ភ្នំពេញ៖ មន្ដ្រីជាន់អង្គការសម្ព័ន្ធខ្មែរជំរឿននិងការការពារសិទ្ធិមនុស្ស លីកាដូ ទទួលបន្ទុកផ្នែកស្ដ្រីបានឲ្យដឹងថា បច្ចុប្បន្នការរំលោភសេពសន្ថវៈទៅលើស្ដ្រីមានសភាពកាន់តែធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលប្រការនេះ អង្គការសង្គមស៊ីវិលស្នើដល់អាជ្ញាធរមានសមត្ថកិច្ច បង្កើនការយកចិត្ដទុកលើស្ដ្រី ឲ្យបានកាន់តែខ្លាំងព្រោះថាបើ ការរំលោភសេពសន្ថវៈមានការកើនឡើងនឹងធ្វើឲ្យសង្គមបាត់បង់សីលធម៌នៃការរស់នៅ។
ករណីនេះរដ្ឋេលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកប្រឆាំងការជួញដូរមនុស្សទទួលស្គាល់ថា បច្ចុប្បន្នពិតមានការកើនឡើងនៃការរំលោភសេពសន្ថវៈលើស្ដ្រីច្រើនមែន ។ ប៉ុន្ដែរដ្ឋាភិបាលក៏កំពុងតែធ្វើការយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហានេះ។លោក លៀ ស៊ីណា រាយការណ៍៖
កញ្ញា ណាប់ សុម៉ាលី មន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកបញ្ហាស្ដ្រីនិងកុមារនៃអង្គការលីកាដូបានឲ្យវិទ្យុស្ដ្រីFM102 ដឹង ថា គិតត្រឹម ៩ ខែដើមឆ្នាំ ២០១៦ មកដល់ខែ កញ្ញា ស្ដ្រីរងការរំលោភសេពសន្ថវៈមានសភាពកាន់តែអាក្រក់និងធ្ងន់ធ្ងរបើធៀបរយៈពេលដូចគ្នាកាលពីបណ្ដាឆ្នាំៗមុន។
កញ្ញាអះអាងថាភាពធ្ងន់ធ្ងរនេះ ដោយសារការប្រើសប្រាស់គ្រឿងស្រវឹងកាន់តែកើន ហើយជាងនេះទៀតសោតគ្រឿងបំពុលស្មារតីទាំងនោះត្រូវបានផ្សព្វផ្សាយគ្រប់ទីកន្លែង ហើយជាពិសេសគឺងាយរកទិញទៀតផង។
កញ្ញា ណាប់ សុម៉ាលី៖« ពីមុនវាមានករណីរំលោភដែរប៉ុន្ដែមិនសាហាវរហូតដល់រំលោភហើយសម្លាប់បំបិតមាត់ឬក៏អាក្រាតកាយនៅកណ្ដាលព្រៃ ហើយអ្នកខ្លះទៀតបាត់សាច់ញ្ញាតទៅរកសាកសពឃើញស្អុយរលួយអស់ទៅហើយ ទាំងនេះគឺជាកត្ដាដែលយើងព្រួយបារម្ភពីសុវត្ថិភាពស្ដ្រី»។
មន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកស្ដ្រីនិងកុមាររបស់អង្គការលីកាដូ មានប្រសាសន៍បន្ដទៀតថា ការកើនឡើងនេះព្រោះតែក្នុងសង្គមមានគំរូអាក្រក់ និងការចែកចាយវីដេអូអាសអាភាសកាន់តែច្រើនឡើង ។
កញ្ញាណាប់ សុម៉ាលី៖«កាលពីមុនការរំលោភដោយសាច់ញាតិអត់សូវមានទេ ដែលរំលោភដោយសាច់ញាតិ រំលោភក្មេងៗដូចគ្នា មានក្មេងខ្លះត្រឹម ១៣ ,១៤ឆ្នាំ ចេះនាំគ្នារំលោភបូកក្មេងស្រីអាយុ ៧,៨ ឆ្នាំ បើយើងគិតពីវិវត្ដន៍នៃជីវសាស្ដ្រហ្នឹងជារឿងមួយផ្នែក តែកត្ដាជំរុញមួយទៀតគឺវិដេអូអះអាស់ភាស គំរូអាក្រក់ក្នុងសង្គមនិងការប្រើប្រាស់គ្រឿងញៀន ដែលធ្វើឲ្យភាបជាមនុស្សព្រៃផ្សៃកើតឡើង»។
