en     km
en     km

សង្គម​​ស៊ី​វិល ​គាំ​ទ្រ​របាយ​ការណ៍​របស់​អា​មេ​រិក​ដែល​ថា កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​បញ្ជី​តាម​ដាន​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​ឆ្នាំ ២០១៥

Share

សម្លេង៖
ភ្នំពេញ ​៖ ​​សង្គម​ស៊ីវិល​​បាន​បង្ហាញ​ការ​គាំ​ទ្រ​ចំពោះ​របាយ​ការណ៍​របស់​សហ​រដ្ឋ​អាមេរិក​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ​២៨​ ​កក្តដា ​ថា​កម្ពុជា​​នៅ​តែ​ជា​ប្រទេស​លំដាប់​ទី ​២​ ក្នុង​បញ្ជី​តាម​ដាន​​នៃ​របាយ​ការណ៍​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​ឆ្នាំ​ ២០១៥​។ ​សង្គម​បាន​លើក​ឡើង​ថា​ បើ​ទោះ​បី​ជា​កម្ពុជា​មាន​គោល​នយោ​បាយ​ក្នុង​ការ​កាត់​បន្ថយ​ការ​ជួយ​ដូរមនុស្ស​ក្តី ​ប៉ុន្តែ​គោល​នយោ​បាយ​ទាំង​នោះ​ អនុវត្ត​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព​នៅ​​ឡើយ​ទេ​។ប្រធាន​ផ្នែក​ស្ត្រី​និង​កុមារ​និង​ការ​ដោះ​ស្រាយ​ទំនាស់​​ក្រៅ​ប្រព័ន្ធ​តុលា​ការ​ ​របស់​សមា​គម​អាដ​ហុក​ អ្នក​ស្រី​ ឆន ​សុគន្ធា​ ​បាន​ប្រាប់​ WMC​ នៅ​ថ្ងៃ​ទី ​២៩​ កក្តដា​នេះ​ថា​ អ្នក​ស្រី​គាំ​ទ្រ​របាយ​ការណ៍​របស់​សហ​រដ្ឋ​អា​មេ​រិក​ដែល​បន្ត​ចំណាត់​ថ្នាក់​កម្ពុជា​លេខ ​២​ ជា​ប្រទេស​ដែល​មិន​ទាន់​គោ​រព​តាម​បទ​ដ្ឋាន​ការ​ពារ​ជន​រង​គ្រោះ​ដោយ​កា​រ​​ជួញ​ដូរ​ឡើយ​។ ​កន្លង​មក​រដ្ឋា​ភិ​បាល​បាន​បង្កើត​ជា​គោល​ន​យោ​បាយ​ផ្សេង​ៗ​ដើ​ម្បី​ប្រ​យុទ្ធ​ប្រ​ឆាំង​​នឹង​ការ​ជួយ​ដូរ​មនុស្ស​ ប៉ុន្តែ​មា​នតែ​នៅ​ក្នុង​គោល​នយោ​បាយ​តែ​ប៉ុណ្ណោះ​ រី​ឯ​ការ​អនុ​វត្ត​ជាក់​ស្តែង​នៅ​មិន​ទាន់​ធ្វើ​បាន​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ​។ ​

អ្នក​ស្រី​ ឆន ​​សុគន្ធា​ បាន​សង្កត់​ធ្ងន់​ថា​ ដើ​ម្បី​ប្រ​យុទ្ធ​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​ និង​មាន​លក្ខណៈ​ប្រសើរ​ជាង​នេះ ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ គួ​រ​តែ​ពិនិត្យ​មើល​ឡើង​វិញ ​និង​ពង្រឹង​នូវ​គោល​នយោ​បាយ​រដ្ឋា​ភិ​បាល​ដែល​មាន​ស្រាប់​មក​ហើយ​នោះ​។

Human-not for sale

​ចំណែក ​លោក ​យ៉ា ​ណា​វុធ​ នាយក​ប្រតិ​បត្តិ​អង្គ​ការ​ខា​រ៉ា​ម​កម្ពុជា​វិញ ​មាន​ប្រ​សាសន៍​ថា ​ដរាប​ណា​កម្ពុជា​មិន​អាច​ផ្តល់​ឱកាស​ការ​ងារ​ដល់​ប្រជា​ពល​រដ្ឋ​គ្រប់​គ្រាន់​ ហើយ​ប្រជា​ពល​រដ្ឋ​នៅ​​តែ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រ​ទេស ​នោះ​បញ្ហា​ការ​ជួញ​ដូរ​មនុស្ស​នឹងនៅ​តែ​បន្ត​កើត​មាន​។ ​នាយក​ប្រតិ​បត្តិ​អង្គ​ការ​ខារ៉ាម​កម្ពុជា​លើក​ឡើង​បែប​នេះ​ដោយ​ហេតុ​ថា ​ចំនួន​ពល​ករ​ចំណាក​ស្រុក​មាន​ច្រើន​លើស​លុប​ពេក​ ជា​ពិសេស​នៅ​ក្នុង​ច្រក​ចេញ​ចូល​តែ​មួយ​ដែល​បង្កើត​ឡើង​ដោយ​ភាគី​ថៃ​ដែក​ទាក់​ទាញ​ពល​ករ​ខុស​ច្បាប់​ជាច្រើន​។ ​

