ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ ចុះនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា សំណើ របស់តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ស្នើសុំប្រារព្ធពិធីអបអរសាទរខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ត្រូវបានសាលារាជធានីភ្នំពេញបដិសេធ មិនអោយធ្វើនៅទីលានប្រជាធិបតេយ្យ។
សេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀតថា ខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស សាលារាជធានីភ្នំពេញអនុញ្ញាតឱ្យក្រុមតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ អាចបានត្រឹមធ្វើខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស នៅទីស្នាក់ការគណបក្ស ឬទីតាំងឯកជនសមរម្យណាមួយ។
សាលារាជធានីភ្នំពេញ យល់ឃើញថា ខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានសភាធម្មនុញ្ញរៀបចំជាធាតុផ្សំចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបានប្រកាសឲ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៩៣រហូតដល់បច្ចុប្បន្ននេះ។
សាលារាជធានីភ្នំពេញ ពន្យល់ថាការប្រមូលផ្ដុំជួបជុំ ដើម្បីសម្ដែងមតិ របស់ប្រជាពលរដ្ឋសម្រាប់ខួបលើកទី២៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ គឺជាប្រធានបទមិនសមស្របទៀតទេ។ ដូចនេះការស្នើសុំរបស់តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ គួរប្រារព្ធធ្វើ នៅទីស្នាក់ការគណបក្ស របស់ខ្លួនឬទីតាំងឯកជនសមស្របណាមួយវិញ។
តែយ៉ាងណាក៏ដោយ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងនៅទីស្នាក់ការគណបក្សរបស់ខ្លួន នៅព្រឹកថ្ងៃសុកទី២១ តុលានេះថា គណបក្សនឹងរៀបចំពិធីរម្លឹកខួប២៣តុលា តាមការគ្រោងទុក ហើយចំនួនអ្នកចូលរួមអាចមានរហូតទៅដល់រាប់ពាន់នាក់ផងដែរ។
ចំណែកឯលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បាននិយាយថា ទោះបីអស់រយៈពេល២៥ឆ្នាំកន្លងទៅនេះ គឺមិនទាន់បានអនុវត្តពេញលេញ នូវស្មារតីខាងលើនេះក៏ដោយ ក៏លោកនៅតែមានជំនឿថា ខ្មែរនៅតែអាច រួមគ្នាបន្ដដោះស្រាយបញ្ហា ដែលនៅសេសសល់ និងរួមគ្នា ពង្រឹង និងពង្រីកនូវចំណុចសំខាន់ៗខាងលើនេះឲ្យសម្រេចបានជាមិនខាន៕