en     km
en     km

ឆ្មាំ​គុក​ព្រៃ​សរ​ ដឹក​ជនជាប់ចោទ​ច្រឡំ​ធ្វើ​អោយ​សវនាការ​លោក​ ហុង​ សុខ​ហួរ​ យឺត​ពេល​

Share

​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​ បាន​ធ្វើ​សេចក្ដីរាយការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​មក​ថា​ ឆ្មាំ​គុក​ព្រៃ​សរ​ មានការ​ភ័ន្ដ​ច្រឡំ​ អំពី​កិច្ចការរដ្ឋបាល​ដោយ​មិន​បាន​ដឹក​លោក​ ហុង​ សុខ​ហួរ​ អតីត​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​ មក​កាន់​សវនាការ​នៅ​ព្រឹក​នេះ​ មិន​ទាន់​ពេលវេលា​ ដោយសារ​ដឹក​ជនជាប់ចោទ​ច្រឡំ​។​

hong-sokhur-thumតាម​ប្រភព​របស់​អ្នករាយការណ៍​ព័ត៌មាន​ ការ​ដឹក​ជនជាប់ចោទច្រឡំ​ កើតឡើង​ដោយសារ​តែ​មាន​កំហុស​បច្ចេកទេស​ ផ្នែក​រដ្ឋបាល​ ពីព្រោះ​ឆ្មាំ​គុក​ យក​ជនជាប់ចោទ​ដែល​ត្រូវ​បើក​សវនាការ​នៅ​ពេល​រសៀល​ មក​ជំនុំជម្រះ​នៅ​ពេល​ព្រឹក​ ជំនួស​លោក​ ហុង​ សុខ​ហួរ​ ទៅ​វិញ​។​

​យ៉ាងណា​ក៏​ដោយ​ឆ្មាំ​គុក​បាន​ត្រឡប់​ទៅ​យក​លោក​ ហុង​ សុខ​ហួរ​ វិញ​ហើយ​។​ ពន្ធ​ធនាគារ​ព្រៃ​សរ​ ស្ថិត​នៅ​ខណ្ឌដង្កោ​ ឬ​តំបន់​ចម្ការ​ដូង​ដែល​មាន​ចម្ងាយ​ ជិត​២០​គីឡូម៉ែត្រ​ ពី​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

​ករណី​នេះ​ លោក​ សុ​ន​ ឆ័​យ​ ប្រធាន​ក្រុម​តំណាងរាស្ដ្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្ដែង​ការ​សោកស្ដាយ​ ដោយ​លោក​បាន​ហៅ​ថា​ ជា​កំហុស​មួយ​របស់​តុលាការ​ និង​ឆ្មាំ​ពន្ធ​ធនាគារ​ ដែល​មិន​គួរ​កើត​មាន​នោះ​ទេ​ ។​លោក​ បញ្ជាក់​ថា​ ករណី​របស់​លោក​ហុង​ សុខ​ហួរ​ គឺ​ ជា​បញ្ហា​របស់​ជាតិ​កម្ពុជា​ ដែល​មិនមែន​ជា​រឿង​លេងសើច​ឡើយ​ ។​

​លោក​ ហុង​ សុខ​ហួរ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ សីហា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ចោទ​លោក​ថា​ ជន​ក្បត់ជាតិ​ ដោយសារ​លោក​បង្ហោះ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​ ឆ្នាំ​១៩៧៩​ ដែល​នាំ​អោយ​តុលាការ​ ចោទ​លោក​ករណី​ ក្លែង​ឯក​សាធារណៈ​ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ សន្ដិសុខ​សង្គម​៕


Share

Image
Image
Image