ហៃទី ៖ អ្នកទោសយ៉ាងតិចណាស់ ១៧០ នាក់នៅក្នុងប្រទេសហៃទី បានរត់ចេញពីគុកក្នុងតំបន់ Arcahaie ចម្ងាយប្រមាណ ៤៥គីឡូម៉ែត ពីភាគខាងជើងនៃរដ្ឋធានី Port-au-Prince នៅថ្ងៃទី២៣តុលានេះ។
អ្នកទោសដែលហែកគុកចេញទាំងនេះ បានលួចកាំភ្លើងចំនួនប្រាំពីឆ្មាំគុកម្នាក់ ហើយអ្នកទោសម្នាក់បានស្លាប់ ខណៈដែលគេកំពុងព្យាយាមផ្តាច់ចរន្តអគ្គិសនីដើម្បីបង្កជាភាពចលាចលនៅក្នុងគុកនោះ។
អាជ្ញាធរហៃទី បានចាប់ផ្តើមធ្វើការប្រមាញ់ទណ្ឌិតដែលបានហែកគុកទាំងនោះមកវិញ ដែលប្រតិបត្តិការនេះ មានការជួយគាំទ្រពីកងរក្សាសន្តិ ភាពរបស់អង្គការសហប្រជាជាតិប្រចាំការនៅក្នុងប្រទេសនេះ។
រដ្ឋាភិបាលហៃទីបានថ្កោលទោសចំពោះទង្វើនេះ ហើយថា វាជាការរៀបចំឱ្យមានការបះបោរក្នុងពន្ធនាគារ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Camille Edouard Junior បានប្រាប់ទីភ្នាក់ងារព័ត៌ Reuters ថា ៖«ឆ្មាំគុកម្នាក់បានស្លាប់ក្នុងហេតុការណ៍ហែកគុកនេះ»។ លោករដ្ឋមន្ត្រីរូបនេះបន្តថា៖«អ្នកទោសបីនាក់បានរងរបួស ក្នុងនោះមានអ្នកទោសម្នាក់បានស្លាប់ ដែលនេះកើតចេញពីលទ្ធផលនៃទង្វើដែលពួកគេប្រព្រឹត្ត»។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា អ្នកទោសនៅតំបន់ Arcahaie នេះ មិនមានពាក់ឯកសណ្ឋានជាអ្នកទោសឡើយ ដែលបញ្ហានេះធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់អ្នកទោសក្នុងការបន្លំខ្លួនធ្វើជាប្រជាជនធម្មតា។
សេចក្តីរាយការណ៍បន្តថា ពន្ធនាគារហៃទីកំពុងតែល្បីថា មានភាពចង្អៀតហើយអ្នកទោសមួយចំនួនបានចំណាយពេលជាច្រើនឆ្នាំដោយត្រូវឃុំខ្លួនបណ្តោះអាសន្ន៕ប្រភព ៖BBC