en     km
en     km

​អ្នកគាំទ្រ​លោក​ ហុង​ សុខ​ហួរ​ ៖​ អ្នក​ស្នេហា​ជាតិ​ ហុង​ សុខ​ហួរ​ គួរតែ​បាន​ដោះ​លែង​?

Share

ភ្នំពេញ ៖ ​ពលរដ្ឋ​ប្រមាណ​ជា​ ៥០​ នាក់​ បាន​នាំ​គ្នា​កាន់​បដា​ក្រោម​កំ​ដៅ​ថ្ងៃ​ដោយ​ទាមទារ​ឱ្យ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោះ​លែង​អតីត​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​លោក​ ហុង​ សុខ​ហួរ​ ឱ្យ​មាន​សេរីភាព​ទ្បើ​ង​វិញ​ បន្ទាប់​ពី​តុលាការ​ដំបូង​បាន​ឃុំខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ អស់​រយៈ ពេល​ជាង​ ១​ ឆ្នាំ​មក​ហើយ​។​ ការ​ទាមទារ​នេះ​ធ្វើ​ឡើង​ នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ខណៈ​អតីត​សមាជិក​សភា​រូប​ត្រូវ​នាំ​ខ្លួន​មក​ជំនុំ​ជម្រះក្ដី​នៅ​ ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែតុលា​ ឆ្នាំ​ ២០១៦​ នេះ​។​

ពលរដ្ឋអ្នកគាំទ្រលោក ហុង សុខហួរ ប្រមូលផ្តុំគ្នានៅមុខតុលាការក្រុងភ្នំពេញ តវ៉ាឱ្យមានការដោះលែងលោក ហុង សុខហួរ វិញ។រូបភាពពីWMC
ពលរដ្ឋអ្នកគាំទ្រលោក ហុង សុខហួរ ប្រមូលផ្តុំគ្នានៅមុខតុលាការក្រុងភ្នំពេញ តវ៉ាឱ្យមានការដោះលែងលោក ហុង សុខហួរ វិញ។រូបភាពពីWMC

​ពលរដ្ឋ​ពលរដ្ឋ​ទាំងនោះ​កាន់​បដា​ដោយ​សរសេរ​ថា​ ប្រជាពលរដ្ឋ​ត្រូវការ​យុត្តិធម៌​ ហើយ​បើ​តុលាការ​ឯករាជ្យ​ លោក​ ហុង​ សុខ​ហួរ​ មិន​ត្រូវ​មាន ទោស​នោះ​ទ្បើ​យ​។​ ​ចំណែក​អ្នកខ្លះ​ទៀត​មាន​កាន់​រូបថត​លោក​ ហុង​ សុខ​ហួរ​ សរសេរ​ថា​ ដោះ​លែង​លោក​ ហុង​ សុខ​ហួរ​ ទៅ​។​

​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ប្រមាណ​ជា​ ៥០​ នាក់​ផ្សេង​ទៀត​ គឺ​អ្នកស្រី​ វ៉ា​ន់​ វ​ន្នី​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ មូលហេតុ​ដែល​អ្នកស្រី​ចំណាយពេល​មក​ផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ​ គឺ​ក្នុង​គោលបំណង​ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​ លោក​ ហុង​ សុខ​ហួរ​ ឱ្យ​មាន​សេរីភាព​ទ្បើ​ង​វិញ​។​

អ្នកស្រី​ វ​ន្នី​ បន្ត​ថា​ការ​ឃុំខ្លួន​លោក​ ហុង​ សុខ​ហួរ​ គឺជា​អំពើ​អយុត្តិធម៌​ ដែល​អ្នកស្រី​ថា​ តុលាការ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឹង​ម៉ាត់​ ជា​ពិសេស​តុលាការ​ត្រូវ​តែ​មាន​ភាព​ឯករាជ្យ​ផ្ទាល់ខ្លួន​។​ អ្នកស្រី​ វ​ន្នី​ អំពាវនាវ​ឱ្យ​តុលាការ​ដោះ​លែង​លោក​ ហុង​ សុខ​ ដោយ​អ្នកស្រី​ព្រមាន​ថា​ អ្នកស្រី​នឹង​នៅ​តែ​ចូលរួម​តវ៉ា​រហូត​ទាល់តែ​មាន​ដំណោះស្រាយ​។​ អ្នកស្រី​ វ​ន្នី​៖​ «​ខ្ញុំ​ចង់​សំណូមពរ​ថា​ បើសិនជា​តុលាការ​ឯករាជ្យ​សូម​ដោះ​លែង​ឯកឧត្តម​ ហុង​ សុខ​ហួរ​ ជា​បន្ទាន់​ ព្រោះ​គាត់​ជា​វីរៈបុរស​ស្នេហា​ជាតិ​ យល់​ឃើញ​ថា​ វា​អយុត្តិធម៌​ពេក​។​ តុលាការ​ធ្វើ​អ​ញ្ចឹ​ង​វា​មិន​សម​ បើ​តុលាការ​យុត្តិធម៌​ត្រូវ​ដោះ​លែង​គាត់​ ព្រោះ​គាត់​អត់​មាន​កំហុស​ទេ​ សំណូមពរ​ចង់ឱ្យ​តែ​ដោះ​លែង​ជា​បន្ទាន់​មិន​ឱ្យ​គាត់​ជាប់​ពន្ធនាគារ​យូរ​ឆ្នាំ​អ​ញ្ចឹ​ង​ទេ​ ព្រោះ​អ្នក​ស្នេហា​ជាតិ​ត្រូវការ​ដោះស្រាយ​ប្រទេស​ជាតិ​ មិនមែន​តិច​ចាប់​ដាក់គុក​មិន​រក​យុ​ត្តិ​ធ៌​ជូន​ពលរដ្ឋ​នោះ​ទេ​»​។​

