en     km
en     km

ស្ថាប័ន​សិ​ទិ្ធ​មនុស្ស​កម្ពុជា​ថា​ រាជរដ្ឋាភិបាល​អនុវត្ត​ការ​គោរព​សិទ្ធិ​មនុស្ស​ បាន​ល្អ​ តែ​មន្ត្រី​ NGO​ មាន​មតិផ្ទុយ​ (មានសំឡេង)

Share

ភ្នំពេញ៖ ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​សេចក្តីថ្លែងការណ៍​អបអរសាទរ​ ខួប​ ២៥​ ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​ ដែល​បាន​ជួយ​ បញ្ចប់​ជម្លោះផ្ទៃក្នុង​ហើយ​នាំ​មក​នូវ​ការ​បង្រួបបង្រួម​ជាតិ​ លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ មានការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​ និង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលកម្ពុជា លោក កែវ រ៉េមី
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលកម្ពុជា លោក កែវ រ៉េមី

​ប៉ុន្តែ​សេចក្ដីថ្លែងការណ៍​ដែល​រៀបរាប់​វែង​អន្លាយ​នេះ​  ភាគច្រើន​និយាយ​ពី​សមិទ្ធផល​ របស់​រដ្ឋាភិបាល​ ដែល​មាន​រយៈពេល​២៥​ឆ្នាំ​ ។​ មន្ត្រី​សង្គម​ស៊ី​វិល​ ធ្វើ​ការងារ​កិច្ចការ​សិ​ទិ្ធ​មនុស្ស​  បាន​ហៅ​សេចក្ដីថ្លែងការណ៍​នេះ​ថា​មិន​បាន​ឆ្លុះ​បញ្ចាំង​ ការ​ពិត​មាន​សព្វថ្ងៃ​ទេ​ ។​ លោក​ ធូ​ វី​រៈ​ រាយការណ៍​បន្ត​៖

 

​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នេះ​ បាន​លើក​ឡើង​អំពី​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​បរម​រតន​កោដ្ឋ​ និង​ស្នាដៃ​របស់​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ បាន​រក​ឃើញ​ការ​ឯកភាព​ជាតិ​មួយ​មុន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ ២៣​ តុលា​ ឆ្នាំ​ ១៩៩១​។​

​សេចក្តីថ្លែងការណ៍​នេះ​ក៏​បាន​កោតសរសើរ​ សម្តេច​ ហ៊ុន​ សែន​ ថា​បាន​ជួយ​បាន​បញ្ចប់​សង្គ្រាមស៊ីវិល​ក្នុង​របប​ខ្មែរក្រហម​ ក្នុង​ទស្ស​វត្ត​ន៍​ ៧០​ដោយ​បាន​សម្លាប់​មនុស្ស​ជាង​ ៣​លាន​នាក់​ ដែល​រាជរដ្ឋាភិបាល​អះអាង​កំពុង​ស្វែងរក​យុត្តិធម៌​ ឲ្យ​ជន​រង​គ្រោះ​ និង​សាច់ញាតិ​ តាម​រយៈ​អង្គ​ជំរុំ​ជំនះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)​ឬ​សាលាក្តី​ខ្មែរក្រហម​។​

​ក្រៅពី​លើក​ឡើង​ករណី​ធ្វើ​ឱ្យ​ពួក​ទ័ពព្រៃ​ ខ្មែរក្រហម​ វិល​ចូល​សង្គម​ជាតិ​វិញ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​មជ្ឈដ្ឋាន​ខ្លះ​រិះគន់​ថា​ មិន​ហ៊ាន​ និយាយ​ការ​ពិត​ពី​អំពើ​អយុត្តិធម៌​សង្គម​  បាន​និយាយ​យ៉ាងច្រើន​ ពី​ សមិទ្ធផល​ របស់​រាជរដ្ឋាភិបាល​  យ៉ាងច្រើន​ ។

paris
ទាក់ទិន​រឿង​នេះ​ មន្ត្រី​សង្គម​ស៊ី​វិល​ ធ្វើ​ការងារ​កិច្ចការ​សិ​ទិ្ធ​មនុស្ស​  បាន​ហៅ​សេចក្ដីថ្លែងការណ៍​នេះ​ថា​មិន​បាន​ឆ្លុះ​បញ្ចាំង​ ពី​ការ​ពិត​ដែល​មាន​សព្វថ្ងៃ​ទេ​ បើ​ទោះជា​ពួក​គេ​បាន​ទទួលស្គាល់​ថា​ រាជរដ្ឋាភិបាល​បាន​បញ្ចប់សង្គ្រាម​ ស៊ី​វិល​ក៏​ដោយ​ ។​

