ភ្នំពេញ៖ បន្ទាប់ពីទទួលដំណឹងថា ឧបការីរដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក នឹងធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសបី ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានប្រទេស ហ្វីលីពីន ប្រទេស ថៃ និងប្រទេសកម្ពុជា នៅក្នុងសប្ដាហ៍នេះ គណបក្សសង្គ្រោះជាតិ ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលបានត្រៀមខ្លួនជាស្រេចដើម្បីជួប មន្ដ្រីជានខ្ពស់អាមេរិករូបនោះ ក្នុងគោលបំណងស្នើជួយកម្ពុជាគោរពសិទ្ធិមនុស្ស និងដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ចំណែកអ្នកវិភាគយល់ថា បំណងគណបក្សប្រឆាំង និងសង្គមស៊ីវិលអាចទទួលបានការចាប់ អា រម្មណ៍ច្រើនពីមន្ដ្រីជាន់ខ្ពស់អាមេរិក ។
ដោយឡែកគណបក្សកាន់អំណាចបញ្ជាក់ថា ខ្លួនមិនត្រៀមអ្វីដើម្បីប្រាប់ទៅកាន់មន្ដ្រីជាន់ខ្ពស់អាមេរិកទេ ព្រោះរដ្ឋាភិបាលនឹងប្រាប់រាល់អ្វីដែលមន្ដ្រីរូបនោះចង់ដឹង។លោក លៀ ស៊ីណា រាយការណ៍៖
មន្ត្រីការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការតំបន់អាស៊ីលោក Daniel Russel នឹងមកដល់កម្ពុជា នៅសប្ដាហ៍នេះ។
ដំណើរទស្សនកិច្ចនៃជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក សម្រាប់តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកលោក Daniel Russel នេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់ បីប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ រួមមាន ហ្វីលីពីន ថៃ និង កម្ពុជា។
ទស្សនកិច្ចរបស់អ្នកការទូតជាន់ខ្ពស់អាមេរិករូបនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ ជាច្រើន ពី អ្នក នយោបាយ អ្នកវិភាគ និង មន្ត្រីសង្គមស៊ីវិល។ គេរំពឹងថា លោក Daniel Russel អាច ធ្វើឱ្យមានការប្រែប្រួល ស្ថានភាពនយោបាយនៅកម្ពុជាពីអវិជ្ជមានទៅរកវិជ្ជមាន។
អ្នកនាំពាក្យសំឡេងភាគតិច នៃគណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញាឬទ្ធិ បានឲ្យវិទ្យុស្ដ្រីFM102 ដឹងនៅថ្ងៃទី ២៤ ខែ តុលា ថា គណបក្សសង្គ្រោះជាតិនៅពេល បានជួប លោក Daniel Russel គណ បក្សនេះនឹងស្នើសុំឲ្យមានការជួយអន្ដរាគមន៍ដោយធ្វើយ៉ាងណា រៀបចំឲ្យមានដំណើរការបោះឆ្នោតដោយស្មើភាពគ្នា ។
ជាងនេះលោកថា ប្រព័ន្ធតុលាការនិងប្រព័ន្ធយុត្ដិធម៌សង្គម ក៏ជាងរឿងសំខាន់ដែលគណបក្សសង្គ្រោះជាតិមានបំណងដើម្បីជជែកជាមួយ ឧបការីរដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិកផងដែរ។
លោក យ៉ែម បុញ្ញាឬទ្ធិ៖«ទីមួយគឺពាក់ព័ន្ធការរៀបចំការបោះឆ្នោតដែលយើងចង់ឲ្យមានបរិយាកាសន យោបាយមួយដោយស្មើភាពគ្នាហើយបន្ទាប់មកទៀតគឺកំណែទម្រង់ប្រព័ន្ធតុលាការ ដែលគណបក្សសង្គ្រោះជាតិតែងតែ (ចង់) ពិគ្រោះយោបល់ជាមួយគណបក្សកាន់អំណាច»។