ចំណែក​ពលរដ្ឋ​មួយ​រូប​ទៀត​មក​ពី​ខេត្តកណ្តាល​គឺ​លោក​ ស្រឹម​ ព្រឹម​ បាន​និយាយ​ថា​ មូលហេតុ​ដែល​លោក​សុខចិត្ត​ឈរ​ក្រោម​កំ​ដៅ​ថ្ងៃ​នៅ​មុខ​សាលាដំបូង​បែប​នេះ​ គឺ​ដើម្បី​ឃ្លាំមើល​ពី​ដំណើរការ​កាត់ក្តី​សំណុំរឿង​លោក​ ហុង​ សុខ​ហួរ​។​  លោក​ ព្រឹម​ បន្ត​ថា​ ប្រសិនបើ​តុលាការ​ពិតជា​ឯករាជ្យ​នោះ​ លោក​នឹង​មាន​សេរីភាព​ទ្បើ​ង​វិញ​។

ពលរដ្ឋអ្នកគាំទ្រលោក ហុង សុខហួរ ប្រមូលផ្តុំគ្នានៅមុខតុលាការក្រុងភ្នំពេញ តវ៉ាឱ្យមានការដោះលែងលោក ហុង សុខហួរ វិញ។រូបភាពពីWMC
ពលរដ្ឋអ្នកគាំទ្រលោក ហុង សុខហួរ ប្រមូលផ្តុំគ្នានៅមុខតុលាការក្រុងភ្នំពេញ តវ៉ាឱ្យមានការដោះលែងលោក ហុង សុខហួរ វិញ។រូបភាពពីWMC

​លោក​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កែទម្រង់​ប្រព័ន្ធ​តុលាការ​ដើម្បី​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។​ លោក​ ស្រឹម​ ព្រឹម​ ៖«​អ្នក​ដែល​ខំ​មកនេះ​គឺ​ដើម្បី​ចង់បាន​ថា​ តើ​តុលាការ​ស្រុក​ខ្មែរ​យុត្តិធម៌​ ឬ​ អត់​ដែល​អន្តរជាតិ​គេ​ប្រាប់​ថា​ សូម​ឱ្យ​តុលាការ​កែទម្រង់​តុលាការ​អ​ញ្ចឹ​ង​ខ្ញុំ​មក​ថ្ងៃនេះ​ ចង់បាន​យុត្តិធម៌​ថា​ តើ​តុលាការ​ខ្មែរ​ដូច​ការ​ចោទ​របស់​គេ​មែន​ ឬ​អត់​ អ​ញ្ចឹ​ង​បើ​តុលាការ​ធ្វើ​ត្រឹមត្រូវ​តាម​នីតិ​វ​ធី​ច្បាប់​ ខ្ញុំ​ជឿ​ថា​ឯកឧត្តម​ ហុង​ សុខ​ហួរ​ នឹង​រួចខ្លួន​។​ សំណូមពរ​ទៅ​រាជរដ្ឋាភិបាល​ ចៅក្រម​កាត់ក្តី​មេត្តា​ពិនិត្យ​តាម​នីតិវិធី​ច្បាប់​ថា​តើ​ប្រ​សិន​ បើ​គាត់​អត់​មានទោស​កំហុស​អី​ទេ​ គឺ​សូម​ដោះ​លែង​គាត់​»​។​

​លោក​ លី​ សុ​ផា​ណា​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​តាម​សារ​អេ​ឡិ​ក​ត្រ​និក​តេ​ឡេ​ក្រាម​ថា​ តុលាការ​នឹង​សម្រេច​ដោយ​សាលក្រម​ដែល​មាន​សំអាង​ហេតុ​ និង​សំអាង​ច្បាប់​យ៉ាង​ច្បាស់លាស់​ និង​ត្រឹមត្រូវ​ បន្ទាប់​ពី​សវនាការ​ធ្វើការ​ពិភាក្សា​ដេញដោល​ ទៅ​លើ​អង្គហេតុ​ និង​អង្គច្បាប់​ និង​ពិនិត្យ​ភស្តុ​តាង​ត្រឹមត្រូវ​នៅ​ចំ​មុខ​ភាគី​រឿង​ក្តី​។​ លោក​បន្ត​ថា​ ភាគី​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សាលក្រម​សាលាដំបូង​ក្នុង​ករណី​ដែល​ខ្លួន​មិន​ពេញចិត្ត​ចំពោះ​សាលក្រម​។​

​សូម​ជំរាប​ថា​ លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​ ១៥​ សីហា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​  ចោទ​លោក​ថា​ ជា​ជន​ក្បត់ជាតិ​ដោយសារ​លោក​បង្ហោះ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​ ឆ្នាំ​១៩៧៩​ ដែល​នាំ​អោយ​តុលាការ​ ចោទ​លោក​ករណី​ ក្លែង​ឯក​សាធារណៈ​ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ សន្ដិសុខ​សង្គម​៕​​

Share

ព័ត៌មានទាក់ទង

Image