en     km
en     km

សកម្មជន​សង្គម​ម្នាក់​នៅ​សៀមរាប​រង​ការ​គំរាម​សម្លាប់​ ស្វែងរក​ជំនួយ​ដើម្បី​ការពារ​សុវត្ថិភាព​

Share

ភ្នំពេញ ៖ សមាគម​កសិករ​ដើម្បី​សន្តិភាព​ និង​ អភិវឌ្ឍ​ ប្រចាំ​ខេត្ត​សៀម​រាម​ អំពាវនាវ​ឱ្យ​អង្គការ​សង្គម​ស៊ី​វិល​ដែល​ពាក់ព័ន្ធ​ ជួយ​អន្តរាគមន៍​ស្វែងរក​ជនល្មើស​ និង​ជួយ​ការពារ​សុ​វត្តិភាព​ និង​ផ្លូវច្បាប់​ដល់​បុគ្គលិក​របស់​ខ្លួន​ម្នាក់​ គឺ​លោក​ ចាន់​ រិ​ទ្ធិ​ ដែល​កំពុង​រង​ការ​គំរាម​ដល់​អាយុជីវិត​។​ លោក​ ចាន់​ រិ​ទ្ធិ​ ជា​ប្រធាន​សមាគម​កសិករ​ដើម្បី​សន្តិភាព​ និង​ អភិវឌ្ឍ​ប្រចាំ​ខេត្ត​សៀម​រាម​។​

សេចក្តីប្រកាសជូនដំណឹងរបស់ សមាគមកសិករដើម្បីសន្តិភាព និង អភិវឌ្ឍ ប្រចាំខេត្តសៀមរាម ។
សេចក្តីប្រកាសជូនដំណឹងរបស់ សមាគមកសិករដើម្បីសន្តិភាព និង អភិវឌ្ឍ ប្រចាំខេត្តសៀមរាម ។

​លោក​ ហេង​ ជឿន​ ប្រធាន​សមាគម​កសិករ​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​២២​ តុលា​ នេះ​ថា​ លោក​ ចាន់​ រិ​ទ្ធិ​ ពិតជា​បាន​ទទួល​បានការ​គម្រាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ ពី​សំណាក់​ឈ្មួញ​ និង​អ្នកមាន​អំណាច​មែន​។​

​លោក​បញ្ជាក់​ថា​ មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​គម្រាមកំហែង​នេះ​ ដោយសារ​តែ​កន្លង​មក​លោក​ ចាន់​ រិ​ទ្ធិ​បាន​ជួយ​សហគមន៍​ក្នុង​ការ​តវ៉ា​ករណី​ដីធ្លី​ នៃ​ជម្លោះ​ដី​ទំហំ​ជាង​ ២០០​ ហិច​តា​នៅ​ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​។​

​លោក​បន្ត​ថា​ លោក​ ចាន់​ រិ​ទ្ធិ​ ក៏​ជា​អ្នក​ការពារ​ និង​សម្របសម្រួល​ដោះស្រាយ​សិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​ ៧​ស្រុក​ នៅ​ខេត្តសៀមរាប​ ខេត្តបន្ទាយ មានជ័យ​ និង​ព្រះ​វិហារ​ ដែល​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ក្រុម​ឈ្មួញ​ និង​អ្នកមាន​អំណាច​ធ្វើ​ទុក​បុក​ម្នេញ​។​

​លោក​ ហេង​  ជឿន​ ថា​ការ​គម្រាមកំហែង​ទៅ​លើ​លោក​ ចាន់​ រិ​ទ្ធិ​ ចាប់ផ្តើម​តាំងពី​ឆ្នាំ​ ២០១៣​ តាម​រូបភាព​ផ្លូវច្បាប់​ ដែល​រហូត​មក​ដល់​ពេល​នេះ​ លោក​ ចាន់​ រិ​ទ្ធិ​ ជាប់​បណ្តឹង​ចំនួន​ ៤​ ហើយ​ នៅ​តុលាការ​។​

