en     km
en     km

រដ្ឋាភិបាល​បិទ​ច្រក​មិន​ឱ្យ​លោក​ សម រ​ង្ស៊ី ​ចូល​ស្រុក​តែ​ពី​មុន​ថាបើ​ចូល​មក​ចាប់​ដាក់គុក​

Share

ភ្នំពេញ៖ ​សេចក្ដីសម្រេច​មួយ​របស់​គណៈរដ្ឋមន្ដ្រី​ដែល​វិទ្យុ​ស្ដ្រី​FM102​ បាន​មើលឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​សុក្រ​ ទី​២១​ តុលា​នេះ​  បាន​ប្រាប់​ទៅ​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ លោក​ សុខ​ ផល​ ឱ្យ​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​គ្រប់​មធ្យោបាយ​ទាំងអស់​ គឺ​ ធ្វើ​យ៉ាងណា​កុំអោយ​លោក​សម​ រ​ង្ស៊ី​  ជាន់​ដី​កម្ពុជា​ ដាច់ខាត​។​ ​សេចក្ដី​ប្រកាស​នេះ​ បាន​ដាក់ចុះ​នៅ​ល​ក្ខខណ្ឌ​ ៤​ ចំនុច​មាន​ដូច​តទៅ​៖

លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ

១.​គ្រប់​ក្រុមហ៊ុន​អាកាស​ចរ​ទាំងអស់​ដែល​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​មក​កម្ពុជា​ មិន​ត្រូវ​អនុញ្ញាត​ឱ្យ​បុគ្គល​សមរ​ង្ស៊ី​ ឡើង​យន្ដហោះ​មក​កម្ពុជា​ទេ​ ហើយ​ត្រូវ​ផ្ដល់​របាយការណ៍​ទៀងទាត់​ អំពី​ការ​ទិញ​សំបុត្រ​យន្ដហោះ​មក​កម្ពុជា​ ។​

២.​ក្នុង​ករណី​ដែល​លោក​ សម​ រ​ង្ស៊ី​ ធ្វើ​ដំណើរ​មក​កម្ពុជា​ យន្ដហោះ​នោះ​នឹង​ត្រូវ​បង្វែង​ វិល​ត្រឡប់​ទៅ​កាន់​អាកាស​យាន្ដ​ដ្ឋា​ន​ដើម​វិញ​ ដោយ​មិន​អនុញ្ញាត​ឱ្យ​ចុះ​ចត​នៅ​កម្ពុជា​ឡើយ​។​
៣.​ ក្នុង​ករណី​យន្ដហោះ​ដឹក​លោក​ សម​ រ​ង្ស៊ី​  ចុះ​ចត​នៅ​អាកាស​យាន្ដ​ណាមួយ​នៅ​កម្ពុជា​ និង​មិន​ត្រូវ​បានអោយ​ភ្ញៀវ​ចាក​ចេញពី​យន្ដហោះ​ឡើយ​ ដោយ​ត្រូវ​បញ្ជា​អោយ​ត្រឡប់​ទៅ​អាកាស​យាន្ដ​ដា្ឋ​ន​ដើម​វិញ​។​
៤.​ក្នុង​ករណី​ដែល​បុគ្គល​នេះ​បាន​ចាកចេញ​ផុត​ពី​យន្ដហោះ​ នគរបាល​អន្ដោប្រវេសន៍​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ដើម្បី​កុំអោយ​បុគ្គល​សម​ រ​ង្ស៊ី​ ចូល​ក្នុង​ប្រទេស​កម្ពុជា​ ។​

​សេចក្ដីសម្រេច​របស់​គណៈរដ្ឋមន្ដ្រី​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​លោក​ សម​ រ​ង្ស៊ី​ បាន​ប្រកាស​ ពី​ក្រៅប្រទេស​មក​ថា​ លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ នៅ​ពេល​ឆាប់ៗ​នេះ​ គឺ​ដើម្បី​ដើរ​ចូល​គុក​ជំនួស​សកម្មជន​របស់​លោក​ ។​

