en     km
en     km

មន្ត្រី​ គ​.​ជ​.​ប​ ៖​ សាលាឃុំ​ខ្លះ​លិច​ទឹក​បង្ក​ការ​លំបាក​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ តែ​មាន​តិចតួច​🔊

Share

ភ្នំពេញ ៖ ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ (​គ​.​ជ​.​ប​)​ លោក​ ហង្ស​ ពុទ្ធា​ មាន​ប្រសាសន៍​ថា​ ចាប់តាំងពី​ថ្ងៃ​ដាក់​ឱ្យ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រហូត​មក​ដល់​ថ្ងៃ​ទី​២៣​ តុលា​ ឆ្នាំ​២០១៦​ ម្សិលមិញ​ គ​.​ជ​.​ប​ ទទួល​បាន​អ្នក​ចុះ​ឈ្មោះ​ជាង​ ៦​ លាន​ នាក់​ ហើយ​ពាក្យបណ្តឹង​មាន​ប្រមាណ​ ៥០​ ពាក្យបណ្តឹង​។​ អ្នកនាំពាក្យ​រូប​នេះ​ឱ្យ​ដឹង​ថា​ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ សាលាសង្កាត់​មួយ​ចំនួន​ ជន​លិច​ដោយ​ទឹកជំនន់​ តែ​មិន​បង្ក​ការ​លំបាក​ក្នុង​ការ​ចុះ​បោះ​ឆ្នោត​នោះ​ទេ​។​

កាលពីថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦ លោក កឹម សុខា បានទៅចុះឈ្មោះបោះឆ្នោត នៅសង្កាត់ ចាក់អង្រែលើ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ដែលជាការិយាល័យមួយលិចទឹក។រូបភាពពីfacebook លោក កឹម សុខា
កាលពីថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦ លោក កឹម សុខា បានទៅចុះឈ្មោះបោះឆ្នោត នៅសង្កាត់ ចាក់អង្រែលើ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ដែលជាការិយាល័យមួយលិចទឹក។រូបភាពពីfacebook លោក កឹម សុខា
ខណៈ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សល់​តែ​ជាង​ ១​ ខែ​ទៀត​ប៉ុណ្ណោះ​នឹង​បិទ​បញ្ចប់​ តែ​សន្ទុះ​ពលរដ្ឋ​មក​ចុះ​បោះ​ឆ្នោត​នៅ​មាន​ច្រើន​នៅឡើយ​នៅ​តាម​ឃុំ​ សង្កាត់​ មួយ​ចំនួន​ ។​ នេះ​ជា​បញ្ចា​ក់រប​ស់លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ (​គ​.​ជ​.​ប​)​ ។​

​លោក​ ហង្ស​ ពុទ្ធា​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​ ២៤​ ខែតុលា​ ឆ្នាំ​២០១៦​ ថា​ គិត​ត្រឹម​ថ្ងៃ​ទី​ ២៣​ ខែតុលា​ ម្សិលមិញ​ គ​.​ជ​.​ប​ ទទួល​បាន​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ចំនួន​ ៦​ ២៦២​ ១៦០​នាក់​  ស្មើនឹង​ ៦៤,៨០​ ភាគរយ​។​

​លោក​បន្ត​ថា​ ក្នុង​ចំណោម​ពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ជាង​ ៦​ លាន​នាក់​នេះ​ដែរ​ គ​.​ជ​.​ប​ ទទួល​បាន​ពាក្យបណ្តឹង​ប្រមាណ​ជាង​ ២០​ ពាក្យបណ្តឹង​ ហើយ​ថ្នាក់​ឃុំ​-​សង្កាត់​ មាន​ ២០​ ពាក្យបណ្តឹង​ដែរ​។​

​លោក​ ហង្ស​  ពុទ្ធា​ បញ្ជាក់​បន្ថែម​ថា​ គ​.​ជ​.​ប​ កំពុង​តែ​ដោះស្រាយ​ពាក្យបណ្តឹង​ទាំងនោះ​។​ ជាមួយ​គ្នា​នេះ​ លោក​ឱ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ដែរ​ មាន​បញ្ហា​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ទឹកភ្លៀង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ចុះ​ឈ្មោះ​ដែរ​ប៉ុន្តែ​មាន​កម្រិត​តិចតួច​។​ លោក​ ហង្ស​ ពុទ្ធា​៖​ «​បណ្តឹង​មាន​ លក្ខណៈ​ជា​ទូទៅ​ ដូច​ជា​បណ្តឹង​មានការ​រារាំង​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ការ​អនុវត្ត​ខុស​នីតិវិធី​ ហើយ​រក​ឃើញ​ថា​ គ្មាន​សញ្ជាតិ​ខ្មែរ​ ប៉ុន្តែ​ទទួល​បានការ​ចុះ​ឈ្មោះ​ជាដើម​ ខាង​គ​.​ជ​.​ប​ តែងតែ​ប្រជុំ​ជា​រៀង​រាល់​ព្រឹក​ដើម្បី​រៀបចំ​ដំណោះស្រាយ​ហើយ​ជា​ទូទៅ​ក៏​ដោះ ស្រាយ​បាន​ច្រើន​មែនទែន​។​ បញ្ហា​ទឹកជំនន់​គឺជា​គ្រោះ​ធម្មជាតិ​កត្តា​នេះ​ វា​អាច​ប៉ះពាល់​តិចតួច​ដល់​ដំណើរការ​ចុះ​ឈ្មោះ​ប៉ុន្តែ​ពុំ​ធ្វើ​ឱ្យ​បិទ​ការិយា ល័យ​នោះ​ទេ​ជាក់ស្តែង​តួរ​លេខ​ដែល​យើង​បានឃើញ​ប្រជាពលរដ្ឋ​លោក​នៅ​តែ​ទៅ​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ សង្ឃឹមថា​ទទួល​បាន​តាម​ការ​គ្រោងទុក​»​។​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា។