​លោក​ អំ​ សំអាត​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​កាដូ​ ទទួលស្គាល់​ថា​ រាជរដ្ឋាភិបាល​បាន​បញ្ជ​ប់​សង្គ្រាមស៊ីវិល​ តែ​លោក​យល់​ថា​ រដ្ឋាភិបាល​មិន​បាន​បញ្ចប់សង្គ្រាម​ផ្លូវចិត្ត​ និង​ផ្លូវ​កាយ​របស់​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​នៅឡើយ​ទេ​។​ លោក​ សំអាត​ បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​ពង្រឹង​បន្ថែម​ទៀត​នូវ​គោលការណ៍​ គោរព​សិទ្ធិ​មនុស្ស​ទៅ​តាម​កតិកាសញ្ញា​ និង​អនុសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ដែល​ជា​សមាជិក​ចុះ​ហត្ថលេខី​ផង​ដែរ​។​

​លោក​ អំ​ សំអាត​៖«​យោង​តាម​សេចក្តីថ្លែងការណ៍​នេះ​ យើង​ទទួលស្គាល់​អំពី​សន្តិភាព​នៃ​សង្គ្រាមស៊ីវិល​ តែ​ធ្វើ​យ៉ាងណា​ រដ្ឋាភិបាល​ត្រូវ​តែ​ពង្រឹង​អំពី​ការ​អនុវត្តន៍​ គោរព​តាម​គោលការណ៍​ លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ និង​គោល​ការ​ នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ ដែល​រដ្ឋាភិបាល​បាន​ផ្តល់​សច្ចាប័ន​ និង​ផ្តល់​ហត្ថលេខី​ទៅ​លើ​បទដ្ឋាន​អន្តរជាតិ​នានា​ ស្តី​អំពី​សិទ្ធិ​មនុស្ស​ ហើយ​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​»​។​

​ជាមួយ​គ្នា​នេះ​ លោក​ ឡា​ត់​ គី​ ប្រធាន​ផ្នែក​ដីធ្លី​នៃ​អង្គការ​អា​ដ​ហុ​ក​ យល់​ឃើញ​ថា​ រាជរ​ដ្ឋា​បាល​មិន​ទាន់​មានការ​គោរព​សិទ្ធិ​មនុស្ស​បាន​ពេញលេញ​ទៅ​តាម​កតិកាសញ្ញា​ និង​អនុសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​។​ លោក​ថា​ រដ្ឋាភិបាល​គួរ​ចេះ​ទទួល​មតិ​យោ​បាល​ របស់​អង្គការ​សង្គម​ស៊ី​វិល​ អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ ដើម្បី​រួម​គ្នា​កែ​លម្អរ​ ស្ថានភាព​សិទ្ធិ​មនុស្ស​។​

​លោក​ ឡា​ត់​ គី​៖«​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​ ជាស​រសរ​ស្ត​ប់​នៃ​សន្តិភាព​ នៅ​ក្នុង​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​អំឡុង​ពេល​នោះ​ ប៉ុន្តែ​គ្រាន់​ថា​ តថភាព​ជាក់ស្តែង​នៅ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ ដូច​ជា​ប្រិ​យ​មិត្ត​បានដឹង​ហើយ​អំពី​ការ​លើក​ឡើង​អំពី​ចំណុច​អវិជ្ជមាន​ជា​ច្រើន​ ដែល​ការ​កែ​ លម្អ​ ពី​រដ្ឋាភិបាល​ ក្នុង​ការ​ស្វែងរក​ និង​ការ​លើក​ស្ទួយ​បញ្ហា​សិទ្ធិ​មនុស្ស​ជា​កម្រិត​មួយ​ត្រូវការ​កែ​លម្អ​ថែម​ទៀត​»​។​

