ញ៉ូដាលី ៖ ក្រុមយុទ្ធនាការ Donald Trump បាននិយាយថា ទោះជាលទ្ធផលស្ទង់មតិបង្ហាញថា លោក Donald Trump មានការគាំទ្រតិចជាងលោកស្រី Hillary Clinton ពិតមែន តែថ្ងៃបោះឆ្នោតលោក Trump នឹងឈ្នះឆ្នោត។
ប្រធានដឹកនាំយុទ្ធនាការរកសម្លេងឆ្នោតរបស់លោក Donald Trump បេក្ខជនប្រធានាធិបតី គណបក្សសាធារណរដ្ឋ គឺ លោក Kellyanne Conway បាននិយាយថា ៖«យើងនៅពីក្រោយពិតមែន ព្រោះលោកស្រី Clinton ទទួលបានអត្ថផលប្រយោជន៍ក្នុងការស្វែងរកសន្លឹកឆ្នោត តែយើងមិនបោះ បង់ចោលការប្រកួតរបស់យើងឡើយ ព្រោះយើងជឿថានឹងឈ្នះឆ្នោតនៅថ្ងៃបោះឆ្នោត»។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន បណ្ដាញផ្សាយព័ត៌មាន BBC បានឱ្យដឹងថា លោកស្រី Clinton បាននាំមុខលោក Trump ៤៧ ភាគរយ ទល់នឹង ៤៣ ភាគរយ នៅក្នុងការស្ទង់មតិមួយមុនការបោះឆ្នោតចូលមកដល់រយៈពេល ១៦ ថ្ងៃទៀតនេះ។
ជាមួយនិងការស្ទង់មតិដូចនេះ លោក Donald Trump បានទទួលស្គាល់ថា លោកអាចនឹងចាញ់ឆ្នោតលោកស្រី Clinton។
នៅសល់តែ ១៦ ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនឹងចាប់ផ្ដើម ដែលខណៈនេះ ប្រជាជនអាមេរិកនៅតាមរដ្ឋមួយចំនួន ក៏ចាប់ផ្ដើមបោះឆ្នោតជាបណ្ដើរៗ។ ការជ្រើសរើសប្រធានាធិបតីលើកនេះ គឺ ជំនួសលោក អូបាម៉ា ដែលបានចាកចេញពីតំណែង ហើយប្រធានាធិបតីថ្មីនឹងចូលកាន់តំណែងនៅថ្ងៃទី ២០ មករា ឆ្នាំ២០១៧៕ ប្រភព:BBC