ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ចាប់តាំងពីថ្ងៃដាក់ឱ្យដំណើរការចុះឈ្មោះបោះឆ្នោតរហូតមកដល់ថ្ងៃទី២៣ តុលា ឆ្នាំ២០១៦ ម្សិលមិញ គ.ជ.ប ទទួលបានអ្នកចុះឈ្មោះជាង ៦ លាន នាក់ ហើយពាក្យបណ្តឹងមានប្រមាណ ៥០ ពាក្យបណ្តឹង។ អ្នកនាំពាក្យរូបនេះឱ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ សាលាសង្កាត់មួយចំនួន ជនលិចដោយទឹកជំនន់ តែមិនបង្កការលំបាកក្នុងការចុះបោះឆ្នោតនោះទេ។
ខណៈការចុះឈ្មោះបោះឆ្នោតនៅសល់តែជាង ១ ខែទៀតប៉ុណ្ណោះនឹងបិទបញ្ចប់ តែសន្ទុះពលរដ្ឋមកចុះបោះឆ្នោតនៅមានច្រើននៅឡើយនៅតាមឃុំ សង្កាត់ មួយចំនួន ។ នេះជាបញ្ចាក់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) ។
លោក ហង្ស ពុទ្ធា បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦ ថា គិតត្រឹមថ្ងៃទី ២៣ ខែតុលា ម្សិលមិញ គ.ជ.ប ទទួលបានពលរដ្ឋចុះឈ្មោះបោះឆ្នោតបានចំនួន ៦ ២៦២ ១៦០នាក់ ស្មើនឹង ៦៤,៨០ ភាគរយ។
លោកបន្តថា ក្នុងចំណោមពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោត ជាង ៦ លាននាក់នេះដែរ គ.ជ.ប ទទួលបានពាក្យបណ្តឹងប្រមាណជាង ២០ ពាក្យបណ្តឹង ហើយថ្នាក់ឃុំ-សង្កាត់ មាន ២០ ពាក្យបណ្តឹងដែរ។
លោក ហង្ស ពុទ្ធា បញ្ជាក់បន្ថែមថា គ.ជ.ប កំពុងតែដោះស្រាយពាក្យបណ្តឹងទាំងនោះ។ ជាមួយគ្នានេះ លោកឱ្យដឹងទៀតថា នៅក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនេះដែរ មានបញ្ហាគ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀងដែលធ្វើឱ្យប៉ះពាល់ដល់ការចុះឈ្មោះដែរប៉ុន្តែមានកម្រិតតិចតួច។ លោក ហង្ស ពុទ្ធា៖ «បណ្តឹងមាន លក្ខណៈជាទូទៅ ដូចជាបណ្តឹងមានការរារាំងក្នុងការចុះឈ្មោះបោះឆ្នោត ការអនុវត្តខុសនីតិវិធី ហើយរកឃើញថា គ្មានសញ្ជាតិខ្មែរ ប៉ុន្តែទទួលបានការចុះឈ្មោះជាដើម ខាងគ.ជ.ប តែងតែប្រជុំជារៀងរាល់ព្រឹកដើម្បីរៀបចំដំណោះស្រាយហើយជាទូទៅក៏ដោះ ស្រាយបានច្រើនមែនទែន។ បញ្ហាទឹកជំនន់គឺជាគ្រោះធម្មជាតិកត្តានេះ វាអាចប៉ះពាល់តិចតួចដល់ដំណើរការចុះឈ្មោះប៉ុន្តែពុំធ្វើឱ្យបិទការិយា ល័យនោះទេជាក់ស្តែងតួរលេខដែលយើងបានឃើញប្រជាពលរដ្ឋលោកនៅតែទៅចូលរួមចុះឈ្មោះបោះឆ្នោត គ.ជ.ប សង្ឃឹមថាទទួលបានតាមការគ្រោងទុក»។
