ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា សម្ដេចនាយករដ្ឋមន្ត្រី នឹងទៅគោរពវិញ្ញាណក្ខន្ធ សពព្រះមហាក្សត្រ ភូមិបុលអាឌុលយ៉ាដេត នៅថ្ងៃទី២២ តុលា។
តាមសេចប្រកាស ព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា ប្រតិភូអមដំណើរនាយករដ្ឋមន្ត្រី មាន លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន, ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន, ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន, ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាង ទៅចុះហត្ថលេខា លើសៀវភៅមរណៈទុក្ខនៅស្ថានទូតថៃ នៅភ្នំពេញរូចរាល់ហើយ។
កម្ពុជា និងថៃ មានប្រវត្តិសាស្ត្រ សាសនា និង ប្រពៃណី ប្រហាក់ប្រហែលគ្នា។
ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គត ក្នុងព្រះជន្មាយុ ៨៨វស្សា ដោយជំងឺចាស់ជារា ។ ប្រទេសថៃបានប្រកាសកាន់ទុក្ខថ្វាយព្រះអង្គមួយឆ្នាំ ដោយតម្រូវ ឱ្យពលរដ្ឋស្លៀកពាក់ ខ្មៅ នៅគ្រប់ទីសាធារណៈ។ រាជទាយាទ ត្រូវស្នងរាជ្យ គឺព្រះអង្គម្ចាស់ វិជ្ជរាលុងកន ដែលមានព្រះជន្ម ៦៤ ព្រះវង្សា។ ព្រះអង្គបានប្រកាសថានឹងឡើងសោយរាជ្យ ជំនួសបិតា នៅរយៈពេលមួយឆ្នាំទៀត៕