​លោក​ សម​ រ​ង្ស៊ី​បាន​ប្រកាស​ថា​ បើ​លោក​ចូល​ស្រុក​ទោះ​មានការ​ចាប់​ដាក់គុក​ ឬ​សម្លាប់​លោក​ ក៏​លោក​ត្រូវ​វិល​មក​វិញ​ដែរ​ អោយ​តែ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ សកម្មជន​សិទ្ធិ​មនុស្ស​ សកម្មជន​ដីធ្លី​ទាំងអស់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធ​ធនាគារ​ ត្រូវ​បាន​ដោះ​លែង​មកវិញ​។​

​ទាក់ទិន​នឹង​សេចក្ដី​ប្រកាស​របស់​គណៈរដ្ឋមន្ដ្រី​ លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ មិន​បាន​ឆ្លើយ​តប​ពី​ការ​សាកសួរ​ថា​ ហេតុ​អ្វី​មិន​ចាប់​លោក​ សម​ រ​ង្ស៊ី​ ដាក់គុក​ បែរជា​បញ្ជូន​ទៅ​ក្រៅប្រទេស​វិញ​ ។​

​អ្នកនាំពាក្យ​រូប​នេះ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ជា​ការ​ពិត​គុក​ សម្រាប់​ដាក់​អ្នកទោស​ តែ​ករណី​ដែល​គណៈរដ្ឋមន្ដ្រី​ចេញ​សេចក្ដីសម្រេច​ដូចនេះ​ គឺជា​ នីតិវិធី​ថ្មី​មួយទៀត​ ដែល​លោក​សុំ​មិន​និយាយ​ដល់​រឿង​នេះ​ទេ​ ។​

ស្តាប់សំឡេង៖

​យ៉ាងណា​ក៏​ដោយ​ វិទ្យុ​ស្ដ្រី​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​គណៈរដ្ឋមន្ដ្រី​បាន​ឡើយ​ជុំវិញ​ ការ​ចេញ​សេចក្ដីសម្រេច​ មិន​នាំ​ខ្លួន​លោក​ សម​ រ​ង្ស៊ី​ ចូល​គុក​ បែរជា​នាំ​ខ្លួន​លោក​សម​ រ​ង្ស៊ី​ ចេញពី​ប្រទេស​កម្ពុជា​ទៅ​វិញ​ នៅ​ពេល​ដែល​លោក​សម​ រ​ង្ស៊ី​ ដើរ​ចូលស្រុក​។​

​ជុំវិញ​រឿង​នេះ​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​ មន្ដ្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ហៅ​សេចក្ដីសម្រេច​របស់​គណៈរដ្ឋមន្ដ្រី​ដែល​បិទ​ច្រក​មិន​អោយ​លោក​ សម​ រ​ង្ស៊ី​ ចូល​ប្រទេស​នោះ​ ថា​ជា​ល្បែង​នយោបាយ​ថ្មី​មួយទៀត​។​ លោក​ថា​ ជា​ការ​ពិត​លោក​ សម​ រ​ង្ស៊ី​ត្រូវ​ចូល​ស្រុក​បាន​ គ្រប់កាលៈ ទេសៈ​ទាំងអស់​។​

ស្តាប់សំឡេង៖

 

 

 

​សូម​ជម្រាប​ថា​ លោក​ សម​ រ​ង្ស៊ី​ បាន​ចាក​ចេញពី​ប្រទេស​តាំងពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​លោក​ រង​ការ​ចាប់ខ្លួន​ជា​ថ្មី​ទៀត​  ករណី​ លោក​ ហោ​ ណាំ​ហុង​ អតីត​ រដ្ឋមន្ដ្រី​ការ​បរទេស​ ប្ដឹង​លោក​ ពី​បទ​បរិហារកេរ្តិ៍​ ដែល​មេ​បក្ស​ប្រឆាំង​ចោទ​ថា​លោក​ជា​មេ​គុក​បឹង​ត្របែក​នៃ​របប​ខ្មែ​ង​ក្រហម​។​ ក្រៅពី​នេះ​ លោក​សមរ​ង្ស៊ី​ កំពុង​ទទួល​រង​ចោទប្រកាន់​ជា​ច្រើន​សំនុំរឿង​ទៀត​មាន​ទាំង​សម្ដេច​ ហ៊ុន​ សែន​ និង​សម្ដេច​ហេង​សំ​រិ​ន​ប្ដឹង​លោក​ទៀត​ផង​ ៕


 

 

 

Share

Image
Image
Image