​នៅ​ក្នុង​សន្តិ​សិ​ទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​ ១៩​ ខែតុលា​កន្លង​មក​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ប្រទេស​កម្ពុជា​មិន​ទាន់​បាន​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិប្រជាធិបតេយ្យ​ ទៅ​តាម​ការ​កំណត់​នៃ​រដ្ឋធម្មនុញ្ញ​ច្បាប់​អន្ដរជាតិ​ និង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​នោះ​ទេ​។​

​ទោះបី​យ៉ាងនេះ​ក្តី​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​អះអាង​ ថា​ កម្ពុជា​មាន​សន្តិភាព​មក​ដល់​ពេល​នេះ​គឺ​គេ​មិន​ត្រូវ​ភ្លេច​សា្ន​ដៃ​ របស់​ លោក​ និង​សម្ដេច​ព្រះបាទ​ នរោត្ដម​ សីហ​នុ​ ទេ​។​ ប៉ុន្តែ​សម្ដេច​ ហ៊ុន​ សែន​ អះអាង​ថា​ អ្វី​ដែល​ធ្វើ​ឱ្យ​ មហា​គ្រួសារ​ខ្មែរ​ជួប​គ្នា​មក​ដល់​ពេល​នេះ​ គឺជា​ការ​កើត​ចេញពី​ កម្ពុជា​ខ្លួនឯង​។​

​សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​ថ្លែង​ពី​កម្លាំង​របស់​ខ្មែរក្រហម​ ធ្វើ​សមាហរណកម្ម​ ជាមួយ​សង្គម​ជាតិ​ដែល​នាំ​ឱ្យ​មាន​សន្តិភាព​ ដែល​សម្ដេច​ថា​ក៏​ជា​ស្នាដៃ​របស់​សម្ដេច​ដែរ​។​

​ស្រប​ពេល​នេះ​ដែរ​ អង្គការ​សង្គម​ស៊ី​វិល​ នៅ​ទូ​ទាំង​អាស៊ី​ ចំនួន​ ៤០​ ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​លើ​ កិច្ច​ការពារ​សិ​ទិ្ធ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា​ អស់​រយៈពេល​ ២៥​ឆ្នាំ​មក​ហើយ​ ដែល​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ត្រូវ​បាន​បង្កើត​ឡើង​ សម្រាប់​ប្រទេស​កម្ពុជា​ តែ​មក​ដល់​ពេល​នេះ​ កម្ពុជា​ មិន​បាន​អនុវត្ត​ស្មារតី​ នៃ​កិច្ចព្រមព្រៀង​នេះ​បាន​ល្អ​ប្រសើរ​ឡើយ​។​

​សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​អន្តរជាតិ​ នៃ​បណ្ដា​ប្រទេស​នៅ​អាស៊ី​ បាន​បន្ត​ថា​ គេ​បាន​មើលឃើញ​ពី​ការ​ធ្លាក់​ចុះ​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ ប្រជាធិបតេយ្យ​ នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​ កំណត់​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ២៣​ តុលា​១៩៩១​។​

​អង្គការ​អន្តរជាតិ​នៅ​អាស៊ី​ ទាំង​៤០​នេះ​ ក៏​បាន​បាន​ទទូច​ឱ្យ​កម្ពុជា​ បញ្ចប់វិបត្តិ​នយោបាយ​  ដោះ​លែង​ក្រុមប្រឆាំង​ សង្គម​ស៊ី​វិល​ ហើយ​បាន​ទាមទារ​ ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ និង​ បោះ​ឆ្នោត​សភា​ ប្រកបដោយ​ បរិយាកាស​ដែល​ គ្មាន​ការ​ភិតភ័យ​ និង​ មាន​ភាព​ត្រឹមត្រូវ​៕​


Share

ព័ត៌មានទាក់ទង

Image