en     km
en     km

​លោក ​កឹ​ម​ សុខា​ អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ដែល​ផ្ដល់​ជំនួយ​កម្ពុជា​ត្រូវ​ភ្ជាប់​បញ្ហា​សិទ្ធិ​មនុស្ស​ 🔊

Share

ភ្នំពេញ ៖ ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ បន្ត​ផ្តល់​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ តែ​ត្រូវ​ភ្ជាប់​ជាមួយនឹង​បញ្ហា​សិទ្ធិ​មនុស្ស​ សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ការ​ថ្លែង​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ឱកាស​រំឭក​ខួប​លើក​ទី​២៥​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៦​ ខាង​មុខ​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​នៅ​ចាក់​អង្រែ​លើ​។​

 

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ និងជាអតីតអនុប្រធានរដ្ឋសភា
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ និងជាអតីតអនុប្រធានរដ្ឋសភា

​សហគមន៍​អន្តរជាតិ​មាន​កត​ព្វ​កិច្ច​បន្ត​ជួយ​ស្តា​ និង​កសាង​ប្រទេស​កម្ពុជា​ទ្បើ​ង​វិញ​ ដោយ​ភ្ជាប់​ជាមួយនឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ជា​មូលដ្ឋាន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​។​ នេះ​ជា​ការ​លើក​ទ្បើ​ង​របស់​លោក​ កឹ​ម​ សុខា​។​

​ប្រធាន​ស្តីទី​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ លោក​ កឹ​ម​ សុខា​ បាន​ថ្លែង​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ក៏​ដូច​ជា​អ្នកគាំទ្រ​របស់​លោក​ថា​ ការ​ផ្តល់​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ ដោយ​ភ្ជាប់​ជាមួយ​បញ្ហា​សិទ្ធិ​មនុស្ស​ គឺជា​ការ​ទទួលខុសត្រូវ​របស់​ម្ចាស់​ជំនួយ​ ដូច​មាន​ចែង​ក្នុង​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​។​

​លោក​ កឹ​ម​ សុខា​ បន្ត​ថា​ កម្ពុជា​នៅ​តែ​បន្ត​ស្វែងរក​ និង​ទទួល​ជំនួយ​សម្រាប់​ស្តា​ និង​កសាង​ប្រទេស​កម្ពុជា​នៅ​ទ្បើ​យ​ មាន​ន័យ​ថា​ជា​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​នៅ​តែ​មាន​សុពលភាព​នៅ​ទ្បើ​យ​ផង​ដែរ​។​

​ក្នុង​ន័យ​នេះ​លោក​ កឹ​ម​ សុខា​ ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​បន្ត​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ដល់​កម្ពុជា​ ប៉ុន្តែ​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​។​ លោក​ កឹ​ម​ សុខា​៖​ «​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​បន្ត​ការ​ផ្តល់​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ ដោយ​យកចិត្តទុកដាក់​ជាមួយ​គ្នា​នេះ​ដែរ​នូវ​បញ្ហា​សិទ្ធិ​មនុស្ស​ សេរីភាព​ជា​មូលដ្ឋាន​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ នីតិរដ្ឋ​ និង​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​ ដូច​មាន​ចែង​ក្នុង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ និង​ក្នុង​ស្មារតី​នៃ​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​របស់​លោក​ កឹ​ម​ សុខា​ នេះ​ដែរ​ អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្តរជាតិ​ លោក​ ទ្បុ​ង​ គឹ​ម​ឃ​ន​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ការ​អំពាវនាវ​នេះ​ជា​រឿង​ល្អ​ប្រសើរ​ដែល​គិតគូ​ទៅ​ដល់​ប្រជាជន​ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ផង​ដែរ​។​

​លោក​ ទ្បុ​ង​ គឹ​ម​ឃ​ន​ បន្ត​ថា​ កន្លង​មកនេះ​សហគមន៍​អន្តរជាតិ​បាន​ ផ្តល់​ជំនួយ​ជា​ច្រើន​ដល់​កម្ពុជា​ ប៉ុន្តែ​មាន​ជំនួយ​មួយ​ចំនួន​ពី​សហគមន៍​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​តែង​ចង​ភ្ជាប់​ជំនួយ​របស់​ពួក​គេ​ជាមួយ​ការ​គោរព​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ជាដើម​។​ ដោយ​ទ្បែ​ក​ជំនួយ​មួយ​ចំនួន​ធំ​ទៀត​ គឺ​បណ្តា​ប្រទេស​ទាំងនោះ​មិន​បាន​គិតគូ​ថា​ តើ​ជំនួយ​ដែល​គេ​ផ្តល់​ឱ្យ​កម្ពុជា​នឹង​យក​ទៅ​ធ្វើ​អ្វី​នោះ​ទេ​ ហើយ​ថា​តើ​ប៉ះពាល់​ដល់​សិទ្ធិ​ប្រជាពល រដ្ឋ​យ៉ាងណា​នោះ​ដែរ​។​