បន្ថែមពីនេះអ្នកនាំពាក្យបក្សប្រឆាំងក៏បានបង្ហាញក្ដីសង្ឃឹមថា ឧបការីរដ្ឋមន្ដ្រីការបរទេសសហ រដ្ឋ អា មេរិករូបនេះ ក៏ដូចអ្នករាយការពិសេសផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ សុទ្ធតែមា នការយកចិត្ដទុកដាក់ខ្ពស់ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
លោក យ៉ែម បុញ្ញាឬទ្ធិ៖« ជាទូទៅយើងសង្កេតឃើញអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជា ជា តិ ក៏ដូចជាអង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប និងប្រទេសមួយចំនួនគេតែងតែទទូចនិងស្នើសុំឲ្យមានការគោរពសិទ្ធិមនុស្ស និងពិនិត្យមើលប្រព័ន្ធយុត្ដិធម៌ដែរ»។
ដូចគ្នានេះដែរលោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (COMFREL) មានប្រសាសន៍ថា ក្នុងនាមអង្គការសង្គមស៊ីវិលលោកនឹងលើកយកបញ្ហាការគោរពសិទ្ធិមនុស្ស និងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ ដើម្បីជជែកជាមួយអ្នក កា រទូតអាមេរិក ដែលនឹងមកដល់កម្ពុជា នៅសប្ដាហ៍នេះ។
លោកបន្ដថា ការសម្រេចដើម្បីលើកយករឿងទាំងនេះមកជជែកពីព្រោះតែលោក ក៏ដូចជាអង្គការសង្គមស៊ីវិលផ្សេងៗទៀត គឺចង់ឲ្យមានដំណើរការជាប្រក្រតីនៅមុនពេលបោះឆ្នោតឈានចូលមកដល់ ពោលគឺមានការប្រកួតប្រជែងដោយភាពត្រឹមត្រូវ។
លោក គល់ បញ្ញា៖«បញ្ហានៅកម្ពុជាសព្វថ្ងៃនេះគឺបញ្ហាលទ្ធិប្រជាធិបតេយ្យឲ្យបានត្រឹមត្រូវ និងការគោរពសិទ្ធិមនុស្សដែលជាបញ្ហាសំខាន់ នៅក្នុងហ្នឹងគឺការត្រៀម រៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ ដែលយើងចង់ឲ្យមានការប្រកួតប្រជែងគ្នាឲ្យបានត្រឹមត្រូវ និងគ្មានការបំភិតបំភ័យ»។
នាយកប្រតិបត្ដិ ខុមហ្វ្រែល ក៏បញ្ជាក់ដែរថា សហគមន៍អន្តរជាតិតែងតែបង្ហាញការយកចិត្ដទុកដាក់មកលើកម្ពុជាពិសេសការអនុវត្ដកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ តុលា ១៩៩១។ លោកបន្ថែ មទៀតថា រាជរដ្ឋាភិបាលគឺត្រូវតែបំពេញឲ្យបាននូវអ្វីដែលខ្លួនបានចុះសន្ធិសញ្ញា សន្ដិភាពជាមួយអន្ដរ ជាតិ។
លោក គល់ បញ្ញា៖«ខ្ញុំគិតថារដ្ឋាភិបាលត្រូវតែយកចិត្ដទុកដាក់ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនព្រោះខ្លួនបានចុះហត្ថលេខា បានផ្ដល់សច្ចាប័នបើមិនដូច្នេះទេ ពលរដ្ឋអាចនឹងថ្កោលទោស អាចនឹងមានការដាក់សម្ពាធផ្សេងៗ ដើម្បីកម្រិតឲ្យរដ្ឋាភិបាលហ្នឹង ធ្វើទៅតាមអ្វីដែលខ្លួនបានសន្យាជាមួយអន្ដរជាតិ»។លោក គល់ បញ្ហា រំពឹងថា រដ្ឋាភិបាលនឹងងាកមកអនុវត្ដតាមកតិកាសញ្ញាដែលខ្លួនបានចុះកិច្ចព្រម ព្រៀងជាមួយអន្ដរជាតិឲ្យបានល្អប្រសើរជាងសព្វថ្ងៃ។ លោកបន្ដថា បើរដ្ឋាភិបាលបន្ដនៅតែមិនគោរពសិទ្ធិមនុស្សនោះអន្ដរជាតិប្រាកដជាមិននៅស្ងៀមទេ ហើយអ្វីដែលខាតបង់គឺប្រយោជន៍ប្រទេសជាតិ។
ចំណែកលោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា រាល់អ្វីដែលមន្ដ្រីសង្គមស៊ីវិល និងគណបក្សប្រឆាំងគ្រោងស្នើទៅកាន់ឧបការីការរដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិកគឺមិនមានអ្វីដែលផ្លែកនោះទេ ។ លោកពន្យល់ថា រឿងដែលចោទរាជរដ្ឋាភិបាល រំលោភសិទ្ធិមនុស្ស មិនគោរពលទ្ធិប្រជាបតេយ្យ មិនមែនជាលើកដំបូងឡើយ ។ បន្ថែមពីនេះលោក ថា នៅពេលដែលមន្ដ្រី ជា ន់ខ្ពស់នៃប្រទេសមហាអំណាចសហរដ្ឋអាមេរិកមកដល់កម្ពុជា រាជរដ្ឋាភិបាលនឹងប្រាប់រាល់អ្វីដែលមន្ដ្រីរូបនោះចង់ដឹង ហើយសួរមកកាន់រាជរដ្ឋាភិបាល។
លោក សុខ ឥសាន្ដ៖«រឿងហ្នឹងស្រេចនឹងគេគឺតាំងពីអ្នកស្រី រ៉ូណា ស្មីត មកគាត់លើកតែរឿងហ្នឹងតើ មា នបញ្ហាអ្វីចម្លែកអត់មានអីទេ ព្រោះជារឿងធម្មតាក្នុងប្រទេសប្រជាធិបតេយ្យវាតែងតែមានមតិផ្ទុយគ្នាអញ្ចឹងហើយផ្លែកៗ ហើយក៏មិនមែនសុទ្ធតែមតិទាំងអស់នោះវាសុទ្ធតែត្រូវនោះទេ»។
ទាក់ទិនការធ្វើដំណើរទស្សនកិច្ចរបស់អ្នកការទូតអាមេរិកមក កាន់កម្ពុជា នាពេលនេះ អ្នកវិភាគបង្ហាញទស្សនថា អាមេរិកអាចមកដើម្បីវាយតម្លៃស្ថានការណ៍ចុងក្រោយនៃតំបន់អាស៊ីជាពិសេសកម្ពុជាថា តើមានសភាពធ្ងន់ធ្ងរកម្រិតណា ។
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និង ច្បាប់អន្ដរជាតិ បង្ហាញការយល់ឃើញពីរចំណុច គឺទីមួយប្រសិនបើការធ្វើដំណើទស្សនកិច្ចរបស់មន្ដ្រីជាន់ខ្ពស់អាមេរិកមកកម្ពុជាលើកនេះបំ ណងដើម្បីពង្រឹកទំនាក់ទំនងជាមួយមេដឹកនាំ នោះសំណើរបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលគឺ អាមេរិកមិនខ្វល់នោះទេ ។ ចំណុចទីពីរ គឺប្រសិនជាអាមេរិកមកហើយ វាយតម្លៃឃើញថា ខ្លួនមិនអាចស្ដារនូវទំនាក់ទំនងរវាងប្រទេសទាំងអស់ក្នុងតំបន់អាស៊ី រួមទាំងកម្ពុជាផង នោះអាមេរិកនឹងបន្តរក្សា យុទ្ធ សាស្ដ្រដែលអាមេរិកធ្លាប់បានធ្វើកាលពីទសវត្សរ៍ទី ៦០ និងឆ្នាំ ២០០០ គឺយុទ្ធសាស្ដ្រជួយក្រុមប្រឆាំង ដែលមាននិន្នាការទៅរកអាមេរិក ឲ្យឡើងកាន់អំណាច។
លោក ឡុង គឹម ឃន៖«មកដើម្បីធ្វើការវាយតម្លៃនូវស្ថានការណ៍នយោបាយចុងក្រោយនៃតំបន់អាស៊ីអាគ្នេយ៍ពិសេស បណ្ដាប្រទេសដែលមានផលប្រយោជន៍យុត្ដិសាស្ដ្រសម្រាប់អាមេរិកកាំងពីព្រោះដូចខ្ញុំជម្រាបជួនអញ្ចឹង បើសិនអាមេរិកមិនយកចិត្ដទុកដាក់រឿងហ្នឹងឲ្យទាន់ពេលទេ អាមេរិកកាំងនឹងបាត់ ប ង់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល»។
សូមជម្រាបថា ដំណើរទស្សនកិច្ចមន្ដ្រីជាន់ខ្ពស់អាមេរិករូបនេះធ្វើឡើងបន្ទាប់ពី លោកស្រី រ៉ូណា ស្មីតអ្ន ករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទើបបញ្ចប់បេសកកម្មរបស់លោកស្រីនៅកម្ពុជា កាលពីថ្ងៃទី ២០ តុលា ។ ទស្សនកិច្ចរបស់លោក Daniel Russel នេះគឺកើតជួនពេលដែលស្ថានការណ៍នយោ បាយនៅអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ កំពុងមានការប្រែប្រួលដែលអ្នកវិភាគព្រមានថា កម្ពុជាអា ចនឹងដើរកាន់តែឆ្ងាយចេញពីគោលការណ៍ប្រជាធិបតេយ្យមួយដែលសហគមន៍អន្ដរជាតិចង់បាន គឺតាមរយៈស្មារតីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១៕