ភ្នំពេញ ៖ ក្រុមសហជីពព្រលានយន្តហោះអន្តរជាតិ បានព្រមានថា ពួកគេនឹងធ្វើកូដកម្មប្រសិនបើការចរចាលើលក្ខខណ្ឌទាំង ១៥ ចំណុចមិនត្រូវរូវគ្នា។ ការព្រមានធ្វើបាតុកកម្មជាថ្មីនេះ ធ្វើឡើងនៅក្នុងសន្និសិទ កាសែត នៅសហភាពការងារកម្ពុជា នាព្រឹកថ្ងៃទី ២៥ ខែ តុលានេះ។
តំណាងសហជីពមួយរូបបានប្រាប់ថា ការតវ៉ានេះ នឹងធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិទាំងបីទីតាំង គឺ ព្រលានយន្តហោះភ្នំពេញអន្តរ ជាតិ ព្រលានយន្តខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីជំរុញឱ្យក្រុមហ៊ុនដោះស្រាយបញ្ហាដែលបុគ្គលិកបានទាមទារ។
លោក និន កុសល អនុប្រធានសម្ព័ន្ធវិស័យដឹកជញ្ជូនកម្ពុជាបានថ្លែងថា កន្លងមកការចរចារវាងសហជីព និងក្រុមហ៊ុនត្រូវរូវគ្នាបាន ១៤ ចំនុចហើយ គឺនៅតែមួយចំណុចទៀតប៉ុណ្ណោះ ដែលទាំងភាគីខាងបុគ្គ លិក និងក្រុមហ៊ុនមិនទាន់ឯកភាពគ្នារហូតមានការព្រមានធ្វើកូដតុកម្ម។
លោកបន្តថា ចំណុចដែលមិនទាន់ឯកភាពគ្នាគឺ ការតម្រូវឱ្យបុគ្គលិកធ្វើការពហុជំនាញ។ លោក និន កុសល៖«ឱ្យសហជីពទទួលយកពហុជំនាញ និងចុះហត្ថលេខារួមគ្នា។ សួរថាឱ្យសហជីពទទួលយកពហុជំនាញ ដូចជាបង្ខំកម្មករទាំងអស់ទៅស្លាប់ មានន័យថាទៅរងទុក្ខ។ អញ្ចឹងគាត់ធ្វើការពីមួយទៅមួយៗ គ្មានពេលសម្រាកទេ បើគាត់បើកបរឡានផង ទៅលើកឥវ៉ាន់ផង ទៅផ្តល់សញ្ញាយន្តហោះផង ទៅរុញយន្តហោះផង សួរថា គាត់មានពេលសម្រាកមកពីណា អញ្ចឹងកម្លាំងដែលគាត់រកបានប៉ុន្មាន ។ អញ្ចឹងកាលពីមុនមិនមែនទេ ក្នុងព្រលានយន្តហោះបើគេបើឡាន គឺគេបើក ឡាន.. តែឥលូវនេះអ្នកបើកឡានក៏ទៅលើកឥវ៉ាន់ច្រលំចូលគ្នាទាំងអស់ អញ្ចឹងវាធ្វើឱ្យប៉ះពាល់ទៅដល់អត្ថប្រយោជន៍ពួកគាត់។»
លោក និន កុសល បានបញ្ជាក់ថា ទាំងសហជីព និងបុគ្គលិកមិនអាចទទួលយកការធ្វើការពហុជំនាញបាននោះទេ។ លោកថា ការតម្រូវឱ្យកម្មករធ្វើការពហុជំនាញនឹងឱ្យមានការកើនឡើងជនចំណាក និងនិស្សិតអត់ការងារធ្វើជាដើម។
តំណាងសហជីពរូបនេះ បានឱ្យដឹងបន្ថែមថា បើទោះបីជាមានដីកាចេញពីតុលាការហាមមិនឱ្យធ្វើកូដកម្មក៏ដោយ ក៏នៅតែដឹកនាំបុគ្គលិកធ្វើការតវ៉ាដែរ។ លោក និន កុសល៖«ព្រោះត្រូវតែធ្វើ គ្រាន់តែទាមទារសិទ្ធិ បើសិនជាជាប់គុកដោយសារទាមទារសិទ្ធិអាហ្នឹងក៏មិនដឹងធ្វើយ៉ាងមិច ព្រោះយើងត្រូវគេរំលោភទៅហើយ…។ ថ្នាក់ដឹកនាំទាំងអស់ហ្នឹងអត់ចង់ធ្វើទេ ព្រោះកន្លែងព្រលានយន្តហោះជាកន្លែងមុខមាត់ កន្លែងអន្តរជាតិ មុខមាត់ប្រទេសយើងដែរ។ អញ្ចឹងប្រសិនបើការចរចាអស់ជម្រើសហើយ វាអត់មានអីទៅមុខអាហ្នឹងវាដាច់ខាតត្រូវតែធ្វើ»។
វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបពីភាគីក្រុមហ៊ុន ព្រលានយន្តហោះទាំងបីទីតាំងបានទេ នៅថ្ងៃនេះ។
បើតាមលោក និន កុសល គម្រោងធ្វើកូដកម្មនេះ នឹងធ្វើនៅអំឡុងខែធ្នូ ឆ្នាំ២០១៦ ខណៈខាងសហជីពព្យាយាមចរចាឱ្យអស់លទ្ធភាពជាមួយក្រុមហ៊ុន។
ក្នុងចំណោមលក្ខខណ្ឌទាំង ១៥ ចំណុចសំខាន់ ដែលសហជីពចង់បាន គឺទទួលយកបុគ្គលិកដែលបានបញ្ឈប់ឱ្យចូលធ្វើការវិញ និងការមិនតម្រូវឱ្យបុគ្គលិកធ្វើការពហុជំនាញ៕