​លោក​ ទ្បុ​ង​ គឹ​ម​ឃ​ន​ បញ្ជាក់​ដែរ​ថា​ ការ​ប្រើ​ជំនួយ​ចំ​គោលដៅ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ នឹង​ធ្វើ​ឱ្យ​មាន​ប្រយោជន៍​កាន់តែ​មាន​ច្រើន​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទទួល​ជំនួយ​ ហើយ​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍន៍​នោះ​គឺ​មាន​យុត្តិធម៌​សង្គម​ពិតប្រាកដ​។​ អ្នក​ស្រាវជ្រាវ​រូប​នេះ​ផ្តល់​ជា​អនុសាសន៍​ថា​ ដើម្បី​ឱ្យ​ការ​ប្រើប្រាស់​ជំនួយ​ពី​បរទេស​បម្រើ​ប្រយោជន៍​ដល់​ជាតិ​នោះ​ រាជរដ្ឋាភិបាល​ ត្រូវ​អនុត្ត​ដូច​ជា​៖​ «​ទី​០១​ វា​គួរតែ​ជា​ជំនួយ​ដែល​យក​មក​អភិវឌ្ឍន៍​ជីវភាព​របស់​ប្រជាជន​ពិតប្រាកដ​។​ ទី​០២​ គឺជា​ជំនួយ​ដែល​មាន​តម្លាភាព​ ជំនួយ​ដែល​មាន​គណនេយ្យ​ភាព​។​ ទី​០៣​ ជា​ជំនួយ​ដែល​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​នយោបាយ​របស់​ប្រទេស​កម្ពុជា​។​ ទី​០៤​ គួរតែ​ជា​ប្រភេទ​ជំនួយ​ដែល​យក​មក​ហើយ​ធានា​បាន​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​កម្ពុជា​ផង​ ក្នុង​នាម​យើង​ជា​អ្នកដឹកនាំ​ប្រទេស​ ជា​អ្នកនយោបាយ​ត្រូវ​គិតគូ​អំពី​សុខទុក្ខ​របស់​ប្រជាជន​យើង​ឱ្យ​បាន​ពិតប្រាកដ​ ដោយ​មិន​ប៉ះពាល់​ដល់​ការ​រំលោភសិទ្ធិ​មនុស្ស​ មិន​ប៉ះពាល់​ដល់​បរិស្ថាន​ជាដើម​ »​។

កិច្ចចរចាររវាង អតីតព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេច ហ៊ុន សែន ដែលនេះជាការចាប់ផ្តើមនៃការនាំមកនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
កិច្ចចរចាររវាង អតីតព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេច ហ៊ុន សែន ដែលនេះជាការចាប់ផ្តើមនៃការនាំមកនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន

​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ត​ មាន​ប្រសាសន៍​ថា​ កម្ពុជា​ស្វាគមន៍​ជំនួយ​ពី​សហ គមន៍​អន្តរជាតិ​ដែល​ធ្វើ​ឱ្យ​ប្រទេស​មាន​អំណោយផល​ និង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ក្នុង​ការ​អភិវឌ្ឍន៍​ជាតិ​នោះ​ កម្ពុជា​នឹង​ទទួលយក​ជំនួយ​នោះ​ ប៉ុន្តែ​បើ​ជំនួយ​នោះ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ នោះ​កម្ពុជា​មិន​ទទួលយក​ជំនួយ​នោះ​ទេ​ ។​  លោក​ សុខ​ ឥ​សាន្ត​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ «​ការ​វាយតម្លៃ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ហ្នឹង​ ការ​វាយតម្លៃ​ហ្នឹង​វា​មិន​ឯកភាព​គ្នា​នោះ​ទេ​។​ អ្នក​ខាងក្រៅ​អ្នក​អន្តរជាតិ​ហ្នឹង​ ក៏​វាយតម្លៃ​មិន​ត្រូវ​តាម​តថ ភាព​សង្គម​ ឬ​ មួយ​វាយតម្លៃ​តាម​លក្ខណៈ​សត្យា​នុ​ម័ត​ហើយ​ បើ​វា​របៀប​ហ្នឹង​ផ្ទុយ​ពី​ការ​ពិត​នៅ​កម្ពុជា​ហើយ​ បើ​ដាក់​លក្ខខណ្ឌ​អ​ញ្ចឹ​ង​អាហ្នឹង​យើង​យល់​ថា​មានការ​លំបាក​ទំនាក់ទំនង​គ្នា​។​ រឿង​សិទ្ធិ​មនុស្ស​គាត់​និយាយ​អី​និយាយ​ទៅ​ ក៏​ប៉ុន្តែ​ពេល​ផ្តល់​ជំនួយ​កុំ​ដាក់​លក្ខ​ណ្ឌ​ថា​ធ្វើ​តាម​គាត់​អ​ញ្ចេះ​ធ្វើ​តាម​គាត់​អ​ញ្ចោះ​ ឥលូវ​មាន​ប្រទេស​ជា​ច្រើន​ដែល​មិន​អនុវត្ត​ទៅ​តាម​ម្ចាស់​ជំនួយ​ព្រោះ​កន្លែង​ខ្លះ​មិន​ត្រឹមត្រូវ​ទៅ​តាម​តថភាព​សង្គម​នោះ​ទេ​»​។​

​សូម​ជំរាប​ថា​ប្រទេស​ដែល​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ច្រើន​ជាងគេ​ តាម​រយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ គឺ​សហភាព​អឺរ៉ុប​ ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ បន្ទាប់​មក​គឺ​ ជប៉ុន​ អា​មេ​រិ​ក​ និង​ប្រទេស​ចិន​៕​

Share

Image
Image
Image