុងអចិន្ត្រៃយ៍ ពីព្រោះភាគីពាក់ព័ន្ធ គឺតំណាងរាស្ត្រ១២៣រូប ដូច្នេះពេលអនុម័តច្បាប់ ឬអ្វីមួយដែលពាក់ព័ន្ធនឹងភាគីដែលពាក់ព័ន្ធគួរបើកឱ្យទូលាយឱ្យភាគីដែលពាក់ព័ន្ធហ្នឹងបានចូលរួមផ្តល់មតិយោបល់ដែរ ជៀសវាងការសម្រេចនោះ ហៅថាការមសម្រេចគ្នា ១៣នាក់ ១២នាក់សម្រាប់តំណាងរាស្ត្រ១២៣នាក់»។
ឆ្លើយតបទៅនឹងលោក យ៉ែម បុញ្ញឬទ្ធិ លោក ឈាង វុន ចាត់ទុកថាសេចក្ដីសម្រេចថ្មីនេះគ្រាន់តែជាសារាចរមួយ មិនចាំបាច់ត្រូវឆ្លងអង្គប្រជុំពេញអង្គនោះទេ។
ក្រោយពីបញ្ចប់កិច្ចប្រជុំបិទទ្វាជិត២ម៉ោង លោក ឡេង ប៉េង ឡុងអ្នកនាំពាក្យរដ្ឋសភា បានប្រាប់អ្នកសារព័ត៌មានថា សេចក្តីស្តីពីការអនុវត្តវិន័យចំពោះតំណាងរាស្ត្រ បានធ្វើការពិភាក្សាជាច្រើនមុននឹងធ្វើការអនុម័ត។ លោកថាចំពោះការអនុម័តលើសេចក្តីសម្រេចនេះ គឺមាន៨សំលេងដែលមកពីគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ចំណែកគណបក្សសង្គ្រោះជាតិ បានជំទាស់៕