ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មកឆ្លើយបំភ្លឺមួយករណីទៀត ខណៈដែលប្រធានគណបក្សសង្គ្រោះជាតិរូបនេះ និរទេសខ្លួននៅក្រៅប្រទេស។
ការកោះហៅនេះ ធ្វើឡើង បន្ទាប់ពីមេបក្សប្រឆាំងនេះ បានសន្យាចូលប្រទេសវិញ ភ្លាម ហើយ ឱ្យចាប់ខ្លួន ទៀតផងដែលលោកថា បើ អ្នកស្នេហាជាតិខ្មែរត្រូវបានដោះលែង។
លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យ លោក សម រង្ស៊ី មកចូលបំភ្លឺករណីញុះញង់ បង្កចលាចល ប៉ះពាល់ ដល់សន្តិសុខសង្គម នៅថ្ងៃទី ២១ ខែ តុលានេះ។
ជុំវិញដីកាកោះនេះ មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី គឺ សំ សុគង បានបញ្ជាក់ថា ករណី លោក សម រង្ស៊ី នេះគឺជាបទល្មើសព្រហ្មទណ្ឌ។ តែ លោកមិនចូលទៅជំនួសកូនក្តីរបស់លោកឡើយ។ យ៉ាងណា ក៏ដោយ លោកមេធាវីថា លោកនឹងខិតខំប្រឹងប្រែង ការពារកូនក្តីរបស់លោកឲ្យរួចផុតពីការចោទប្រកាន់។
កាលពីថ្ងៃទី ១៧ ខែតុលា លោក សម រង្ស៊ី ក៏ត្រូវបានតុលាការហៅឲ្យចូលបំភ្លឺពីបទបរិហាកេរ្តិ៍ ក្នុងករណីមេបក្សប្រឆាំងរូបនេះ បានបង្ហោះនៅទំព័រហ្វេសប៊ុករបស់លោក ដែលបានចោទប្រកាន់សម្តេច ហ៊ុន សែន ថាបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើម្បីទិញ Like។
សូមរម្លឹកថា លោក សម រង្ស៊ី មិនត្រឹមតែទទួលរងដីកាកោះក្នុងសំនុំរឿងមួយនេះទេ គឺមានជាច្រើនទៀត មានទាំងសំនុំរឿងសម្ដេច ហេង សំរិន ប្ដឹងលោកពីបទបរិហារកេរ្តិ៍ និង ករណីសាលាឧទ្ទរណ៍ចេញដីកាចាប់ខ្លួនលោក ពាក់ព័ន្ធបណ្ដឹងរបស់លោក ហោ ណាំហុង ប្ដឹងលោកពីបទបរិហារកេរ្តិ៍ ដែលលោក សម រង្ស៊ី ថាអតីតរដ្ឋមន្ត្រីរូបនេះ ធ្លាប់ជាមេគុកបឹងត្របែក ។ លោក សម រង្ស៉ី បានចាកចេញពីប្រទេសតាំងពីខែវិច្ឆិកា ២០១៥ មកម្ល៉េះ៕