ទាក់ទងនឹងដំណើរការចុះឈ្មោះបោះឆ្នោតនេះដែរ មន្ត្រីកម្មវិធីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា(ខុមហ្វ្រែល) លោក កន សាវង្ស មានប្រសាសន៍ថា ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនេះឃើញភាពមិនប្រក្រតីមានតិចតួច តែមិនបង្កឱ្យប៉ះពាល់ដំណើរការចុះឈ្មោះបោះឆ្នោតនោះទេ។
លោកបន្តថា ករណីនោះមានដូចជាករណីទឹកលិចនៅតាមខេត្តមួយចំនួន ដែលធ្វើឱ្យប្រជាពលរដ្ឋខកខានមិនបានទៅចុះឈ្មោះ ដូចជាខេត្តខ្លះមានការធ្លាក់ចុះនៃចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោត បានតែ ៦ម៉ឺននាក់ ខណៈពេលកន្លងមកមានអ្នកចុះឈ្មោះប្រមាណ ១២ ម៉ឺននាក់។ លោក កន សាវង្ស ៖ «លោកមានប្រសាសន៍បន្ថែមទៀតយ៉ាងដូច្នេះថា៖«ក្រៅពីហ្នឹង! យើងអត់ទាន់បានឃើញថាវាមានបញ្ហាកើតទ្បើងគួរឱ្យកត់សម្គាល់នោះទេ វាអាចមានដែលទាក់ទងបច្ចេកទេសខ្លះ ដូចជា ពាក់ព័ន្ធខាងកុំព្យូទ័រ ដែលមានការរអាក់រអួលអី ប៉ុន្តែរយៈពេលខ្លីទេ រយៈពេលមួយម៉ោង ពីរម៉ោង ឬ ក៏រយៈពេលមួយថ្ងៃអីយ៉ាងយូវាអត់មានអីដែលថា វាអាចផ្អាក់ដំណើរការតែម្តងនោះទេ ប៉ុន្តែហេតុផលដែលយើងឃើញច្រើនពាក់ព័ន្ធនឹងអាជ្ញាធរ នៅពេលដែលពលរដ្ឋចំណាកស្រុកចូលមកស្រុកមិនសូវមានការសម្របសម្រួលឱ្យពួកគាត់អាចមានលទ្ធភាពចុះឈ្មោះបានងាយ ស្រួល»។
លោក កន សាវង្ស បញ្ជាក់ថា ពាក់ព័ន្ធនឹងការអប់រំដល់ប្រជាពលរដ្ឋពីការចុះឈ្មោះបោះឆ្នោត និងបញ្ហាមួយចំនួនទៀត គឺនៅមានកម្រិតនៅទ្បើយ មានន័យថា ពលរដ្ឋនៅមិនទាន់យល់ដឹងទូលំទូលាយ ពីបញ្ហាចុះឈ្មោះបោះឆ្នោត ដោយលោកទទូចឱ្យ គ.ជ.ប បន្តពង្រឹងការយកចិត្តទុកដាក់បន្ថែមទៀតដើម្បីផ្សព្វ ផ្សាយព័ត៌មាន ឱ្យបានទូលំទូលាយទៅដល់ពលរដ្ឋ។
គួរបញ្ជាក់ដែរថា នាពេលថ្មីៗនេះមានករណីចោរលួចឧបករណ៍ចុះឈ្មោះបោះឆ្នោតនៅសាលាឃុំព្រៃល្វា នៃស្រុកព្រៃកប្បាស ខេត្តតាកែវ។ តែចំពោះការបាត់បង់សម្ភារៈចុះឈ្មោះបោះឆ្នោតនេះ គ.ជ.ប កំពុងទទួចឲ្យសមត្ថកិច្ចស្វែងរកជនដៃដល់មកប្រឈមមុខនឹងផ្លូវច្បាប់។ តែយ៉ាងណា ក៏ដោយមន្ដ្រីនាំពាក្យរូបនេះបញ្ជាក់ថា សម្ភារៈដែលចោរលួចមិនបានធ្វើឲ្យខូចទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោតនោះទេ។ ការចុះឈ្មោះបោះឆ្នោតនឹងបិទបញ្ចប់នៅថ្ងៃទី ២៩ វិច្ឆិកា ខណៈប្រជាជនមានអត្ដសញ្ញាណប័ណ្ណ ដើម្បីបំរើការចុះឈ្មោះបោះឆ្នោតមានជាង ៩ លាន ៦ សែននាក់៕