​ទាក់ទង​នឹង​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ដែរ​ មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​ផ្នែក​ស៊ើបអង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​(​ខុមហ្វ្រែល​)​ លោក​ កន​ សា​វង្ស​ មាន​ប្រសាសន៍​ថា​ ក្នុង​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ឃើញ​ភាព​មិន​ប្រក្រតី​មាន​តិចតួច​ តែ​មិន​បង្ក​ឱ្យ​ប៉ះពាល់​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ​។​

​លោក​បន្ត​ថា​ ករណី​នោះ​មាន​ដូច​ជា​ករណី​ទឹក​លិច​នៅ​តាម​ខេត្ត​មួយ​ចំនួន​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខក​ខានមិនបាន​ទៅ​ចុះ​ឈ្មោះ​ ដូច​ជា​ខេត្ត​ខ្លះ​មានការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បាន​តែ​ ៦​ម៉ឺន​នាក់​ ខណៈ​ពេល​កន្លង​មក​មាន​អ្នក​ចុះ​ឈ្មោះ​ប្រមាណ​ ១២​ ម៉ឺន​នាក់​។​ លោក​ កន​ សា​វង្ស​ ៖​ «លោក​មាន​ប្រសាសន៍​បន្ថែម​ទៀត​យ៉ាង​ដូច្នេះ​ថា​៖«​ក្រៅពី​ហ្នឹង​!​ យើង​អត់​ទាន់​បានឃើញ​ថា​វា​មាន​បញ្ហា​កើត​ទ្បើ​ង​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ​ វា​អាច​មាន​ដែល​ទាក់ទង​បច្ចេកទេស​ខ្លះ​ ដូច​ជា​ ពាក់ព័ន្ធ​ខាង​កុំព្យូទ័រ​ ដែល​មានការ​រអាក់រអួល​អី​ ប៉ុន្តែ​រយៈពេល​ខ្លី​ទេ​ រយៈពេល​មួយ​ម៉ោង​ ពីរ​ម៉ោង​ ឬ​ ក៏​រយៈពេល​មួយ​ថ្ងៃ​អី​យ៉ាង​យូ​វា​អត់​មានអី​ដែល​ថា​ វា​អាច​ផ្អាក់​ដំណើរការ​តែ​ម្តងនោះ​ទេ​ ប៉ុន្តែ​ហេតុផល​ដែល​យើង​ឃើញ​ច្រើន​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ នៅ​ពេល​ដែល​ពលរដ្ឋ​ចំណាកស្រុក​ចូល​មក​ស្រុក​មិនសូវ​មានការ​សម្របសម្រួល​ឱ្យ​ពួក​គាត់​អាច​មាន​លទ្ធភាព​ចុះ​ឈ្មោះ​បាន​ងាយ ស្រួល​»​។​

​លោក​ កន​ សា​វង្ស​ បញ្ជាក់​ថា​ ពាក់ព័ន្ធ​នឹង​ការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ហា​មួយ​ចំនួន​ទៀត​ គឺ​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​ មាន​ន័យ​ថា​ ពលរដ្ឋ​នៅ​មិន​ទាន់​យល់​ដឹង​ទូលំទូលាយ​ ពី​បញ្ហា​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដោយ​លោក​ទទូច​ឱ្យ​ គ​.​ជ​.​ប​ បន្ត​ពង្រឹង​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ដើម្បី​ផ្សព្វ​ ផ្សាយ​ព័ត៌មាន​  ឱ្យ​បាន​ទូលំទូលាយ​ទៅ​ដល់​ពលរដ្ឋ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ នា​ពេល​ថ្មីៗ​នេះ​មាន​ករណី​ចោរលួច​ឧបករណ៍​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សាលាឃុំ​ព្រៃ​ល្វា​ នៃ​ស្រុក​ព្រៃកប្បាស​ ខេត្តតាកែវ​។​  តែ​ចំពោះ​ការ​បាត់បង់​សម្ភារៈ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ គ​.​ជ​.​ប​ កំពុង​ទ​ទួ​ច​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ជន​ដៃដល់​មក​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​។​ តែ​យ៉ាងណា​ ក៏​ដោយ​មន្ដ្រី​នាំពាក្យ​រូប​នេះ​បញ្ជាក់​ថា​ សម្ភារៈ​ដែល​ចោរលួច​មិន​បាន​ធ្វើ​ឲ្យ​ខូច​ទិន្នន័យ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ​។​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​ ២៩​ វិច្ឆិកា​ ខណៈ​ប្រជាជន​មាន​អត្ដសញ្ញាណប័ណ្ណ​ ដើម្បី​បំរើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ជាង​ ៩​ លាន​ ៦​ សែន​នាក់​៕

Share

Image
Image
Image