ក្រុងតូក្យូ ៖ លោកប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានផ្តល់ការធានារបស់លោកទៅកាន់ប្រទេសជប៉ុននៅថ្ងៃអង្គារទី ២៥ តុលា ម្សិលមិញថា កំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន នាពេលកន្លងទៅថ្មីៗនេះ គឺពិភាក្សាផ្តោតតែលើបញ្ហាសេដ្ឋកិច្ចតែប៉ុណ្ណោះ ហើយលោក Duterte បានបញ្ជាក់ជាថ្មីម្តងទៀតថា ទំនាក់ទំនងការពារជាតិជាមួយសម្ព័ន្ធមិត្តអាមេរិក គឺនឹងត្រូវបានរក្សាជាយូរងង្វែង ប៉ុន្តែជំហររបស់មេដឹកនាំហ្វីលីពីនរូបនេះត្រូវបានគេមើលឃើញថា កំពុងសសៀរទៅរកចិន។
លោក Duterte បានប្រាប់ពាណិជ្ជករជប៉ុនយ៉ាងដូច្នេះថា៖« …អ្នកបានដឹងថា ខ្ញុំបានទៅដល់ប្រទេសចិនសម្រាប់ដំណើរទស្សនកិច្ចមួយ។ ហើយខ្ញុំចង់អះអាងចំពោះមុខអ្នកថា យើងជជែកគ្នាតែបញ្ហាសេដ្ឋកិច្ចនោះទេ។ យើងមិនបាននិយាយអំពីអាវុធនោះឡើយ។ ហើយយើងបានគេចវះនិយា យអំពីការចងសម្ព័ន្ធភាព»។
ដំណើរទស្សនកិច្ច Duterte ទៅប្រទេសជប៉ុនជាលើកដំបូងនេះ គឺកើតឡើងចំពេលមានភាពតានតឹងអំពីជំហរនយោបាយការបរទេសរបស់លោក បន្ទាប់ពីសប្តាហ៍មុនលោក Duterte ប្រើសម្តីវាយប្រហារមកលើសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិក ហើយចាប់ផ្តើមចង់សសៀរទៅរករបបចិនកុម្មយនីសជាខ្នងបង្អែកវិញ។
លោក Duterte បានបន្ថែមថា៖ «ខ្ញុំចង់ធ្វើឱ្យវាច្បាស់លាស់ចំពោះអ្នករាល់គ្នា ថាយើងមិនជ្រើសរើសយកជម្លោះជាមួយមិត្តភក្តិ និងប្រទេសជិតខាងរបស់យើងនោះទេ ប៉ុន្តែចំពោះខ្ញុំ វាគឺជាពេលវេលាល្អមួយដែលថាប្រធានាធិបតីត្រូវក្រោកឈរឡើងដើម្បីសេចក្តីថ្លៃថ្នូររបស់ខ្លួនឯងជាមនុស្សម្នា»៕ប្រភព ៖ CNA