កញ្ញា ណាប់ សុម៉ាលី មានប្រសាសន៍ដោយទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ចងាកទៅចាប់អារម្មណ៍និងយកចិត្ដទុកដាក់លើសុវត្ថិភាពស្ដ្រីឲ្យបានខ្ពស់ជាងនេះ។ កញ្ញាថា បើសង្គមមួយមានអំពើរំលោភសេពសន្ថវៈលើស្ដ្រីមានការកើនឡើងខ្លាំងនោះនឹងធ្វើឲ្យប្រទេសអស្ថេរភាព។ ជាងនេះកញ្ញាក៏ស្នើឲ្យតុលាការត្រូវតែផ្ដល់យុត្ដិធម៌ឲ្យស្ដ្រីឲ្យបានពេញលេញនឹងមិនត្រូវព្រងើយកន្ដើយពីការផ្ដល់យុត្ដិធម៌ពិតប្រាកដដល់ស្ដ្រីរងគ្រោះពីការរំលោភសេពសន្ថវៈ។
ជាការឆ្លើយតបរដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកប្រឆាំងការជួញដូរមនុស្សលោកស្រី ជូ ប៊ុនអេង ទទួលស្គាល់ថា ការផ្ដល់យុត្ដធម៌ពីតុលាការចំពោះស្ដ្រីរងគ្រោះពីការរំលោភសេពសន្ថវៈពិតជានៅមានកម្រិតនៅឡើយ ប៉ុន្ដែលោកស្រីថា សមត្ថកិច្ចក៏មិនដែលព្រងើយកន្ដើយការរកយុត្ដិធម៌ជូនជនរងគ្រោះម្ដងណាទេ។
លោកស្រីក៏បានបង្ហាញការព្រួយបារម្ភពីការកើនឡើងនៃចំនួនស្ដ្រីត្រូវបានរំលោភបំពាននេះជាខ្លាំងផងដែរ។ លោកស្រីក៏បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ត្រូវបង្កើនការយកចិត្ដទុកដាក់លើកូនស្រីរបស់ខ្លួន បើយល់ថាមានភាពមិនប្រក្រតីត្រូវផ្ដល់ដំណឹងទៅអាជ្ញាធរដើម្បីបង្កាបញ្ហា។
លោកស្រី ជូ ប៊ុនអេង«ខ្ញុំក៏បានមើលឃើញដែរថា ក្នុងវិស័យតុលាការក៏ឃើញមានការប្រឹងប្រែងនៅក្នុងការផ្ដន្ទាទោសប៉ុន្ដែជាលទ្ធផលឲ្យគួរជាទីពេញចិត្ដយើងមិនទាន់អានិយាយបាននៅឡើយទេ ដោយសារករណីវាកើតឡើងច្រើន ហើយមិនមែនតែរឿងហ្នឹងមួយទេ វាមានរឿងច្រើនទៅទៀតដែលជាហេតុធ្វើឲ្យសមត្ថកិច្ចមានការលំបាក»។
សូមជម្រាបថា បើយោតាមរបាយការណ៍របស់អង្គការសម្ព័ន្ធខ្មែរជំរឿននិងការការពារសិទ្ធិមនុស្ស លីកាដូ គឺអង្គការនេះទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ដែលជាស្ដ្រីករណីរំលោភសេពសន្ថវៈគិតត្រឹម ៩ខែ ក្នុងឆ្នាំ ២០១៦ មានប្រមាណ
១៩៩ ករណី ។ ក្នុងនោះស្ដ្រីដែលមានអាយុ ១៨ឆ្នាំ ឡើងទៅគឺមានប្រមាណ ៤៤ករណី និងស្ដ្រីដែលអាយុក្រោម ១៨ឆ្នាំ មានប្រមាណ ១៥៥ ករណី៕