​មួយ​វិញ​ទៀត ​បើ​ទោះ​បី​​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​ខិ​ត​ខំ​ប្រឹង​ប្រែង​ បង្កើត​យន្ត​ការ​កៀង​គរ​អង្គ​ការ​សង្គម​ស៊ី​វិល​ ដើ​ម្បី​សហ​ការ​ជា​មួយ​គ្នា​យ៉ាង​ណា​ក៏​ដោយ​ ​តែ​បើ​នៅ​មិន​មាន​កិច្ច​សហ​ប្រតិ​បត្តិ​​ការ​គ្រប់​គ្រាន់​ពី​ប្រទេស​ទទួល​យក​អំពើ​ជួញ​ដូរ​មនុស្ស​ នោះ​អំពើ​ជួយ​ដូរ​មនុស្ស​នៅ​តែ​កើត​មាន​។ ​នាយក​ប្រតិ​បត្តិ​អង្គ​ការ​ខារ៉ាម​រូប​នេះ ​បាន​បន្ថែម​ថា ​ដើម្បី​កាត់​បន្ថយ​បញ្ហា​ជួញ​ដូរ​មនុស្ស​ លុះ​ត្រា​តែ​មាន​ថវិ​កា​សម្រាប់​អប់​រំ ​និង​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​នៅ​តាម​តំបន់​ជន​បទ​។ ​​ហើយ​យន្ត​ការ​ថ្នាក់​ជាតិ​ដែល​ត្រូវ​បាន​បង្កើត​ដោយ​ក្រសួង​មហា​ផ្ទៃ​នៅ​តាម​ខេត្ត​ ក្រុង​ គួរ​តែ​មាន​កញ្ចប់​ថវិកា ​ដើ​ម្បី​អនុវត្ត​​ឱ្យ​មាន​ប្រសិទ្ធ​ភាព​បន្ថែម​ទៀត​។

​គួរ​បញ្ជាក់​ថា ​នៅក្នុង​របាយ​ការណ៍ស្តីពី «ការជួញដូរមនុស្សពីទីក្រុងវ៉ាស៊ីនតោន»​ (TIP) ប្រចាំ​ឆ្នាំ ​២០១៥​ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ ​២​។ ​ពិត​មែន​តែ​រដ្ឋា​ភិបាល​បាន​បន្ត​នាំ​ខ្លួន​អ្នក​ជួញ​ដូរ​មនុស្ស​យក​មក​កាត់​ទោស ​និង​បាន​ដាក់​ទោស​លើ​ជន​ប្រ​ព្រឹត្ត​ការ​ជួញ​ដូរ​ តែ​រដ្ឋា​ភិបា​ល​បាន​ខក​ខាន​ក្នុង​ការ​បង្កើន​ការ​ខិត​ខំ​ជា​រួម​ ដើ​ម្បី​​ប្រ​យុទ្ធ​ប្រឆាំង​នឹង​គ្រប់​ទំរង់​ទាំង​អស់​នៃ​ការ​ជួញ​ដូរ​មនុស្ស​ឱ្យ​បាន​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ​។​ របាយ​ការណ៍​នេះ ​ក៏បាន​សា​ទរ​ផង​ដែរ ​ចំពោះ​ការ​ខិត​ខំ​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ​នៅ​តាម​កន្លែង​ជួញ​ដូរ​នា​នា​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​។

​របាយ​ការណ៍​ដដែល​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ​កម្ពុជា​ជា​ប្រទេស​សម្រាប់​បញ្ជូន​​ឆ្លង​កាត់ ​និង​ក៏​ជា​គោល​ដៅ​នៃ​ការ​ងារ​ដោយ​បង្ខំ​​ ​និង​អំពើ​ជួញ​ដូរ​មនុស្ស​។ ​កុមារ​និង​មនុស្ស​ពេញ​វ័យ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ទី​កន្លែង​ដទៃ​។ តាម​​រយៈ​ការ​ងារ​ទាំង​នោះ ​ពួក​គេ​អាច​ត្រូវ​គេ​ជួញ​ដូរ​ផ្លូវ​ភេទ​ ​កេង​ប្រ​វ័ញ្ច​កម្លាំង​ពល​កម្ម​នៅ​លើ​ទូក​នេ​សាទ​ និង​អ្នក​បម្រើ​ការ​តាម​ផ្ទះ​ជា​ដើម​។ ​កុមារ​ក្រី​ក្រ​ ជា​អ្នក​ងាយ​រង​គ្រោះ​ខ្លាំង​ដែល​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​ការ​ និង​​បង្ខំ​ឱ្យ​សុំ​​ទាន​​ក្នុង​ប្រ​ទេស​ថៃ ​ឬ​វៀត​ណាម​ ដោយ​មាន​ការ​ចូល​ដៃ​ពី​ក្រុម​គ្រួ​សារ​របស់​ពួក​គេ​។ ការ​ជួញ​ដូរ​ពល​រដ្ឋ​ខ្មែរ​ទៅ​ក្រៅ​ប្រទេស​ធ្វើ​ឡើង​​ក្រោម​រូប​ភាព​ជា​ព​ល​ករ​ចំណាក​ស្រុក​ ឬ​ការ​រៀប​ការ​។ ​​បុរស​ខ្មែរ​ភាគ​ច្រើន​ត្រូវ​គេ​លក់​ឱ្យ​ទៅ​ធ្វើ​ការ​លើ​ទូក​នេសាទ​ក្នុង​ប្រទេស​ថៃ​ ជា​ទី​ដែល​ពួក​គេ​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​ការ​ដូច​ជា​ទាស​ករ​។ ​​ចំណែក​ស្ត្រី​វិញ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ​ភាគ​ច្រើន​ត្រូវ​គេ​ជួញ​ដូរ​ទៅ​ប្រទេស​ចិន​ តាម​រយៈ​កា​រ​រៀប​កា​រ​ បន្ទាប់​មក​ត្រូវ​គេ​លក់​ដូរ​ទៅ​ផ្ទះ​បន ​ឬ​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​ការ​ធ្ងន់​ធ្ង​រ​៕​

Share

Image
Image
Image