ភ្នំពេញ ៖ អ្នកសិក្សាស្រាវជ្រាវ និងអ្នកនយោបាយបានលើកឡើងថា រាជរដ្ឋាភិបាលគួរបង្កើតគណៈកម្មាធិកាចម្រុះមួយ ដើម្បីឃ្លាំមើលកិច្ច ព្រមព្រៀងដោះដូរដីភូមិនៅតាមតំបន់មួយចំនួនជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលធ្វើយ៉ាងនេះ ដើម្បីទទួលបានការទុកចិត្តពីប្រជាពលរដ្ឋខ្មែរ និងបញ្ជៀសបានការចោទរដ្ឋាភិបាលថា ធ្វើឱ្យខាតបង់ដីទៅប្រទេសវៀតណាម។ តែយ៉ាងណា ក៏ដោយមន្ត្រីរដ្ឋាភិបាលទទួលបន្ទុកកិច្ច ការព្រំដែន អះអាងថា មិនមានការខាតបង់ដីខ្មែរទេ។
អ្នកសិក្សាស្រាវជ្រាវ និងអ្នកនយោបាយ លើកឡើងដូចនេះ បន្ទាប់ពីគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា-វៀតណាម បានចុះកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នា(MOU) ដោះដូរដីគ្នាតាមតំបន់ជាប់ព្រំដែន រវាងប្រទេសទាំងពីរនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី ២០ ខែតុលា នៅទីក្រុងហូជីមិញ។
នេះបើតាមការចុះផ្សាយរបស់វិទ្យុអន្តរជាតិមួយផ្សាយជាខេមរៈភាសា។
ប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម លោក វ៉ា គឹមហុង ប្រាប់វិទ្យុអាស៊ីសេរី កន្លងមកថា តំបន់ត្រូវដោះដូរជាមួយភាគីវៀតណាម គឺជាដីភូមិរបស់ពលរដ្ឋខ្មែរមួយចំនួនដែលចូលដីវៀតណាម គឺស្ថិតនៅក្នុង ខេត្តស្វាយរៀង រតនគិរី និងខេត្តមណ្ឌលគិរី ជាដើម។
លោក វ៉ា គឹមហុង បន្តថា សំណើរនេះដាក់ទៅសម្តេចនាយករដ្ឋមន្ត្រីជាអ្នកសម្រេច ឬក៏សំណើរអាចនឹងឆ្លងកាត់ការអនុម័តរបស់រដ្ឋសភាផងដែរ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យសភាសំឡេងភាគតិច នៃគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញាឬទ្ធិ យល់ថា រាជរដ្ឋាភិបាលកម្ពុជាគួរ បង្កើតគណៈកម្មាធិការចម្រុះមួយដែលមានសមាជិកគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអង្កេតតាមដានដំណើរការដូរដីភូមិជាមួយប្រទេសវៀតណាម។
លោកថា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងពិចារណា ប្រសិនបើគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា ដាក់យកសំណើរដាក់ក្នុងកិច្ចប្រជុំសភា។ លោក យ៉ែម ប៉ុញ្ញាឬទ្ធិ៖«យើងយល់ថា កិច្ចការព្រំដែន កិច្ចការទឹកដី ដែនអធិបតេយ្យភាព រាជរដ្ឋាភិបាលគួរបង្កើតគណៈ កម្មាធិការចម្រុះដែលមានសមាភាពគ្រប់ភាគីចូលរួម ដើម្បីឃ្លាំមើលទាំងអស់គ្នា»។
ចំណែកអ្នកសិក្សាស្រាវពីការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី យល់ថា រដ្ឋាភិបាលគួរបើកចំហរឲ្យសាធារណៈជនបានដឹកអំពីការដូរដីភូមិជាមួយភាគី វៀតណាម ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។
លោកថា នៅពេលទទួលបានការទុកចិត្តពីពលរដ្ឋ គឺអាចកាត់បន្ថយភាពតានតឹងនយោបាយ ករណីព្រំដែននេះដែរ។ លោកបណ្ឌិត មាស នី ៖«ខ្ញុំគិតថា បើសិនរដ្ឋាភិបាលនៅតែជម្រុញរឿងហ្នឹងបន្តទៅទៀត ធ្វើដោយមិនមានតម្លាភាព ខ្ញុំគិតថាការចោទប្រកាន់ពីមហាជននៅតែមានអញ្ចឹក ហើយដូចថា ដោះដូរដោះដីវាត្រូវតែមានការពិភាក្សា ឬយន្តការណាមួយជាក់លាក់ ហើយមានតម្លាភាពហើយបញ្ហានេះ ទើបរដ្ឋាភិបាលនឹងគេចផុតពីការចោទប្រកាន់»។
ដោយឡែកប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភា លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ក្រុមស្រាវជ្រាវកិច្ចការព្រំដែនរបស់លោកនឹងចុះទៅសិក្សាស្រាវជ្រាវនៅតំបន់ដែលរាជរដ្ឋាភិបាលគ្រោងដោះដូរដីនៅតំបន់មួយចំនួនតាមបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។ លោកបណ្ឌិត សុខ ទូច៖«ខ្ញុំនឹងទៅដល់នោះ ដោយសារយើងទៅមិនបានទៅវាមិនកើត ចុះវាមិនរួចមានកត្តា៣ ភ្លៀង ទឹកជំនន់ អាកាសធាតុមិនអាចឲ្យដំណើរជីភីអេស(GPS) ដំណើរការបាន »។
ព្រំដែនគោកប្រទេសកម្ពុជា និងវៀតណាម មានប្រវែង ១២៧០គីឡូម៉ែត្រ។ មកដល់ការបោះបង្គោលព្រំដែននៅមិនទាន់ចប់សព្វគ្រប់ឡើយ ដែលចាប់ផ្ដើមតាំងពី ឆ្នាំ ២០១១ ដោយត្រូវដាំបង្គោលព្រំដែន ជាង៣០០បង្គោល។ ក្នុងចំណោមនេះ បោះបាន ៨៣ ភាគរយហើយ ។
យ៉ាងណាក៏ដោយ ករណីព្រំដែនជាមួយវៀតណាម នាំឱ្យមានចាប់តំណាងរាស្ត្របក្សប្រឆាំង យ៉ាងតិច២ រូបដាក់ពន្ធនាគារ ដោយសារពួកគាត់ រងបទចោទបង្កអសន្តិសុខ ជាមួយប្រទេសជិតខាង ៕