​សេចក្តីជូនដំណឹង​របស់​សមាគម​កសិករ​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍ​ បានឱ្យ​ដឹង​ថា​លោក​ ចាន់​ រិ​ទ្ធិ​ ជា​ប្រធាន​សមាគម​កសិករ​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍ​ប្រចាំ​ខេត្តសៀមរាប​ ត្រូវ​បាន​ក្រុម​ឈ្មួញ​ និង​អ្នកមាន​អំណាច​គំរាមកំហែង​ និង​ធ្វើទុក្ខបុកម្នេញ​យ៉ាងធ្ងន់ធ្ងរ​ ដោយ​មាន​គម្រាម​ផ្ទាល់មាត់​ ប្តឹង​ទៅ​សមត្ថកិច្ច​ និង​ទៅ​តុលាការ​ពី​បទ​ព្រហ្មទណ្ឌ​ ជា​ច្រើន​ករណី​ ។​

​លិខិត​នេះ​បន្ត​ថា​ នៅ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៣​ និង​ ២៥​ នាទី​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​បាន​បាញ់ប្រហារ​ចំនួន​ ៤​ គ្រាប់​ទៅ​លើ​រូប​លោក​ ដែល​កំពុង​ស​ម្រា​ន​លើ​គ្រែ​ក្នុងផ្ទះ​ដែល​ស្ថិត​នៅ​ភូមិ​ត្បែង​លិច​ ឃុំ​ត្បែង​លិច​ ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ តែ​មិន​បាន​សម្រេច​ ។​

​លិខិត​នេះ​បន្ថែម​ថា​ អ្នក​គំរាម​បាន​ចាត់​ឱ្យ​មនុស្ស​មក​តាម​រក​លោក​ ចាន់​ រិ​ទ្ធិ​ ដល់​ភ្នំពេញ​ ហើយ​នៅ​ថ្ងៃ​ទី​២៥​ ខែ​ កញ្ញា​ ឆ្នាំ​២០១៦​ មាន​កម្លាំង​សមត្ថ កិច្ច​ចំរុះ​ជា​ច្រើន​នាក់​មក​ឃ្លាំមើល​ ការិយាល័យ​ CLC​ ហើយ​សួរ​រក​ឈ្មោះ​ ចាន់​ រិ​ទ្ធិ​ ។​ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១១​ ខែតុលា​ មាន​សមត្ថកិច្ច​បង្គាប់​ និង​បញ្ជា​ការពារ​ បាន​មក​ព័ទ្ធ​ការិយាល័យ​ CLC​  ដោយ​សួរ​រក​លោក​ ចាន់​ រិ​ទ្ធិ​ ម្តងទៀត​។​

​លោក​ ហេង​ ជឿន​ ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ លោក​ ចាន់​ រិ​ទ្ធ​កំពុង​ គេចខ្លួន​នៅ​កន្លែង​មាន​សុ​វត្តិភាព​។​ លោក​ ហេង​ ជឿន​ ថ្កោលទោស​ចំពោះ​ការ​គំរាមកំហែង​លើ​លោក​ ចាន់​ រិ​ទ្ធិ​។​

​តែ​ទោះជា​យ៉ាងណា​លោក​ ហេង​ ជឿន​ មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​ក្រុម​ណា​ ឬ​ក្រុមហ៊ុន​ណាមួយ​ គំរាមកំហែង​ លោក​ ចាន់​ រិ​ទ្ធិ​ នោះ​ទេ​។​

​សូម​ជម្រាប​ថា​ នៅ​ថ្ងៃ​ទី​២៥​ តុលា​ ខាង​មុខ​នេះ​ សមាគម​កសិករ​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍ​ នឹង​ធ្វើ​ស​ន្និ​កាសែត​មួយ​ ដើម្បី​បង្ហាញ​ទៅ​ដល់​សាធារណៈជន​ ពី​អំពើ​អយុត្តិធម៌​ ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​ក្នុង​សហគមន៍​ និង​ស្វែង​អន្តរាគមន៍​ពី​ភាគី​ពាក់ព័ន្ធ​ដើម្បី​ជួយ​លោក​ ចាន់​ រិ​ទ្ធិ​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង