ហ្វីលីពីន ៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី២២ តុលានេះថា លោកនឹងមិនកាត់ផ្តាច់សម្ព័ន្ធភាពរបស់ប្រទេសហ្វីលីពីនជាមួយសហរដ្ឋអាមេរិកនោះទេ ពោលគឺលោកគ្រាន់តែបញ្ជាក់នៅក្នុងសេចក្តីប្រកាសថា លោកមានគម្រោងដើម្បីតែនៅដាច់ដោយឡែកពីអាមេរិកតែប៉ុណ្ណោះ។
លោក Duterte បានប្រាប់អ្នកកាសែតនៅក្រុង Davao ជាស្រុកកំណើតរបស់លោក បន្ទាប់ពីលោកវិលត្រឡប់មកពីប្រទេសចិនវិញថា ៖«មិនមាន ការផ្តាច់សម្ព័ន្ធភាពជាមួយអាមេរិកឡើយ។ ការបំបែកចេញនេះ គឺដើម្បីកាត់បន្ថយទំនាក់ទំនងការទូតតែប៉ុណ្ណោះ។ ខ្ញុំមិនអាចធ្វើបាន »។
មេដឹកនាំដែលបានប្រើពាក្យអុជអាលរូបនេះ បានបង្ហាញសញ្ញាកាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលបួនថ្ងៃនៅទីក្រុងប៉េកាំងថា លោកមានគោលបំណងដើម្បីបញ្ចប់សម្ព័ន្ធភាពដែលមានអាយុកាលជាង ៧០ ឆ្នាំរវាងហ្វីលីពីននិងសហរដ្ឋអាមេរិក ហើយចង់បន្ថែមសម្ព័ន្ធភាពជាមួយចិន និងប្រទេសរុស្ស៊ីវិញ។
លោក Duterte បានប្រាប់ក្រុមពាណិជ្ជករចិនថា៖«ខ្ញុំប្រកាសពីការបំបែកខ្លួនពីសហរដ្ឋអាមេរិក»។
យ៉ាងណាក៏ដោយ ចាប់តាំងពីលោក Duterte បានក្លាយជាប្រធានាធិបតីមក គោលនយោបាយការបរទេសរបស់ហ្វីលីពីនបានបត់ត្រឡប់យ៉ាងខ្លាំងដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនពិបាកយល់យ៉ាងខ្លាំង។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក John Kirby បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងស្វែងរកការបំភ្លឺពីប្រទេសហ្វីលីពីនអំពីការប្រកាសបំបែកចេញពីសហរដ្ឋមេរិកនេះ៕
ប្រភព ៖ CNA